រាជធានីភ្នំពេញ ៖ ដោយសារតែកើតរោគប្រចណ្ឌ ហើយខ្វះការពិចារណា និងថែមទាំងជឿសម្ដីគេថា ឃើញប្រពន្ធកំពុងតែនែបនិត្យជាមួយប្រុសផ្សេង ធ្វើឱ្យគ្រូបង្រៀនកើតក្តីក្តៅក្រហាយផឹកស្រាស្រវឹងជោកទៅរកបប្រពន្ធដល់កន្លែងធ្វើការ ហើយបានប្រើអំពើហិង្សាវាយទាត់ធាក់ទៅលើប្រពន្ធយ៉ាងចាស់ដៃនៅមុខគេឯង ។ រីឯប្រពន្ធមិនតបតនឹងប្ដីទេ គឺបានរត់មកសំងំយំនៅឯផ្ទះ ប៉ុន្ដែប្ដីអគតិម្នាក់នេះ បានតាមមកវាយប្រពន្ធនៅឯផ្ទះថែមទៀត រហូតប្រពន្ធទ្រាំលែងបាន ក៏រត់ទៅចូលផ្ទះញាតិជិតខាង ដើម្បីសុំអន្ដរាគមន៍ឱ្យជួយ ផ្ទុយទៅវិញនៅពេលដែលបុរសម្នាក់រួមជាមួយនឹងក្រុមគ្រួសារ៣នាក់ទៀតមកឃាត់កុំឱ្យវាយដំប្រពន្ធបែបនេះ បែរជាត្រូវគ្រូបង្រៀនម្នាក់នេះប្រើកាំបិតចិតត្នោតមុតស្រួចចាក់ចំទ្រូង១កាំបិត និងចាក់ចំភ្លៅឆ្វេងដេររហូតដល់ទៅ១២ថ្នេរ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅគ្លីនិកឯកជនមួយនៅក្នុងភូមិ ។
អំពើហិង្សារោគប្រចណ្ឌបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៤ មេសា ២០១២ ស្ថិតនៅក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះជនដៃដល់វិញ ត្រូវបានប៉ូលិសតាមប្រមាញ់ចាប់បានភ្លាមៗ បើទោះបីជននេះបានព្យាយាមគេចខ្លួនក៏ដោយ។ ជនដៃដល់ជាគ្រូបង្រៀនភាសាអង់គ្លេសនៅតាមភូមិនេះ ឈ្មោះលឹម ផេង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ។ ចំណែកប្រពន្ធឈ្មោះជា សុខណាង អាយុ៣៣ឆ្នាំ កម្មការិនីរោងចក្រ ។ ចំពោះបុរសអ្នកជិតខាងជាជនរងគ្រោះវិញ ឈ្មោះយាន សៅខុន ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររោចក្រ និងមានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ