ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​វេជ្ជ​បណ្ឌិត​​ សុះ​​ មុះសិន​ ចែក​អំណោយ​​​សង្គ្រោះ​​របស់​អង្គការ​​មូស្លីម​ហិលហ្វិនជូន​​ប្រជា​ពលរដ្ឋ​​​ដែល​រងគ្រោះ​​ដោយ​ខ្យល់​​ព្យុះ​នៅ​ខេត្ត​កំពត​​

14 ឆ្នាំ មុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្តកំពត​​​​​​​​ ៖​​ កាល​ពី​ព្រឹក​ថ្ងៃទី​​​២២ មេសា លោក​វេជ្ជ​បណ្ឌិត​ សុះ​ មុះ​សិន រដ្ឋ​លេខា​ធិការ​​ក្រសួង​​ធម្ម​ការ​​និង​សាសនា​​​ ប្រធាន​​​សមាគម​និស្សិត​​មូ​ស្លី​​ម​​កម្ពុជា​​ និង​ជា​អនុ​ប្រធាន​​​អង្គ​ការ​​មូល​និធិ​​អភិវឌ្ឍន៍​​មូ​ស្លី​​ម​កម្ពុជា​​ និង​​លោក​ជំទាវ​​​ បាន​នាំ​យក​​​អំណោយ​​មនុស្ស​ធម៌​​​​​របស់​អង្គការ​​មូ​ស្លី​​ម​​​ហិល​​ហ្វិន នៃ​ប្រទេស​​អាល្លឺ​ម៉ង់​​​ ទៅ​ចែក​​ជូន​ដល់​​ប្រជាពលរដ្ឋ​​ចំនួន​​​១០៧គ្រួសារ​​ដែល​រង គ្រោះ​​​​ដោ​​យសារ​ខ្យល់​ព្យុះ​​​នៅខេត្ត​កំពត កាល​ពី​​​ថ្ងៃទី​​​​៣១ ខែមីនា កន្លង​មក​នេះ ។

ក្នុង​ឱកាស​​នោះ​ក៏​​មាន​​​ការ​អញ្ជើញ​​ចូល​រួម​​ពី​សំណាក់​​លោក សា ឡេះ​សេន​ តំណាង​​​​​រាស្រ្ត​​មណ្ឌល​​កំពត​ លោក​ សាន់​​​ សាប់អី​ អនុ​​រដ្ឋ​លេខា​​ធិការ​​ក្រសួង​​​សុខា​ភិបាល​​ អនុ​ប្រធាន​​សមាគម​​និស្សិត​មូ​ស្លី​​មកម្ពុជា លោក​​ម៉ាន សុគ្រី​ អនុរដ្ឋ​លេខា​​ធិការ​​ក្រសួ​ង​​កសិកម្ម​​ រុក្ខា​ប្រមាញ់​និង​នេសាទ ជា​អគ្គ​​​លេ​ខាធិការ​​​រង​សមាគម​​និស្សិត​​​មូ​ស្លី​​ម​​កម្ពុជា លោក​វេជ្ជ​​បណ្ឌិត​​ ពាស់ មុស្លិម​ អនុ​ប្រធាន​​​​សមាគម​និស្សិត​មូ​ស្លី​​ម​កម្ពុជា​​ អស់​លោក​​គណ​ៈ​អីុ​ម៉ាំ​​ខេត្ត​​ អនុប្រធាន​​​មន្ទីរ​ធម្មការ​​ខេត្ត​​ និង​​អស់​លោក​​ លោក​ស្រី​​យ៉ាង​​ច្រើន​កុះ​ករ​ ។
​លោក​​នាក់​ វណ្ណារី អភិបាល​​​ក្រុង​កំពត និង​លោក​​សា ឡេះសេន ​​តំណាង​​រាស្ត្រ​​មណ្ឌល​​កំពត បាន​ឱ្យ​ដឹងថា កាល​ពី​ថ្ងៃទី​​​​៣១ ខែមីនា ឆ្នាំ ​២០១២ វេលាម៉ោង​​​​១និង​​​៣០នាទី​​រសៀល​​​ មាន​ខ្យល់​ព្យុះ​​​​យ៉ា​ងខ្លាំង​​​មួយ​​ឈ្មោះ ប៉ាខា បាន​បោក​បក់​​មក​លើ​​សង្កាត់​​អណ្តូង​​ខ្មែរ​​​​ ត្រើយ​​ស្លា ក្រុង​កំពត​​ និង​ឃុំ​ព្រៃ​ឃ្មុំ​​ ស្រុក​ទឹក​​​ឈូ បណ្តាល​​ឱ្យ​​ខូច​​​ខាត​​ផ្ទះ​ប្រជាពលរដ្ឋ​​​អស់​ចំនួន​​​​១០៧ខ្នង ក្នុងនោះ​​ចំនួន​​​៧ខ្នង​​មាន​សភាព​ធ្ងន់​​ធ្ងរ តែមិន​បណ្តាល​​​ឱ្យ​​​មនុស្ស​ស្លាប់​​ ឬ​រង​របួស​​​​ទេ ។ លោក​​អភិបាល​​​ក្រុង​ក៏​បាន​ថ្លែង​អំណរគុណ​​យ៉ា​ងជ្រាល​ជ្រៅ​​ចំពោះ​​លោក​វេជ្ជ​បណ្ឌិត​​ សុះ​ មុះ​សិន ដែល​បាន​នាំ​​យក​​អំណោយ​​មនុស្ស​ធម៌​​​ដ៏​មាន​តម្លៃ​​​មក​ចែក​ជូន​​​​ប្រជាពលរដ្ឋ​​​ដែល​រងគ្រោះដោយ​​​​​ធម្មជាតិ​​​នៅ​ពេល​នេះ​ ។

មាន​ប្រសាសន៍សំណេះ​សំណាល​​​​​ទៅកាន់​​​​​ប្រជាពលរដ្ឋ​​​ដែល​រងគ្រោះ​​​ ទាំង​​​១០៧គ្រួសារ​​​នា​ឱកាស​​​នោះ​ លោក​វេជ្ជ​​បណ្ឌិត​​ សុះ​ មុះ​សិន​​​​បាន​​​ពាំនាំ​នូវ​​​ការ​ចូលរួមរំលែក​ទុក្ខ​​ ពី​សំណាក់​​អង្គការ​មូស្លីម​​​ហិល​ហ្វិ​​ន​​​​ និង​សប្បុរជន​​​​​​ព្រមទាំង​​​ថ្នាក់​ដឹក​នាំ​​សមាគម​​ សមាជិក សមាជិកា​ទាំង​អស់ ។ ​​លោក​បាន​ថ្លែង​​ថា ​ទោះ​បីជា​​​អំណោយ​​នេះ​មិន​អាច​ឆ្លើយ​​តប​​បាន​ទាំង​ស្រុង​​ចំពោះ​​ការ​ខ្វះ​ខាត​របស់​បង​ប្អូន​​​​យ៉ា​ងណាក៏ដោយ ក៏ប៉ុន្តែ​​​អាច​ជួយ​​សម្រាល​​នូវការ​លំបាក​​​ខ្វះ​ខាត​​របស់​បង​ប្អូន​​បាន​មួយគ្រា​ដែរ ។​ ដូចនេះ​​ សូម​បង​ប្អូន​​​​ខិត​ខំ​ប្រឹង​ប្រែង​​​បង្ក​បង្កើន​ផល​​ និង​​ប្រកប​មុខ​រប​រ​​ផ្សេងៗ​​​ដោយ​​ខ្លួន​ឯង​​​បន្ថែម​ទៀត ទើប​ធ្វើ​ឱ្យ​​​ជីវ​ភាព​​រស​់​នៅ​​​ប្រ​​​សើរ​ឡើង​​​វិញ ។

លោ​ក​​វេជ្ជ​បណ្ឌិត​​​​បាន​​ជម្រាប​ថា  អង្គការ​​មូស្លីម​​​ហិល​ហ្វិ​​ន​ ប្រទេស​​អាល្លឺ​ម៉ង់​ បាន​ផ្តល់​​ថវិកា​​ជំនួយ​​សង្គ្រោះ​​បន្ទាន់​​ដល់​ប្រជាពលរដ្ឋ​​​កម្ពុជា​​សរុប​ចំនួន​​​​២៧៤គ្រួសារ​​ គឺ​នៅ​ខេត្ត​​កំពត​ចំនួន​​​​​​១០៧គ្រួសារ ខេត្ត​បន្ទាយមាន​ជ័យ​​​​ចំនួន​​​​១១៩គ្រួសារ ខេត្ត​កំពង់​ឆ្នាំង​២៣គ្រួសារ ខេត្ត​កណ្តាល​២៥គ្រួសារ ហើយ​​សមាគម​​និស្សិត​​មូស្លីម​​​កម្ពុជា​​ ដែល​​ជាអ្នក​​អនុវត្ត​​គម្រោង​ នឹ​​ង​ធ្វើ​​ការបែង​ចែក​​​ឱ្យបាន​ដល់​ដៃ​​ប្រជាពលរដ្ឋ​​ដែល​​រង​គ្រោះ​​ខាងលើ ឱ្យ​បាន​មុន​​ដ​ំណាច់​​ខែ​មេសា​នេះ ។

លោក​វេជ្ជ​បណ្ឌិត សុះ​ មុះ​សិន បាន​បញ្ជាក់​បន្ថែម​ថា កន្លងមក​​ក៏ដូច​ជាបច្ចុប្បន្ន​​ អង្គការ​​មូស្លីម​​​​ហិល​​ហ្វិន​​ តែង​តែ​​​ឆ្លើយ​តប​​យ៉ាង​ទាន់​​ពេល​វេលា​ ហើយ​មិន​​រើស​អើង​​ចំពោះ​សាសនា​ ជាតិ​សាសន៍​​ ពណ៌សម្បុរ​នោះ​ទេ ។ ជាក់​ស្តែង​​កន្លង​មក​​​​ នៅ​ប្រទេស​កម្ពុជា​​​ មាន​គ្រោះ​ធម្មជាតិ​​ ដោយ​ទឹក​ជំនន់​​ អគ្គិភ័យ​​ អង្គការ​​ហិល​ហ្វិន តែង​តែ​​​​​ផ្តល់​អំណោយ​​មនុស្ស​ធម៌​​តាម​រយៈសមាគម​និស្សិតមូស្លីម​​​កម្ពុជា​​​​យក​​មក​ចែក​ជូន​​ដល់​ជន​រងគ្រោះ​​ជា​បន្ត​បន្ទាប់​ ។

បន្ទាប់​មក ​​លោក​វេជ្ជ​បណ្ឌិត​​ ​​បាន​អញ្ជើញ​​ចែក​អំណោយ​​សង្គ្រោះ​​​របស់​អង្គការ​​មូស្លីម​​​​ហិល​ហ្វិន​ ជូន​ដល់​​ប្រជា ពលរដ្ឋ​​រងគ្រោះ​​​​ចំនួន​​​១០៧គ្រួសារ ដែល​អញ្ជើ​ញ​​​មក​ពី​សង្កាត់​​អណ្តូង​ខ្មែរ​ ត្រើយ​ស្លា ក្រុង​កំពត និង​​ឃុំ​​ព្រៃ​ឃ្មុំ​​ ស្រុក​ទឹក​ឈូ ខេត្ត​កំពត ក្នុង​មួយគ្រួសារៗ​​ទទួល​បាន​​​អង្ករ​​​​២៥គីឡូក្រាម​​ មី​​​​១កេស​​ ស្ករស​៤គីឡូក្រាម​ អំបិល​​​​២គីឡូក្រាម​​​​ ត្រី​ខ​​​៥កំប៉ុង ប្រេង​ឆា​​​​២ដប និង​ថវិកា​១២៥.០០០រៀល​​​ ៕