រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំធ្វើមហាសន្និបាតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីកាលពីរសៀលថ្ងៃពុធ ទី២៥ មេសា នៅវិមានពហុកីឡដ្ឋានជាតិ ។ អង្គមហាសន្និបាតនេះ បានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងតំណាងក្លឹបចំនួន១៤ ។
បេក្ខភាពអាណត្តិចាស់មាន៩រូប ប៉ុន្តែត្រូវលុបចោលបេក្ខភាពចំនួន៣រូបចេញ គឺលោកជា ប៊ុនហេង, លោក សុខ ហុង និងលោក ឃុន វណ្ណា ។ ដូច្នេះដើម្បីបំពេញបន្ថែមឱ្យគ្រប់ចំនួន៩រូបវិញ អង្គមហាសន្និបាតក៏បានធ្វើការបោះឆ្នោតរកអ្នកថ្មី៣រូប ឱ្យចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិពេញសិទ្ធិ ក្នុងនោះបើតាមការលើកឡើងរបស់លោក ឈួន ឡេង មន្ត្រីរៀបចំការបោះឆ្នោត គឺបេក្ខជនទាំងអស់ទាល់តែទទួលបានសំឡេងគាំទ្រ៥០+១ បានន័យថា លើសពី៥០ភាគរយ ទើបយកជាការបាន ។
ក្រោយពីការបោះឆ្នោតបានដំណើរការយ៉ាងរលូនរួចមក បេក្ខជនទាំងអស់សុទ្ធតែទទួលបានសំឡេងលើសពី៥០ភាគរយ និងត្រូវបានអង្គមហាសន្និបាតប្រកាសឱ្យទៅជាសមាជិកពេញសិទ្ធចាប់ពីពេលនេះតទៅសម្រាប់អាណតិ្ត២០១២-២០១៥ ។ ចំពោះសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិអាណតិ្តថ្មីនេះ មានលោកឧត្តមសេនីយ៍ឯក លី កុសល, លោក មាស សារិន,លោក ស្តើង ជា, លោក អាំង សំបូរ, លោក កែវ រស់, លោកជាម សុហា, លោក ធិន សៅ, លោក កុសល សុវណ្ណវិសាល និងលោក ហ៊ឹម វិបុលធន ។
លោកឧត្តមសេនីយ៍ឯក លី កុសល បានធ្វើការផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីទាំងអស់ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អដើម្បីភាពរីកចម្រើននៅ ក្នុងវិស័យកីឡាវាយសីរបស់យើង ។ គួររំលឹកថា សហព័ន្ធកីឡាវាយសីកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ មកម៉្លេះ និងបានការទទួលស្គាល់ពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា ៕
ចែករំលែកព័តមាននេះ