ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​កម្ពុជា​​​ខណ្ឌ​ប្ញស្សី​​កែវ​​ ចែក​អំណោយ​​​ពលរដ្ឋ​​​រងគ្រោះ​​ដោយ​ខ្យល់​ព្យុះ​​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ គណៈ​កម្មាធិការ​​​បក្ស​ប្រជាជន​កម្ពុជា​​​ខណ្ឌ​ប្ញស្សី​កែវ កាល​ពី​​​រសៀល​​ថ្ងៃទី​​​​២៥ មេសា បាន​នាំ​យក​អំណោយ​​ទៅ​ចែក​ជូន​​ដល់​ប្រជាពលរដ្ឋ​​​​​រង​គ្រោះ​​​ដោយ​​សា​រ​ខ្យល់​ព្យុះ​​​ចំនួន​​​​១២​គ្រួសារ​​​ នៅ​ក្នុង​​ភូមិ​ចំបក់​​មាស​ និង​​​ភូមិ​ក្តីចាស់ សង្កាត់​បាក់​ខែង​ ខណ្ឌ​ប្ញ​ស្សី​កែវ ។   ​​ចូល​រួម​នៅ​ក្នុង​ពិធី​​​ចែក​អំណោយ​នោះ​មាន​​ លោក​ស្រី​ អួង សុផល្លា ប្រធាន​​​​សមាគម​​​នារី​កម្ពុជា​​ដើម្បី​​សន្តិ​ភាព​​​និង​អភិវឌ្ឍ​​​​​ន៍​​ខណ្ឌ​ប្ញស្សី​កែវ និង​ជា​តំណាង​​​លោក​ឃ្លាំង​​ ហួត ប្រធាន​​​គណៈ​​កម្មាធិកា​​​រ​​បក្ស​​ប្រជា​ជន​​​កម្ពុជា​​​​ខណ្ឌ​ ​​ព្រម​ទាំង​​​​​​​​សមាជិក​​​សមាជិកា​បក្ស​យ៉ាង​​ច្រើន​​កុះ​ករ ។

អំណោយ​​ដែល​នាំយក​ទៅ​​​​​ចែក​ជូន​ក្នុង​ឱកាស​​​នោះ សម្រាប់​​​ប្រជាពលរដ្ឋ​​​៣គ្រួសារ​​ ដែលត្រូវ​​​​ខ្យល់​ព្យុះ​​រលំ​​ផ្ទះ​​​​ទាំង​ស្រុង ​​ក្នុង​​១ គ្រួសារ​​​ទទួលបាន​​អង្ករ​​​៥០គីឡូក្រាម មី​​​២កេស ទឹក​ត្រី​​​១យួរ ទឹក​ស៊ីអ៊ីវ១យួរ ត្រី​ខ​​១០កំប៉ុង កន្ទេល​​​១ មុង​១​​ ភួយ​​១ សារុង​​​១ ធុង​ទឹក​​​ជ័រ​ធំ​​១ តង់​​​​១ ថវិកា​​​​​២០​ម៉ឺន​រៀល ។ សម្រាប់​​ប្រជាពល រដ្ឋ​​​៩​គ្រួសារ​​​ដែល​ត្រូវ​ខ្យល់​ព្យុះ​​របើក​​ដំបូល​​ក្នុង​​១​គ្រួសារ​​ៗ​​​ទទួល​​បាន​អង្ករ​​​​២០គីឡូ​ក្រាម​ មី​​១កេស ទឹក​ត្រី​​​​១យួរ ទឹក​ស៊ីអ៊ីវ​​​​​១យួរ សារុង​​​១ និង​ថវិកា​​​១០​ម៉ឺន​រៀល​ ។

លោក​ ញឹក ស៊ីផុន ចៅ​សង្កាត់​​​បាក់​ខែង​ បាន​​ឱ្យដឹង​ថា កាល​ពី​​​​​ថ្ងៃទី​​​​២១ មេសា វេលា​ម៉ោង​​​៦និង​​​​៣០នាទី​​​ល្ងាច​​ ប្រជាពលរ​ដ្ឋ​​ចំនួន​​​១២​គ្រួសារ​​​រស់​នៅ​ភូមិ​​​ក្តី​ចាស់​ និង​ភូមិចំ​​បក់​​មាស​​ បាន​រង​​​គ្រោះ​ដោយ​​ខ្យល់ព្យុះ​ ​ដែល​​៣គ្រួសារ​​​​​​រលំ​ផ្ទះ​​​ទាំង​ស្រុង​ និង​​​៩គ្រួសារ​​​ត្រូវ​ខ្យល់​​បោក​​បក់​​​របើក​ដំបូល​​ ។ បន្ទាប់​​ពី​មាន​​ប្រជា​​ពល​រដ្ឋ​​​រង​គ្រោះ​​​ ក្រុម​ការងារ​​​ចុះ​ជួយ​​​សង្កាត់​បាក់​ខែងក៏​​​​ បាន​​ចុះ​​​សាក​សួរ​សុខ​ទុក្ខ​​ និង​នាំយក​​អំណោយ​​​សង្គ្រោះ​​​បន្ទាន់​ទៅ​​​ចែក​ជូន​​ដល់ប្រជាពលរដ្ឋ​​​ក្នុង​១គ្រួសារ​​​​ៗថវិកា​​១០​ម៉ឺន​រៀល ហើយ​​រាយ​ការណ៍​​ទៅគណបក្ស​ប្រជាជន​​កម្ពុជា​ខណ្ឌ​ប្ញស្សី​កែវ នាំ​អំណោយមក​​​​​ចែក​ជូន​​បន្ត​ទៀត​​​នៅ​ពេល​នេះ ។

លោក​ស្រី​អួង សុផល្លា ជំនួស​មុខ​​​ឱ្យ​ក្រុម​ការងារ​​​គណបក្សប្រជាជន​កម្ពុជា​​​ បាន​ចូល​រួម​រំលែក​​ទុក្ខ​​​ជាមួយ​​បង​ប្អូន​​រង​គ្រោះ​​ទាំង​អស់​​។ បន្ទាប់​​ពី​ទទួលបាន​​​ព័ត៌មាន​​​ពី​បង​​ប្អូន​​រងគ្រោះ​​​គណៈ​កម្មាធិការ​​​បក្ស​ប្រជាជន​កម្ពុជា​​​ខណ្ឌ​ប្ញស្សី​កែវ ដែលមាន​​លោក​ឃ្លាំង​ ហួត​ ជា​ប្រធាន​ បាន​គិត​គូ​​​​រ​​ជាខ្លាំង​​ចំពោះ​បង​ប្អូន​​​ ហើយ​នាំ​​​យក​​អំណោយ​​ម​ក​ចែក​ជូន​​​បងប្អូន​​នៅ​ពេល​នេះ​​ ។

អំណោយ​ទាំង​នេះ មិន​អាច​​បំពេញ​​តម្រូវ​​ការ​គ្រប់​គ្រាន់​​ដល់បង​ប្អូន​​នោះ​ទេ​ តែ​​ជា​​ការ​ចូល​រួម​​ចែក​រំលែក​​​ជួយ​សម្រួល​​ដល់​ការ​លំបាក​​​ដល់​បង​ប្អូន​​បាន​មួយ​គ្រា ។ ម៉្យា​ង​​ទៀត​ នេះ​បញ្ជាក់​​ពី​ការ​​យក​ចិត្ត​ទុក​ដាក់​​របស់​គណ​​បក្ស​ប្រជាជន​កម្ពុជា ចំពោះ​​​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​​​ ដែល​ទីណា​​មាន​ការ​លំបាក​គឺ​​មាន​​គណ​បក្ស​ប្រជា​ជន​កម្ពុជា ។ ក្រៅពី​​​អំណោយ​​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​នៅ​មាន​​អំណោយ​របស់​កាក​បាទ​ក្រហម​​កម្ពុជា​ទៀត​​ដែល​​នឹង​​នាំ​យក​​មក​​ចែក​ជូន​​នៅ​​ពេល​​ក្រោយ​ទៀត ។

នៅ​ក្នុង​ឱ​កាស​នោះ លោក​ស្រី អួង​ សុផល្លា ក៏​បាន​ឧបត្ថ​ម្ភ​​​​ថវិកា​ផ្ទាល់​ខ្លួន​​ជូន​ដល់ស្ត្រី​​ពិការ​​​​​វ័យ​ក្មេង​ម្នាក់​​ឈ្មោះ សុផាន់ ណារ៉ា​លីដា អាយុ​​​១៧ឆ្នាំ នូវ​ទឹក​ប្រាក់​​៥ម៉ឺន​រៀល និ​ងសារុង​​​១ និង​​ឧបត្ថម្ភ​​​​កង់​​១គ្រឿង​​​​ជូន​ដល់​​កូន​លោក​ចក់ ស្រ៊ីម ​​​ជា​គ្រួសារ​​រងគ្រោះ​​ខ្យល់​ព្យុះ​​រលំផ្ទះ ៕​