ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី២២ មេសា លោកវេជ្ជបណ្ឌិត សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ប្រធានសមាគមនិស្សិតមូស្ល៊ីមកម្ពុជា និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្ល៊ីមកម្ពុជា និងលោកជំទាវ បាននាំយកអំណោយមនុស្សធម៌របស់អង្គការមូស្ល៊ីមហិលហ្វិន (MusLimhelfen) នៃប្រទេសអាល្លឺម៉ង់ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១០៧គ្រួសារដែលរងគ្រោះ ដោយសារខ្យល់ព្យុះនៅខេត្តកំពត កាលពីថ្ងៃទី៣១ មីនា កន្លងមកនេះ ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីលោក សា ឡេះសេន តំណាងរាស្រ្តមណ្ឌលកំពត លោក សាន់ សាប់អី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគមនិស្សិតមូស្ល៊ីមកម្ពុជា លោកម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអគ្គលេខាធិការរងសមាគមនិស្សិតមូស្ល៊ីមកម្ពុជា លោកវេជ្ជបណ្ឌិត ពាស់ មូស្ល៊ីម អនុប្រធានសមាគមនិស្សិតមូស្ល៊ីមកម្ពុជា អស់លោកគណៈអ៊ីម៉ាំខេត្ត អនុប្រធានមន្ទីរធម្មការខេត្ត និងអស់លោក លោកស្រីជាច្រើនកុះករ ។
លោកនាក់ វណ្ណារី អភិបាលក្រុងកំពត បានឱ្យដឹងថា កាលពីថ្ងៃទី៣១ មីនា ឆ្នាំ ២០១២ វេលាម៉ោង១និង៣០នាទីរសៀល មានខ្យល់ព្យុះយ៉ាងខ្លាំងមួយឈ្មោះ ប៉ាខា បានបោកបក់មកលើសង្កាត់អណ្តូងខ្មែរ ត្រើយស្លា ក្រុងកំពត និងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន១០៧ខ្នងរងការខូចខាត ក្នុងនោះចំនួន៧ខ្នងមានសភាពធ្ងន់ធ្ងរ តែមិនបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសនោះទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ