ទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ ថ្ងៃទី៥-៧ កញ្ញា ២០១០ ៖ ថ្ងៃនេះសហគ្រិនផ្តៅកម្ពុជាមានមោទនភាពយ៉ាងខ្លាំងដែលបានដាក់តាំងបង្ហាញផលិតផលផ្តៅរបស់ខ្លួនដល់មហាជនដែលជាអ្នកជំនួញ ឬអ្នកដែលមានចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មដទៃទៀតប្រមាណជាង៤៥.០០០នាក់ មកពីទូទាំងសាកលលោកដើម្បីចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិស្ពូហ្គា គោលបំណងដើម្បីបង្អួត និងផ្សព្វផ្សាយអំពីផលិតផលផ្តៅកម្ពុជាទៅដល់ទីផ្សារអឺរ៉ុប។ នេះគឺជាលើកដំបូងបង្អស់ហើយដែលផលិតផលផ្តៅកម្ពុជារួមមាន កៅអី ទំរ ឬទ្រនាប់សំរាប់ដាក់វត្ថុកញ្ជើ និងល្អី ត្រូវបានដាក់បង្ហាញក្នុងពិធីពិព័រណ៍អន្តរជាតិមួយនេះដែលប្រជុំសុទ្ធតែផលិតផល និងសំភារកីឡា សំភារបោះជំរំកំសាន្ត សំភារសំរាប់សួនច្បារជាច្រើនប្រភេទ។ ពិធីតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះជាទ្វារទៅកាន់ទីផ្សារអន្តរជាតិ។
លោកអ៊ូ រតនៈ ប្រធានគំរោងផ្តៅនៃអង្គការ WWF-កម្ពុជានិយាយថា «ការផ្សារភ្ជាប់សហគ្រាសផ្តៅកម្ពុជាទៅនឹងទីផ្សារសាកលគឺជាគោលដៅសំខាន់មួយរបស់គំរោង»។ លោកបន្ថែមទៀតថា «សហគ្រាសផ្តៅទាំងអស់ត្រូវត្រៀមខ្លួនប្រឈមឧបសគ្គនានាក្នុងការងារខិតខំអភិវឌ្ឍន៍ប្រព័ន្ធផលិតកម្មដែលគោរពតាមគោលការណ៍បរិស្ថានស្អាត ព្រមទាំងការបង្កើតម៉ូដប្លែកៗដើម្បីទាក់ទាញពាណិជ្ជករអន្តរជាតិ»។ ដោយសារមានអ្នកចូលរួមតាំងផលិតផលចំនួន២.៥០០ក្រុមមកពីប្រទេសចំនួន៥៣ជុំវិញពិភពលោក លោកលិប ជាង ប្រធានសមាគមផ្តៅកម្ពុជា និងជាម្ចាស់សហគ្រាសកែច្នៃផ្តៅធំជាងគេបង្អស់នៅកម្ពុជា រំពឹងថា នឹងមានឱកាសស្វែងយល់អំពីគុណភាព និងម៉ូដផលិតផលប្លែកៗ ជាពិសេសផលិតផលដែលកែច្នៃពីអនុផលព្រៃឈើ។ លោកលិប ជាង មានប្រសាសន៍ថា «ការចូលរួមក្នុងព្រឹត្តិការណ៍សំខាន់នេះមានប្រយោជន៍សំរាប់វិស័យឧស្សាហកម្មផ្តៅកម្ពុជា ព្រោះយើងអាចស្វែងយល់ និងរៀនសូត្រពីវិធីសាស្ត្រក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសកែច្នៃដើម្បីបំពេញតំរូវការទីផ្សារអន្តរជាតិ»។ លោកបន្តថា «លោកនឹងឆ្លៀតឱកាសបង្កើតទំនាក់ទំនងកិច្ចការជំនួញជាមួយអតិថិជន និងពាណិជ្ជករអន្តរជាតិ»។
ចាប់តាំងពីឆ្នាំ២០០៧មក អង្គការ WWF-កម្ពុជា បាននិងកំពុងធ្វើការជាមួយសហគ្រាសផ្តៅ សហគមន៍ និងអាជ្ញាធរមូលដ្ឋានដើម្បីលើកកំពស់ការអនុវត្តផលិតកម្មស្អាតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្តៅ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចិញ្ចឹមជីវិតរបស់ប្រជាជនមូលដ្ឋានក៏ដូចជាប្រព័ន្ធផលិតកម្មផ្តៅ។ កញ្ញា Michelle Owen ប្រធានកម្មវិធីនៃអង្គការ WWF-កម្ពុជា និយាយថា «ពិធីតាំងពិព័រណ៍នេះជាឱកាសដ៏ប្រសើរសំរាប់សហគ្រិនកម្ពុជាក្នុងការស្វែងយល់អំពីម៉ូដផលិតផលផ្តៅថ្មី ហើយប្លែកៗ អំពីទីផ្សារក៏ដូចជាផ្តល់ឱកាសដល់អ្នកកែច្នៃផ្តៅមកពីតំបន់មេគង្គ ជាពិសេសប្រទេសកម្ពុជាបង្ហាញនូវស្នាដៃរបស់ខ្លួនដែរ»៕


ចែករំលែកព័តមាននេះ