រាជធានីភ្នំពេញ ៖ អង្គការភាពញញឹមនៃកុមារត្រៀមរៀបចំធ្វើកម្មវិធីសប្បុរសធម៌មួយដើម្បីប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់សិស្សក្រីក្រនៃអង្គការភាពញញឹមនៃកុមារ ។
លោកពិន សារាពេជ្ញ នាយកកម្មវិធីនៃអង្គការភាពញញឹមនៃកុមារបានថ្លែងថា នៅក្នុងកម្មវិធីសន្និសីទកាសែតមួយដែលធ្វើឡើងនៅក្នុងក្រុមហ៊ុនស្មាត កាលពីពេលថ្មីៗនេះថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងរយៈពេល២ថ្ងៃនៅមជ្ឈមណ្ឌលអង្គការភាពញញឹមនៃកុមារក្នុងសង្កាត់ស្ទឹងមានជ័យ ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ មេសា ខាងមុខនេះ ចាប់ពីម៉ោង៥ល្ងាចទៅ ។
លោកបានបន្តឱ្យដឹងទៀតថា កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ភាពសប្បាយរីករាយសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរដែលនឹងខិតចូលមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ហើយក៏
មានការចូលរួមដោយតារាចម្រៀងដ៏ល្បី មាស សុខសោភា និងក្រុមកំប្លែងរបស់លោកពែកមីទៀតផង ។
លោកបន្តទៀតថា អង្គការភាពញញឹមនៃកុមារ គឺជាអង្គការដែលមិនប្រកាន់និន្នាការនយោបាយ និងសាសនា ។ អង្គការមានកំណើតតាំងពីឆ្នាំ១៩៩៥មកម៉្លេះ ហើយគោលបំណងសំខាន់ គឺដើម្បីស្វែងរកមូលនិធិដើម្បីផ្គត់ផ្គង់ដល់សិស្សក្រីក្រឱ្យបានរៀនសូត្រ និងរកការងារឱ្យពួកគេធ្វើប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ