រាជធានីភ្នំពេញ ៖ មានជនជាតិចិនម្នាក់ស្រវឹងជោកជាំ បើករថយន្តឡិចស៊ីស ៤៧០ទៅបុកគូទរថយន្ត ឡិចស៊ីស RX300 រុញប៉ើងទៅមុខកន្លះម៉ែត្រ បណ្តាលឱ្យខូចខាតរថយន្តទាំងពីរគ្រឿង តែមិនមានអ្នករបួសទេ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៩ មេសា តាមបណ្តោយវិថីសហព័ន្ធរុស្ស៊ី នៅជិតវិមានសន្តិភាព ស្ថិតក្នុងក្រុមទី៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសម្តីម្ចាស់រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បើករថយន្តមកដល់មុខផ្ទះ ហើយចុះបើកទ្វាររបង ស្រាប់តែមានរថយន្តឡិចស៊ីស៤៧០ ពណ៌ស បើកបរដោយជនជាតិចិន ក្នុងស្ថានភាពស្រវឹងជោក ពីលិចទៅកើតជ្រុលទៅបុកគូទរថយន្តរបស់គាត់ បណ្តាលឱ្យប៉ើងរុញទៅមុខកន្លះម៉ែត្រ ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុ រថយន្តឡិចស៊ីស៤៧០បានគេចខ្លួនទៅបាត់មួយសន្ទុះ ទើបមានតំណាងចេញមុខមកធ្វើការចរចានៅកន្លែងកើតហេតុជិត២ម៉ោង នៅតែដោះស្រាយមិនត្រូវគ្នា ។
រហូតសមត្ថកិច្ចចុះទៅបម្រុងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោក ទើបភាគីខាងជនជាតិចិន ព្រមសងសំណងទៅម្ចាស់រថយន្តឡិចស៊ីស RX300 ចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់សាច់រឿង ៕
ចែករំលែកព័តមាននេះ