ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​​​យល់​ជុំ​វិញ​​​រោគ​ទល់លាមក​

14 ឆ្នាំ មុន

តើ​អ្វី​ទៅ​ដែល​ជា​ការ​ភាន់​ច្រឡំ​ដ៏​សាមញ្ញ​មួយចំនួ​ន​ជុំ​វិញ​រោគ​ទល់​លាមក​?​
ជំ​នឿ​យល់​ខុស​ជា​ច្រើន​បាន​កើត​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​​ទម្លាប់​របស់​ពោះ​វៀន​។ ជំ​នឿ​មួយ​ក្នុង​ចំណោម​ជំ​នឿ​ទាំង​នេះ​គឺ​ថា ពោះវៀន​ធ្វើ​ចល​នា​រៀង​រាល់​ថ្ងៃ​គឺ​ជា​រឿង​ចាំ​បាច់​ ។​ ជំនឿ​ខុស​មួយ​ផ្សេង​ទៀត​គឺ​ថា លា​មក​ដែល​ស្តុក​នៅ​ក្នុង​រាង​កាយ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​និងបង្រួញ   ​អា​យុ​កាល​មធ្យមរបស់​មនុស្ស​។ ការ​ភាន់​ច្រឡំ​ទាំង​ឡាយ​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​បញ្ចុះ​លើស​កំណត់​និង​ដោយ​បំ​ពាន។​ រៀង​រាល់​ឆ្នាំ​ ប្រជាជន​អា​មេរិក​បាន​ចាយ​លុយ​អស់​ប្រមាណ​ជា ២៧៥​លាន​ដុល្លារ​លើ​ថ្នាំ​បញ្ចុះ​។ ភាគ​ច្រើន​នៃ​ពួក​គេ​ទាំង​នោះ​ស្ថិត​ក្នុងដំ​ណាក់​កាល​មួយ​ដែល​មិន​ចាំ​បាច់​ និង​មួយ​ចំនួន​ទៀតស្ថិត​នៅ​ក្នុង​ដំ​ណាក់​កាល​គ្រោះ​ថ្នាក់​ ។​

តើ​អ្វី​ខ្លះ​ដែល​បង្ក​ឱ្យ​មាន​ការ​ទល់​លាមក​?
ការ​ទល់​លាមក​គឺ​ជា​រោគ​សញ្ញា​មួយ មិន​មែន​ជា​ជំ​ងឺ​នោះ​ទេ​។ វា​ដូច​ជា​ជំ​ងឺ​គ្រុន​ផង​ដែរកា​រទល់​លា​មក​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​លក្ខខណ្ឌ​ផ្សេង​ៗ​គ្នា​ជា​ច្រើន​។ មនុស្ស​ជា​ច្រើន​ធ្លាប់​ទល់​លា​មក​មួយ​រយៈ​ពេល​ខ្លី​ហើយ​ដែល​ការ​ទល់​នោះ​បាន​ត្រឡប់​មក​សភាព​ដើម​វិញ​ដោយ​ខ្លួន​វា​តាម​រយៈ​របប​អា​ហារ​និង​ពេល​វេលា​។ ខាង​ក្រោម​នេះ​គឺ​ជា​មូល​ហេតុ​មួយ​ចំនួន​ដែល​បង្ក​ឱ្យ​ទៅ​ជា​ការ​ទល់​លា​មក​៖
-របប​អា​ហារ​មិន​ល្អ​៖ ផល​បង្ក​ដ៏​សំ​ខាន់​មួយ​នៃ​ការ​ទល់​លា​មក​អាច​មក​ពី​កា​រទទួល​ទាន​អា​ហារ​ដែល​មាន​ខ្លាញ់់​សត្វ​​ច្រើន​(​សាច់​ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​ស៊ុត​)​ អា​ហារ​ដែល​សំ​បូរ​ដោយ​ស្ករ​(​បង្អែម​លាង​​មាត់​ផ្អែម​ខ្លាំង ស្ករ​គ្រាប់​ផ្សេង​ទៀត​)​និង​អា​ហារ​ដែល​មាន​សារ​ធាតុ​សរ​សៃ​តិច​។ ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថ​ា អា​ហារ​ដែល​សំ​បូរ​ដោ​យ​សារ​ធាតុ​សរ​សៃ​នឹង​ធ្វើ​ឱ្យ​លា​មក​មាន​ទំ​ហំ​ធំ​ជាង​លើក​មុន​ បង្កឱ្យ​ពោះ​វៀន​មាន​ចល​នា​ច្រើន​ជាង​មុន​។ ហេតុ​នេះ​ការ​ទល់​លាមក​ក៏​មាន​តិច​តួច​ដែរ ។​
-ការ​ទល់​លា​មក​ក្នុង​អា​រម្មណ៍​៖ នេះ​ជា​រឿង​ធម្មតា​និង​ជា​លទ្ធផល​ដ៏​សាមញ្ញ​បំ​ផុត​នៃ​ការ​ភាន់​ច្រឡំ​ចំពោះអ្វី​ដែល​ជា​រឿង​ធម្ម​តា​និង​មិន​ធម្ម​តា​។​ ប្រ​សិន​ជា​អាច​ដឹង​បាន​ទាន់ពេល ​ការ​ទល់លា​មក​ប្រ​ភេទ​នេះ​អាច​ត្រូវ​បាន​ព្យា​បាល​ឱ្យ​ជា​តាម​រយៈ​ការ​ផ្តល់​ព័ត​៌​មាន​ដល់​អ្នក​ជំ​ងឺ​ថា ពោះ​វៀន​របស់​គេ​មាន​ចល​នា​ដូច​ធម្ម​តា​ទេ​ ។​
-រោគ​សញ្ញាឈឺ​ចាប់​ក្នុង​ពោះ​ជា​ប្រ​ចាំ​ កា​រ​ហើម​ពោះ​និង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​ពោះ​វៀន (​Irritable bowel syndrome -IBS, ឬ​spastic colon)៖ IBSគឺ​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​បង្ក​ទាំ​ង​ឡាយ​នៃ​ការ​ទល់​លា​មក​នៅ​ក្នុង​សហ​រដ្ឋ​អា​មេរិក​។ មនុស្ស​មួយ​ចំនួន​កើត​មាន​នូវ​ការ​រមួល​ពោះ​វៀន​ធំ​ដែល​បញ្ហា​នោះ​វា​បន្ថយ​នូវ​ល្បឿន​ចរាចរណ៍​កាក​សំ​ណល់​អា​ហារ​របស់​ពោះ​វៀន​តូច​ជា​ហេតុ​នាំឱ្យ​ទល់​លា​មក​។
-ទម្លាប់​មិន​ល្អ​របស់​ពោះ​វៀន​៖ បុគ្គល​ម្នាក់​អាច​នឹង​កើត​មាន​ការ​ទល់​លា​មក​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ការ​ព្រងើយ​កន្តើយ​នឹង​ចលនា​របស់​ពោះ​វៀន​។ គេ​ធ្វើ​បែបនេះ​ដើម្បី​ជៀស​វាង​មិន​ប្រើ​បង្គ​ន់​សាធារណៈ ខណៈ​មួយ​ចំនួន​ដទៃ​ទៀត​ជាប់​ដៃ​រវល់​នឹង​ការ​ងារ​។ បន្ទាប់​ពី​ទ្រាំមិន​ទៅ​បន្ទោ​បង់​មួយ​រយៈពេល បុគ្គល​នោះ​អាច​នឹង​មាន​អា​រម្មណ៍​លែង​ឈឺ​ពោះ​ចង់​បង់​ជើង​ធំ​។ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឱ្យ​ទល់​លា​មក​ ។​
-ការ​បំ​ពាន​ដោយ​ប្រើ​ថ្នាំ​បញ្ចុះ​៖ អ្ន​ក​ដែល​មាន​ទម្លាប់​លេប​ថ្នាំ​បញ្ចុះ​នឹង​ក្លាយ​ជា​ចំណុះ​លើ​វា​ហើយ​អាច​ត្រូវ​ការ​បង្កើន​ការ​ប្រើ​ប្រាស់​ថ្នាំ​បន្ថែម​។ ទី​បំ​ផុត​ពោះ​វៀន​ក្លាយ​ទៅ​ជា​ស្ពឹក​និង​មិន​អាច​ធ្វើ​ការ​ទៀង​ទាត់​។
-​ការ​ធ្វើ​ដំណើរ​៖ មនុស្ស​ម្នា​ទាំង​ឡាយ​ជា​រឿយៗ​សុទ្ធ​តែ​ធ្លាប់​ទល់​លា​មក​នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ដ្បិត​ក្នុង​ពេល​ធ្វើ​ដំណើរ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​បែប​បទ​នៃ​​ការស់​នៅ​របប    ​អា​ហារ​ហូប​ចុក​ និង​ការ​ផឹក​ទឹក ។​
-ផល​រំ​ខាន​ដោយ​អ័រ​ម៉ូន​(Hormonal disturbances)៖ Hormonal disturbancesដ៏​ពិត​ប្រា​កដ​មាន​ដូច​ជា​ ក្រ​ពេញ​ទី​រ៉ូ​អ៊ីដ​អសមត្ថ​ភាព​អាច​បង្កឱ្យ​ទៅ​ជា​ទល់​លា​មក ។​
-ភាព​មាន​គភ៌​៖ វា​ជា​មូល​ហេតុ​ដ៏​សំ​ខាន់​មួយ​ផ្សេង​ទៀត​នែ​ការ​ទល់លា​មក​។ សម្ពាធ​គភ៌​ដ៏​ធ្ងន់​បាន​សង្កត់​លើ​ពោះ​វៀន​ហើយ​ដោយ​អន្លើ​វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ័រ​ម៉ូន​អំ​ឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ។​
-រន្ធ​ប្រហោង​និង​ឫសដូង​បាត(Fissures& Hemorrhoids)គឺ​ជា​លក្ខខណ្ឌ​ឈឺ​ចាប់​របស់​ទ្វារ​លា​មក​ដែល​អាច​បង្កើត​ជា​ដំណើរ​កន្ត្រាក់​សាច់​ដុំ​ក្រសាល់​គូថ​។ ប្រកា​រ​នេះ​អាច​នាំ​ឱ្យ​មាន​ការ​យឺវ​យ៉ាវ​ដល់​ចលន​ា​ពោះ​វៀន ។​
-ជំ​ងឺ​ពិត​ប្រាកដ​មួយ​ចំនួន​៖ ជំ​ងឺ​ជា​ច្រើន​ដែល​ប៉ះ​ពាល់​ទៅ​លើ​ជា​លិកា​រាង​កាយ​មាន​ដូចជា Scleroderma(បង្ក​នៅ​លើ​ស្បែក​)​ឬ​ជំ​ងឺ lupus  និង​ជំ​​ងឺសរ​សៃ​ប្រសាទ​ឬ​សាច់​ដុំ​មាន​ដូចជា ដំណើរ​ឡើង​រឹង​តាម​បណ្តា​សាច់​​  ជំ​ងឺ​ញ័រ​ញាក់​ និង​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួ​រ​ក្បាល​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជាប់​ទាក់​ទង​នឹង​ការ​ទល់​លា​មក​។
-ការ​បាត់​បង់​ជាតិ​អំ​បិល​ក្នុង​រាង​កាយ​៖​ ការ​បាត់​បង់​ជាតិ​អំ​បិល​ក្នុង​រាង​កាយ​តាម​រយៈ​ការ​ក្អួត​ឬ​រាកក៏​ជា​ហេតុ​មួយ​ផ្សេង​ទៀត​នៃ​ការ​ធ្វើ​ឱ្យ​ទល់លា​មក​ផង​ដែរ​។
-ការ​ប៉ះ​ទង្គិច​ពី​ខាង​ក្រៅ​ទៅ​លើ​ពោះ​វៀន​៖ ការ​រលាក​នៅ​ជុំ​វិញ​ដុំ​ Diverticulaនិង​ដុះ​សាច់​ដុះ​ និង​ជំ​ងឺ​ម​ហា​រីក​អាច​បង្កើត​បាន​ជា​ការប៉ះ​ទង្គិច​លើ​ពោះ​វៀន​និង​ជា​លទ្ធផល​នាំ​ឱ្យ​ទល់​លា​មក​។
-ការរបួស​សរ​សៃ​ប្រសាទ​ណា​មួយ​៖ របួស​ឆ្អឹង​ខ្នង​អាច​ធ្វើ​ឱ្យ​ទល់​លា​មក​បាន​ ដ្បិត​វា​ប៉ះ​ពាល់​លើ​បណ្តា​សរ​សៃ​ប្រសាទ​ទាក់​ទង​នឹង​ពោះ​វៀន​។
-ការ​ប្រើ​ឱសថ​៖ ការ​ប្រើ​ប្រាស់​ឱសថ​ច្រើន​អាច​ធ្វើ​ឱ្យ​ទល់​លា​មក​បាន​ផង​ដែរ ។ ក្នុង​នេះ​មាន​ឱសថ​បំ​បាត់​ការ​ឈឺ​ចាប់​(​ជា​ពិសេស​ពពួក​Nacotics) ពពួក​ឱសថ​ Antacidដែល​មាន​ផ្ទុ​ក​សារ​ធាតុ​អា​លុយ​មី​ញ៉ូម​….។​
តើអ្វី​ដែល​ជា​មូល​ហេតុ​ធ្វើឱ្យ​កុ​មារ​ទល់លា​មក​?​
ការ​ទល់លាមក​គឺ​ជារឿង​ធម្ម​តា​សម្រាប់​    កុ​មារ​។​ កុ​មារ​មួយ​ចំនួន​តូច​ ការ​ទល់​លា​មក​កើត​ឡើង​នៅ​ពេល​មាន​បញ្ហា​រាង​កាយ​ខ្លះៗ។ កា​រទល់​លា​មក​ចំពោះ​កុ​មារ​ជាធម្ម​តា​កើត​មាន​ដោយ​សារ​ទម្លាប់​មិន​ល្អ​របស់​ពោះ​វៀន​។ ការ​សិក្សា​ស្រា​វ​ជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ក្មេង​ៗ​ជា​ច្រើន​ដែល​មាន​ជំ​ងឺ​ទល់​លា​មក​នៅ​ពេល​ពួក​គេ​មាន​អា​យុ​ចាស់​បន្តិច​ សុទ្ធ​តែ​ធ្លាប់​មាន​ប្រ​វត្តិ​បត់​ជើង​មក​មាន​លា​មក​រឹង​ជាង​កាល​ពី​ការ​ចាប់​កំណើត​ជី​វិត​ដំបូង​ក្នុង​សប្តាហ៍​ទី​១​។ បញ្ហា​នេះ​កើត​មាន​នៅ​មុន​ការ​ផ្លាស់​ប្តូរ​ចំណី​អា​ហារ​ ទម្លាប់​ឬ​អា​កប្បកិ​រិយា​។ ក្មេង​ជា​ច្រើន​ដែល​ទល់​លា​មក​ជា​ធម្ម​តា​មាន​ដុំ​លាមក​ធំ​រឹង​ជាង​ពី​ពេល​មុន​។

នៅ​ពេល​ដែល​កូន​ក្មេង​មាន​ចលនា​ពោះ​វៀន​ ការ​ទល់លា​មក​អាច​នឹង​ធ្វើ​ឱ្យ​គេ​មាន​ការ​ឈឺ​ចាប់​។ ការ​ឈឺ​ចាប់​គឺ​ដោយ​សារ​មាន​ការ​ប្រេះ​នៅ​លើ​ស្បែក​ហៅ​ថា Fissures។ វា​អាច​កើត​មាន​នៅ​ក្នុង​ទ្វារ​លាមក​។ ប្រ​ហោង​ស្បែក​ប្រេះ​ទាំង​នេះ​នឹង​នាំ​ឱ្យ​ឈឺ​ចាប់​ឬ​ក៏​ចេញ​ឈាម​ ជា​ហេតុធ្វើ​ឱ្យ​កូន​ក្មេង​ខ្ជឹប​លា​មក​​របស់​គេចូល​វិញ​។

ទោះ​ជាយ៉ាង​នេះ​ក្តី ​ការ​ខ្ជឹប​លាមក​ទុក​របស់​ក្មេង​ៗ​អាច​បណ្តាល​មក​ពី​បញ្ហា​ដទៃ​ទៀត​ផង​ដែរ​។ បញ្ហា​ខ្លះ​ទាក់​ទង​នឹង​បង្គន់​នៅ​ក្រៅ​ផ្ទះ​​ ការ​តាន​តឹង​ក្នុង​អា​រម្មណ៍​បណ្តាល​មក​ពី​បរិ​ស្ថាន​គ្រួ​សារ​និង​សាលា​រៀ​ន​ជា​ដើម​។ ក្នុង​ករណី​នេះ ចន្លោះ​ពេលចល​នា​​ពោះ​វៀន​អាច​មាន​ពេល​វែង​។ ក្នុង​ករណី​ខ្លះ​វា​អាច​ច្រើន​ជាង​មួយ​ឬ​២​សប្តាហ៍​។ ការ​ស្តុក​ទុក​លា​មក​យូរ​បែបនេះ​គេ​ហៅ​ថា Fecal Impactions-គឺ​ជា​ស្ថាន​ភាព​ដែល​លា​មក​ផ្តុំ​គ្នា​យ៉ាង​រឹង​នៅ​ក្នុង​ពោះ​វៀន​។ ចល​នារុញ​ធម្ម​តា​របស់ពោះ​វៀន​គឺ​មិន​​​គ្រប់​គ្រាន់​ ធ្វើ​ឱ្យ​ដុំ​លាមក​នេះ​ចេញ​មក​ក្រៅ​បាន​ទេ​។
​តើអ្វី​ដែល​បង្ក​ទៅ​ជា​ការ​ទល់​លា​មក​ចំពោះ​មនុស្ស​ចាស់​?​
មនុស្ស​ចាស់​ប្រ​ឈម​នឹង​ការ​ទល់​លា​មក៥​ដង​ធៀប​នឹង​មនុស្ស​វ័យ​ក្មេង​។ របប​អា​ហារ​មិន​ល្អ​ ការ​ទទួល​ទាន​វត្ថុ​រាវ​មិន​គ្រប់​គ្រាន់​ កង្វះ​ខាត​ការ​ហាត់​ប្រាណ​  ការ​ប្រើ​ថ្នាំ​ព្យា​បាល​ផ្សេងៗ​និង​ទម្លាប់​ពោះ​វៀន​មិន​ល្អ​ គឺ​សុទ្ធ​តែ​ជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​ទល់លា​មក​ ។
​ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ជំ​នាញ​បាន​យល់​ស្រប​ថា ជា​រឿយ​ៗ​មនុស្ស​ចាស់​តែ​ងតែ​បា​រម្ភ​ហួស​ហេតុ​លើ​ចល​នា​ពោះ​វៀន ​ហើយ​ការ​ទល់​លា​មក​គឺ​ជា​ជំ​ងឺ​ដែល​កើ​ត​ឡើង​ដោយ​ការ​គិត​ផង​ដែរ​។ ទម្លាប់​នៃ​ការ​ទទួល​ទាន​គឺ​ជា​បញ្ហា​សំ​ខាន់​មួយ​នៃ​ការ​កើត​មាន​ការ​ទល់លា​មក ​។ មិន​ចាប់​អា​រម្មណ៍​លើការទទួល​ទាន​ដែល​​​តែង​កើត​ជា​ធម្ម​តា​ចំពោះ​ មនុស្ស​មេម៉ាយ​ចាស់​/ក្រមុំ​ចាស់​អាច​នាំ​ទៅ​រក​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៃ​អា​ហារ​។ ជួន​កាល​មនុស្ស​វ័យ​ចាស់​កាត់​បន្ថយ​ការ​ទទួល​ទាន​វត្ថុ​រាវ​ ជា​ពិសេស​នៅ​ពេល​ពួក​គាត់មិន​ទទួល​ទាន​អា​ហារ​ទៀង​ទាត់​។ ទឹក​និង​វត្ថុ​រាវ​ផ្សេង​​ទៀត​ធ្វើ​ឱ្យ​ទំ​ហំ​លា​មក​ធំ​បង្កើត​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បន្ទោ​បង់​។
​ការ​សម្រាក​នៅ​លើ​គ្រែយូរ​បន្ទាប់​ពី​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ឬ​មាន​ជំ​ងឺ​រួម​នឹង​ការ​មិន​បាន​ហាត់​ប្រាណ​ សុទ្ធ​តែ​ធ្វើ​ឱ្យ​ទល់​លា​មក​។ ចំណែក​ការ​ប្រើ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឱ្យ​មនុស្ស​ខ្លះ​ទល់​លា​មក​បាន​ដែរ​ ។​ កង្វល់​ពី​ចល​នា​ពោះ​វៀន​ជួន​កាល​ក៏​នាំ​ឱ្យ​មនុស្ស​ចាស់​ងាក​ទៅ​ប្រើ​ថ្នាំ​បញ្ចុះ​ផង​ដែរ​។ ការ​ធ្វើ​បែបនេះ​នឹង​នាំ​ឱ្យ​មាន​បញ្ហា​។ ពេល​នោះ​ពោះ​វៀន​ចាប់​ផ្តើម​ផ្តេក​​ផ្តួល​ទៅ​លើ​ថ្នាំ​បញ្ចុះ​ក្នុង​ការ​ធ្វើ​ចល​នា​រុញ​លា​មក​ចេញ​។

ជា​ច្រើន​ដង​ យន្ត​ការពី​ធម្ម​ជាតិ​របស់​ពោះ​វៀន​នឹង​ឈប់​ដំ​ណើរ​ការ​បើ​គ្មាន​ជំ​នួយ​ពី​ថ្នាំ​នោះ​។ ទម្លាប់​ប្រើ​ទឹក​បញ្ចុះ​ក៏​អាច​នាំ​ទៅ​រក​ការ​បាត់​បង់​មុខ​ងារ​ធម្ម​តា​របស់​ពោះ​វៀន​បាន​ដែរ​។
-​តើ​ការ​ពិ​សោធន៍​រោគ​សញ្ញា​អ្វី​ខ្លះ​ដែល​អាចជួយ​រក​ឃើញ​មូល​ហេតុ​នៃ​ការ​ទល់លា​មក​?
ចំពោះ​មនុស្ស​ខ្លះ ការ​ទល់​លា​មក​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សភាព​មិន​ធម្ម​តា​ឬ​ឧបសគ្គ​នៃ​ប្រព័ន្ធ​រំ​លាយ​អា​ហារ​។ វេជ្ជ​បណ្ឌិត​អាច​ធ្វើ​តេស្ត​ដើម្បី​សម្រេច​ថា​ តើ​ការ​ទល់​លា​មក​នេះ​គឺ​ជា​រោគ​សញ្ញា​នៃ​ភាព​មិន​ប្រ​ក្រតី​របស់​ប្រព័ន្ធ​     រំ​លាយ​អា​ហារ​ដែរ​ឬ​យ៉ាង​ណា ។​ ក្នុង​ន័យ​នេះ ការ​ធ្វើ​តេស្ត​ទឹក​នោម​  ឈាម និង​លា​មក​ជា​   ប្រ​ចាំ​ប្រ​ហែល​​ជា​អាចជួយ​ឱ្យ​រក​ឃើញ​ពី​បញ្ហា​នៅ​ក្នុង​ពោះ​វៀន​បាន​។ វិ​ធី​បែបនេះ​ដែល​អាច​ត្រូវ​ធ្វើ​នៅ​កន្លែ​ង​​វេជ្ជ​បណ្ឌិត​ផ្ទាល់​  វេជ្ជ​បណ្ឌិត​ញាត់​ឧបករណ៍​មាន​អំពូល​ភ្លើង​អាច​បត់​បែប​បាន​ចូល​ទៅ​តាម​រន្ធ​គូថ​ដើម្បី​ពិ​និត្យ​មើល​ពោះ​វៀន​ត្រង់ ​និង​ពោះ​វៀន​ធំ​​។ ចំណែក​ការ​ពិនិត្យ​ដោយ​ការ​ថត​ឆ្លុះ​ដោយ​កាំ​រស្មី​អុិច​ ក៏​នឹង​ផ្តល់​ព័ត៌​​មាន​ ប្រ​ហាក់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ ។
​កា​រទប់​ស្កាត់​មិន​ឱ្យ​ទល់លា​មក​៖
ចលនា​ពោះ​វៀន​ជា​ញឹក​ញាប់​ក្នុង​ចំ​ណោម​អ្នក​មាន​សុខ​ភាព​ល្អ​ បាន​ផ្លាស់​ប្តូរ​ពី​៣​ដង​ក្នុង​មួយ​ថ្ងៃ​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ គេ​ត្រូវ​តែ​សម្រេច​ថា តើ​អ្វី​ដែល​ជា​ទម្លាប់​ធម្ម​តា​។ តាម​ក្បួន ការ​ទល់លា​មក​គួ​រតែ​ត្រូវ​បាន​សង្ស័យ​ប្រ​សិន​ជា​មាន​ភាព​លំ​បាក​ក្នុង​ការ​បង់​ជើង​ឬ​ឬ​បត់​ជើង​មក​មាន​ការ​ឈឺ​ចាប់​។ មនុស្ស​ភាគ​ច្រើន​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​ទល់​លា​មក​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​ប្រ​សិន​ជា​ការ​ប្រើ​ថ្នាំ​បញ្ចុះ​អស់​ច្រើន​ជាង​៣​សប្តាហ៍​ហើយ​នៅ​មិន​ធូរ​ស្រាល ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត​ភ្លាម​។

​វេជ្ជ​បណ្ឌិត​យល់​ស្រប​ថា ការ​ទប់​ស្កាត់​គឺ​ជា​មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​សម្រាប់​ការ​ទល់​លា​មក​។ នៅ​ពេល​អស់​មធ្យោ​បាយ​ក្នុង​ការ​ទប់​ទល់​​នឹង​កា​រ​ទល់​លា​មក សូម​ធ្វើ​តាម​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោយ​នេះ​ ៖
-ត្រូវ​ដឹង​ពី​អ្វី​ដែល​ជា​លក្ខណៈ​ធម្ម​តា​ហើយ​កុំ​ផ្តេក​ផ្តួល​តែ​ទៅ​លើ​ថ្នាំ​បញ្ចុះ​ពេក​។
-ទទួល​ទាន​តាម​របប​អា​ហារ​ដែល​ត្រឹម​ត្រូវ​ដោយ​មាន​បន្លែ ផ្លែ​ឈើ​ស្រស់​ៗ​និង​គ្រាប់​ធញ្ញ​ជាតិ​ផង​ដែរ​។
-ផឹ​ក​ទឹក​ឱ្យ​បាន​ច្រើន​
-ធ្វើ​លំ​ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់​
-កំណត់​ម៉ោង​ឱ្យ​បាន​ត្រឹម​ត្រូវ​បន្ទាប់​ពី​     អា​ហារ​ពេល​ព្រឹក​ ឬ​អា​ហារ​ពេល​ល្ងាចរួច​។
-កុំ​ព្រងើយ​កន្តើយ​នឹង​ការ​ឈឺ​ពោះ​បត់​ជើង​ ។​
-នៅ​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរ​សំ​ខាន់​ណា​មួយ​នៃ​ចល​នា​ពោះ​វៀន​ ឆាប់​ទៅ​ជួប​ជា​មួយ​វេជ្ជ​បណ្ឌិត​។
តើ​ការ​ទល់លា​មក​ធ្ងន់​ធ្ងរ​ដែរឬ​ទេ ?
បើ​ទោះ​បី​ជា​វា​អាច​នឹង​នាំ​ឱ្យ​រំ​ខាន​ខ្លាំង កា​រ​ទល់លា​មក​ជា​ធម្ម​តា​មិន​មែន​ជា​ជំ​ងឺ​ធ្ងន់​ធ្ងរ​ទេ​។ វា​បាន​បញ្ចេញ​ឱ្យ​ដឹង​នូវ​រោគ​សញ្ញា​។ ក្នុង​ករណី​ខ្លះ កា​រទល់​លា​មក​អាច​ធ្វើ​ឱ្យ​មា​ន​ភាព​ស្មុគ​ស្មាញ​ដែរ ដូច​ជា​ក្នុង​ករណី​ឫសដូូង​បាត​ដែល​បង្ក​ដោយ​ការ​របួស​ធ្ងន់​ធ្ងរ​ឬក៏​ស្នាមប្រហោង​ប្រេះ​ដែល​បង្ក​ឡើង​ដោយ​ដុំ​លា​មក​រឹង​នៅ​ស្ទះ​ក្នុង​ក្រ​សាល់​គូថ​។ ករណី​ទាំង​ពីរ​នេះ​ ការ​ចេញ​ឈាម​អាច​នឹង​កើត​ឡើង​បាន​។ ស្នាម​ប្រហោងប្រេះ​​អាច​នឹង​ធ្វើ​ឱ្យ​ឈឺ​ចាប់​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​រឹត​តែអាច​ធ្វើ​ឱ្យ​កា​រទល់​លា​មក​មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ៗ​។
fecal impactions(ដុំ​លាមក​រឹង​នៅ​ក្នុង​ពោះ​វៀន​ត្រង់​បន្ទាប់​ពី​កា​រ​ទល់​លា​មក​)​អាច​កើត​មាន​គ្រប់​មនុស្ស​ក្មេង​ចាស់​និង​អម​ជា​មួយ​ដោយ​ការ​បាត់​បង់​ការ​គ្រប់​គ្រង​លើ​ការ​បញ្ចេញ​លា​មក​។
នៅ​ពេល​ណា​ដែល​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​វេជ្ជ​សាស្ត្រ​ត្រូវ​បាន​ធ្វើ​?
វេជ្ជ​បណ្ឌិត​គួ​រតែ​ឱ្យ​ដំណឹង​នៅ​ពេល​ដែល​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​កើតលើស​ពី​៣​សប្តាហ៍​។ វេជ្ជ​បណ្ឌិត​គួរ​តែ​ផ្តល់​ជា​ព័ត៌​មាន​នៅ​ពេល​ណា​ដែល​មាន​ការ​ផ្លាស់​ប្តូរ​គួ​រឱ្យ​កត់​សម្គាល់​ណា​មួយ​នៃ​ទម្លាប់​ពោះ​វៀន​។
​រោគ​សញ្ញា​ទល់​លា​មក​គឺ​ជា​គន្លឹះ​សំ​ខាន់​ក្នុង​ការ​ជួយ​ឱ្យ​គ្រូ​ពេទ្យ​កំណត់​ពី​អា​ការ​រោគ​និង​ការ​ព្យា​បាល​។ រោគ​សញ្ញា​ទាំង​ឡាយ​រួម​មាន​៖ ចលនា​ពោះ​វៀន​ខុស​ពី​ប្រក្រតី​  ការ​ឈឺ​ចាប់​ឬ​ការ​ពិ​បាក​ក្នុង​ការ​បញ្ចេញ​លា​មក​។
អ្វី​ខ្លះ​ដែល​ជា​ការ​ព្យា​បាល​ការ​ទល់​លា​មក​?​
ជំ​ហាន​ទី​១ក្នុង​ការ​ព្យា​បាល​​ការ​ទល់​លា​មក​គឺ​ត្រូវ​ស្វែង​យល់​ថា ហ្វ្រេកង់​ធម្ម​តា​គឺ​វា​ផ្លាស់​ប្តូរ​យ៉ាង​ទូ​លំ​ទូ​លាយ​ពី​ចល​នា​ពោះ​វៀន​៣​លើក​ក្នុង​មួយ​ថ្ងៃ​ ទៅ​៣​លើក​ក្នុង​មួយ​សប្តាហ៍​។ បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​កត់​សម្គាល់​ថា អ្វី​ដែល​ជា​លក្ខ​ខណ្ឌធម្ម​តា​ដើម្បី​ជៀស​វាង​ការក្លាយ​ខ្លួន​ទៅ​ជា​ចំណុះ​របស់​ថ្នាំ​បញ្ចុះ​។ តែ​សម្រាប់​មនុស្ស​ភាគ​ច្រើន​ ការ​កែ​លំ​អ​របប​អា​ហារ​ហូប​ចុក​ និង​បែប​បទ​នៃ​ការរស់នៅ​អាច​បន្ធូរ​បន្ថយ​ឱកាស​ទល់​លា​មក​បាន​។ របប​អា​ហារ​ដែល​មាន​គុណ​ប្រ​យោជន៍​ល្អ​នោះ​ វា​គួរតែ​មាន​បញ្ចូល​អា​ហារ​ដែល​សំ​បូរ​ដោយ​សារ​ធាតុ​សរសៃ​មាន​ដូច​ជា​ គ្រាប់​ធញ្ញ​ជាតិ បន្លែ​និង​ផ្លែ​ឈើ​ស្រស់​ៗ​ជា​ដើម​។ ការ​ផឹក​ទឹក​ច្រើន​រួម​នឹង​ការ​ហាត់​ប្រាណ​ទៀង​ទាត់​ ក៏​នឹង​ជួយ​សកម្ម​ភាព​ពោះ​វៀន​ផង​ដែរ​។ ការ​ហាត់​ប្រាណ​ជា​ពិសេស​អាច​នឹង​ចាំ​បាច់​ត្រូវ​ធ្វើ​ដើម្បី​បង្កើន​សាច់​ដុំ​ពោះ​បន្ទាប់​ពី​ការ​មាន​ផ្ទៃ​ពោះ​រួច​ឬ​នៅ​ពេល​ដែល​បណ្តា​សាច់​ដុំ​យា​រធ្លាក់​ខ្លាំង​។
ទម្លាប់​ពោះ​វៀន​ក៏​សំ​ខាន់​ណាស់​ដែរ​ ។ ​គេ​គួរតែ​កំណត់​ពេល​វេលា​ឱ្យ​បាន​សម​រម្យ​ដើម្បី​ អនុ​ញ្ញាតឱ្យ​ការ​ចូល​បន្ទប់​ទឹក​គ្មាន​ការរំ​ខាន​។ និយាយ​រួម​ គេ​មិន​គួរ​ធ្វើ​ព្រងើយ​នឹង​ការ​ឈឺ​ពោះ​បត់​ជើង​ទេ​។
ការ​ប្រើ​ថ្នាំ​បញ្ចុះ​គួរតែ​ពិភាក្សា​ជា​មួយ​វេជ្ជ​បណ្ឌិត​។ វេជ្ជ​បណ្ឌិត​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​កំណត់​ថា តើ​ថ្នាំ​បញ្ចុះ​មួយ​ណា ប្រ​ភេទ​ណា​ដែល​អ្នក​ជំ​ងឺ​គួរតែ​លេប​។ មាន​ថ្នាំ​បញ្ចុះ​ច្រើន​ប្រ​ភេទ​ ហើយ​ថ្នាំ​លេប​ទាំង​នោះ​មាន​របៀប​ប្រើ​និង​ព្យាបាល​រោគ​ផ្សេង​គ្នា​ដែរ​។ និយាយ​ជា​រួម​មក វា​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​ទទួល​ស្គាល់​ថា ការ​ព្យា​បាល​ដោយ​ជោគជ័យ​គឺ​ត្រូវ​ការ​ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ពេល​វេលា​។

ការ​ទល់​លា​មក​មិន​មែ​ន​កើត​ឡើង​ពេញ​មួយ​យប់​ទេ​ ហើយ​វា​ក៏​មិន​សម​ហេតុ​ផល​ដែល​សង្ឃឹម​ថា កា​រទល់​លា​មក​អាច​ត្រូវ​បាន​ធូរ​ស្រាល​ពេញ​មួយ​យប់​ដែរ​។ ការ​ទល់​លា​មក​គឺ​ជា​ការ​ពិ​បាក​ក្នុង​ការ​បញ្ចេញ​ដុំ​លា​មក​មក​ក្រៅ​។ ហ្វ្រេកង់​ចល​នា​ពោះ​វៀន​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ផ្លាស់​ប្តូរ​យ៉ាងខ្លាំង​ចាប់​ពី​៣​ដង​ក្នុង​មួយ​ថ្ងៃ​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ប្រ​សិន​ជា​គ្មា​ន​ចល​នា​ពោះ​វៀន​ច្រើន​ជាង​រយៈ​ពេល​៣ថ្ងៃ​  កាក​សំ​ណល់​អា​ហារ​ដែល​នៅ​ក្នុង​​ពោះ​វៀន​នឹង​ឡើង​រឹង​ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ពិ​បាក​ឬ​ក៏​ឈឺ​ចាប់​អំឡុង​ការបញ្ចេញ​​ចោល​។ ​កាក​សំណល់​អាហារ​ឬ​ដុំ​លាមក​នឹង​ឡើង​រឹង​ធ្វើ​ឱ្យ​មាន​កា​រ​ឈឺ​ចាប់​នៅ​ពេល​បន្ទោ​បង់​ ៕​