ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាង៉ែន ឬមៀន​ប៉ៃលិន ក្លាយ​ជា​​​ចំណាប់ អារម្មណ៍​​ថ្មី​នៅលើ​ទីផ្សារ​ក្នុង​ព្រះរាជាណាច​ក្រ​កម្ពុជា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ៃលិនជាខេត្តមួយ​ស្ថិត​នៅ​ជ្រុងខាងជើងនៃជួរភ្នំក្រវាញ និងនៅភាគ​ខាងលិចនៃព្រះរាជាណាចក្រកម្ពុជា មានព្រំ​ប្រទល់​ជាប់ជាមួយខេត្តបាត់ដំបង និង ប្រទេស​ថៃ ។ នៅ​គ្រប់​ជំនាន់​ទាំងអស់ប៉ៃលិន​ គឺជាទឹក​ដី​មួយដែលប្រជាពលរដ្ឋខ្មែរ និងពិភព​លោក​ទទួលស្គាល់ថា ជាតំបន់ប្រកបដោយវិសាល​ភាពនៃវត្ថុ​ដ៏មានតម្លៃឥតគណនាក្នុងចំណោម​សម្បត្តិ​ធម្ម​ជាតិ​ទាំង​ឡាយ

រាជធានីភ្នំពេញ ៖ ​ប៉ៃលិនជាខេត្តមួយ​ស្ថិត​នៅ​ជ្រុងខាងជើងនៃជួរភ្នំក្រវាញ និងនៅភាគ​ខាងលិចនៃព្រះរាជាណាចក្រកម្ពុជា មានព្រំ​ប្រទល់​ជាប់ជាមួយខេត្តបាត់ដំបង និង ប្រទេស​ថៃ ។ នៅ​គ្រប់​ជំនាន់​ទាំងអស់ប៉ៃលិន​ គឺជាទឹក​ដី​មួយដែលប្រជាពលរដ្ឋខ្មែរ និងពិភព​លោក​ទទួលស្គាល់ថា ជាតំបន់ប្រកបដោយវិសាល​ភាពនៃវត្ថុ​ដ៏មានតម្លៃឥតគណនាក្នុងចំណោម​សម្បត្តិ​ធម្ម​ជាតិ​ទាំង​ឡាយ ដែល​មាន​នៅ​​ក្រោម​ដី ។ ជនណាក៏ដោយពេល​និយាយ ឬចាប់​ផ្តើមជជែកអំពីប៉ៃលិនម្នាក់ៗចាប់អារម្មណ៍​ភ្លាមទៅលើ​ត្បូង​មានតម្លៃគ្រប់ប្រភេទនៅ​តំបន់​ប៉ៃលិននេះ ។

តាមពិតប៉ៃលិន មិនត្រឹមតែសំបូរទៅ​ដោយ​ត្បូងមានតម្លៃនាពេលកន្លងមកនោះទេ ថែម​ទាំងពោរពេញទៅដោយព្រៃឈើសម្បូរបែបគ្រប់ប្រភេទ សត្វព្រៃ និងចម្ការដំណាំហូបផ្លែ និងមើម​គ្រប់​ប្រភេទ​ដូចជាស្វាយ ចេក សាវម៉ាវ ធុរ៉េន មង្ឃុត ជាពិសេស គឺតាង៉ែន ជាផ្លែឈើ​មួយប្រភេទ ដែលដុះនៅតែតំបន់ភ្នំ និងតំបន់​ដទៃក្នុងខេត្តប៉ៃលិន ។  តាង៉ែន ដែលប្រជាពល​រដ្ឋខ្មែរទូទៅ​ហៅថា​មៀន​ប៉ៃលិនជាប្រភេទផ្លែ​ឈើដែលមានរសជាតិផ្អែមស្រដៀងទៅនឹងផ្លែ​មៀនដែរ តែវាមានសាច់ច្រើនជាង និងមិនសូវ​មានក្លិនក្រអូបដូចផ្លែមៀននោះទេ​ ។​ បច្ចុប្បន្ន នេះតាង៉ែនអាចថា ជាផ្លែ​ឈើ​ដែលមានប្រជា ប្រិយភាព ហើយក៏លក់ដាច់ជាងគេនៅទីផ្សារ នានា ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។

ជួបជាមួយប្រជាពលរដ្ធដែលប្រកបរបរនេះជាង១០ឆ្នំាមកហើយ ​​​លោកហឿន បាន​ប្រាប់ពីវិធីសាស្រ្តក្នុងការផ្សំា ឬប្រជាពលរដ្ឋ​មួយ​ចំនួននិយមហៅថា សាកដំា និងការថែទំា​ដំណាំនេះថា ​​ យើង​ដំារយៈពេលតែ៣ទៅ៤​ឆ្នាំប៉ុណ្ណោះ នឹងទទួលបានផល ​​ព្រោះ​ដំណំា​នេះមិនពិបាក​ថែទំា​ទេ គ្រាន់តែយើង​ផ្តល់​ទឹក​​​គ្រប់គ្រាន់ វានឹង​លូតលាស់បានល្អ ។​ក្នុងវ័យ​​ប្រមាណ៥០ឆ្នាំ លោកហឿន បាន សំណូម​​​ពរដល់រដ្ឋាភិបាល​ជួយជំរុញដល់​ប្រជា​ពលរដ្ធ​ឱ្យ​​​ងាកមកដាំ​មៀនប៉ៃលិន ឬតាង៉ែន​​​នេះ ព្រោះ ងាយ​​ស្រួលដំា និងទទួលបានផល​លឿន ហើយ អាចទទួលផល​បានរាប់ឆ្នាំ​ឯណោះ ។ លោកបន្តថាបើយើងដំា​ដើម​ឈើ​បានច្រើន គឺអាកាស ធាតុអាចវិល​ទៅរកភាពល្អ​ឡើងវិញ មិនសូវ​​ក្តៅ ហួត​ហែង​នោះទេ ។

មិនខុសគ្នាប៉ុន្មានពីការលើកឡើងរបស់ប្រជាកសិករខាងលើ​ សម្រាប់មេការនៅក្នុងចម្ការ​​​មៀនប៉ៃលិន លោកខួន ដន បានប្រាប់​ថា​ ការ​ដំាមៀនប៉ៃលិននេះ គឺមិនពិបាកទេ តែ​ត្រូវ​រក​កន្លែង​ដំា​ដែល​មានប្រភពទឹក ព្រោះងាយ​ស្រួលក្នុងការស្រោចស្រព។ តែបើតំបន់​ទំនាប​វិញ គឺមិនត្រូវឱ្យជំាទឹកទេ ព្រោះអាច​ធ្វើ​ឱ្យ​មៀនប៉ៃលិននោះងាប់បាន ។លោក​​​គាត់បានបន្ត ថាមុននឹង​​ដំា យើងត្រូវ​រៀបចំជាមុន ដូច ជាប្រពន្ធ័ទឹក​ ព្រោះទឹកនេះជា​ប្រភពសំខាន់បំផុត សំរាប់ដំណំាគ្រប់ប្រភេទ។​លោកបាន ប្រាប់ ថាចំនួនមៀន​ដែល​​​នៅ​ក្នុង​​​ចម្ការ​របស់​​​គាត់មានចំនួន២៤០០ដើម ។ ហើយទិន្ន​ផលដែលទទួលបានក្នុងមួយដើមគឺ២០០គីឡូ​ក្រាម ហើយដំារយៈពេល៣ឆ្នាំនឹង​ទទួល​បាន​ផល ពីព្រោះឥឡូវគេមានបច្ចេសទេស​ទំនើប​ក្នុងការថែទំា គឺចាក់ថ្នំាទៅក្នុងដីអាច​ចេញ​ផ្កា​រហ័ស និង​ទទួល​ផលច្រើន ។ ចំពោះ​ការ​ចាក់​ថ្នាំ ទៅក្នុងដីនេះ គឺមន្រ្តីជំនាញប្រាប់ថា មិនប៉ះពាល់​ដល់សុខភាពនោះទេ ។ មៀនប៉ៃ​លិន​​នេះ​​លក់ទៅឱ្យ​ឈ្មួញក្នុងមួយគីឡូក្រាម​​​​ថ្លៃពី ៣៥ទៅ៣៦​​​​បាត​លុយថៃ ។ ទោះជា យ៉ាង ណា ខួន ដន បាន​បញ្ជាក់ប្រាប់ឱ្យដឹងដែរថា ការ ទទួលផលឆ្នាំ​នេះ​មិនសូវបានល្អដូច បណ្តា ឆ្នំាមុនៗទេ ដោយ​សារ​តែទឹកភ្លៀងធ្លាក់​ មិន គ្រប់គ្រាន់ ព្រោះចម្ការ​របស់​គាត់ នៅឆ្ងាយពីប្រភព​​ទឹក គឺនៅតំបន់ភ្នំ ។

ស្ថិតក្នុងសំលៀកបំពាក់ជាអ្នកធ្វើការលោកអំា សំអាត មេឃុំសាលាក្រៅ បានប្រាប់កោះ​សន្តិភាពឱ្យដឹងថា នៅក្នុងឃុំសាលា​ក្រៅនេះ ចែកជា៩ភូមិមានប្រជាពលរដ្ឋសរុប៤៦៥៥​នាក់ ភាគ​ច្រើន​ជា​អ្នកធ្វើស្រែចម្ការ ដំាពោត ដំឡូង និងមៀនប៉ៃលិន ឬតាង៉ែននេះ ។ លោកមេឃុំ​បន្តថា ដំណំាមៀនជាដំណាំមួយ​ប្រភេទ​ដែល​ហុចផលល្អណាស់ ប៉ុន្តែចំពោះ​ប្រជាជន​ដែល​ខ្វះ​ខាតដើមទុន គឺមិនមានលទ្ធភាព​ក្នុង​ការដំាដុះ​ទេ ។ បើសិនជាបងប្អូនមានដីសម្រាប់​​ដំា​មៀន​នេះនឹងទទួលបានទិន្នផលខ្ពស់ ។​ ពីព្រោះ​ដើម​វាងាយថែទំាស្រោចទឹកតិចតួចអាច​លូត​លាស់​ល្អ, តែ​បើសិន​ជា​យើង​រង់ចំាឱ្យវា​ផ្លែដោយ​ធម្ម​ជាតិ គឺមានការយឺតយ៉ាវ,​លុះត្រា​តែយើង​ប្រើ​ថ្នាំជំនួយទើបយើងទទួលបានផល​លឿន ។ លោកមេឃុំសាលាក្រៅបញ្ជាក់​បន្ថែមថា ប្រជា​ជនដែលរស់​នៅ​ក្នុងខេត្តប៉ៃ​លិន​​ទំាង​មូល​ភាគ​ច្រើនគាត់​សង្ឃឹមទៅលើ​ដំណាំ​ដំឡូង ប៉ុន្តែ​ដោយសារ​ហាងឆេងដំឡូងធ្លាក់ចុះ​ធ្វើឱ្យពួក​គាត់មានការអស់សង្ឃឹមពីព្រោះ​ការ​ព្យា​​យាម​ដំាថែទំារបស់ពួកគាត់មិនបានទទួល​ផល​ឱ្យ​សមទៅនឹងអ្វីដែលគាត់ចំណាយថវិកា និងពេល​វេលាទេ ។ 

លោកអំា សំអាតបានបន្តថា ដោយ​​​សារ ខេត្តប៉ៃលិនជា​សមរ​ភូមិ​ច្បាំងគ្នាយ៉ាង​ក្តៅ​គគុក និងងើប​ចេញពីរបបខ្មែរក្រហម​ក្រោយគេ ដូច្នេះការអភិ​វឌ្ឍ នៅមានតម្រូវ​ការ​ច្រើនជាង​ខេត្ត​ផ្សេងៗ​ដូច​ជា​ហេដ្ឋា​រ​​ចនា​សម័្ពន្ធ ផ្លូវ លូ ស្ពាន ។​តែទោះ​ជាយ៉ាងណា​ លោក​​បានបន្តថា ការរស់នៅរបស់​ប្រជា​ពលរដ្ឋ គឺមិនសូវ​ជាមាន​ការលំបាកទេ ​​ដោយសារតែ​ក្នុង​ឃុំរបស់លោក​មានសក្តានុពល​ច្រើន​ណាស់ ដូច​​​ជា​​ប្រព័ន្ធធារា​សាស្ត្រសម្រាប់​ស្រោច​ស្រពដំណាំ ក៏ដូចជា​ទឹកសម្រាប់ស្រូវស្រែ​របស់ពួក​គាត់គឺ​គ្រប់គ្រាន់​បានពី២ទៅ៣រដូវឯណោះ ។ លោកមេ​ឃុំ​បាន​សំណូមពរឱ្យ​រាជ​​រដ្ឋា​ភិបាល​ជួយ​កៀង​គររក​អ្នក​វិនិ​យោគធំៗទំាង​ក្នុង និងក្រៅប្រទេសមករក​ស៊ីក៏​ដូចជាបង្កើត​​​រោងចក្រសហគ្រាសក្នុង​តំបន់​នេះ ព្រោះអាច​ឱ្យ​ប្រជាពលរដ្ធនៅក្នុងខេត្ត​ទំាង​មូល​មានការងារធ្វើ និងមិន​ធ្វើ​ចំណាក​ស្រុក​ទៅធ្វើការនៅប្រទេសដទៃ ។ជាមួយគ្នានេះដែរ​លោកក៏បានសំណូមពរដល់ប្រជាកសិករទំាង​អស់ងាកមកដំាដំនំាតាង៉ែននេះវិញ​ ព្រោះ​ងាយ​ថែទំាឆាប់ទទួលបានផល និង​មានទី​ផ្សារ​ធំ​ទូលាយ​សម្រាប់នំាចេញទៅក្រៅប្រទេស ។

បើតាមមន្រ្តីអាជ្ញាធរខេត្តប៉ៃលិន បាន​បញ្ជាក់ប្រាប់វិទ្យុសម្លេងកោះសន្តិភាពឱ្យ​ដឹងថា មកទល់នឹងពេលនេះនៅប៉ៃលិនមានដើម​តាង៉ែនជិត១០០០០ដើមហើយ ។ មន្រ្តី​ជំនាញ​​​​បន្តឱ្យ​ដឹងថា តាង៉ែន​ជាផ្លែ​ឈើ​ហូបផ្លែ ដែល​មិនប៉ះពាល់ដល់សុខភាព ហើយ​វាមាន​រស់ ជាតិ ឆ្ញាញ់ បើប្រៀបនឹងផ្លែ​ឈើដទៃ ។ ប្រជាកសិករ ក៏ដូចជាអ្នកជំនាញ​បានឱ្យដឹងថា មៀនប៉ៃលិន ផ្ដល់​ផ្លែ២​ដង​ក្នុង​មួយឆ្នាំ គឺចុង​ខែមករា និង មេសា ប៉ុន្ដែដោយសារ​​វិទ្យាសាស្ដ្រ​នាពេល បច្ចុប្បន្នមានភាពរីកចម្រើន ទើបអាច​បំពេញ​តម្រូវការ​ទីផ្សារបានដោយគ្រាន់តែ​ដាក់​ជីតែ បន្តិច គេក៏អាច​ទទួល​បាន​ផល​គ្រប់រដូវ ៕