ក្រុមអ្នកស្រាវជ្រាវបានព្រមានថា ស្ត្រីទាំងឡាយនឹងរងគ្រោះដោយជំងឺមហារីកដោះ ប្រសិនជាពួកគេទទួលទានស្រាជាប្រចាំត្រឹមតែមួយកែវតូចក្នុងមួយថ្ងៃ ។ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងពេលឥឡូវនេះមានបំណងសុំឱ្យបណ្តាស្ត្រីទាំងឡាយ គួរជៀសវាងការប្រើប្រាស់គ្រឿងស្រវឹងទាំងអស់គ្នាឬក៏កាត់បន្ថយមកប្រើប្រាស់វាត្រឹមម្តងម្កាលបានហើយ។
នៅក្នុងការសិក្សាទ្រង់ទ្រាយធំមួយលើមនុស្សស្រីដែលធ្លាប់រងគ្រោះពីជំងឺមហារីកដោះ១២ម៉ឺននាក់បានរកឃើញថា ការផឹកស្រាត្រឹមតែមួយកែវតូចប៉ុណ្ណោះក្នុងមួយថ្ងៃបង្កើនអត្រារងគ្រោះដោយជំងឺនេះដល់៥ភាគរយ។ ក្នុងករណីផឹក២កែវធំចំណុះ១៧៥មីល្លីលីត្រ អត្រារងគ្រោះឡើងដល់៣០ភាគរយ។ ប្រសិនបើផឹកច្រើនជាង៣កែវធំក្នុងមួយថ្ងៃវិញ អត្រារងគ្រោះឡើងដល់៤៦ភាគរយ ។
ក្នុងចំណោមអ្នកស្រាវជ្រាវទាំងនេះ លោកសាស្ត្រាចារ្យ Carlo La Vecchiaនៅសាកលវិទ្យាល័យ University of Milanប្រទេសអុីតាលី បានថ្លែងថា៖«នេះជាសារបញ្ជាក់ប្រាប់ទៅបណ្តាស្ត្រីទាំងឡាយឱ្យកំណត់ពីការប្រើប្រាស់គ្រឿងស្រវឹង។ យើងមិនបាននិយាយថា ស្រាអាក្រក់ចំពោះសុខភាពដូចជាបារីនោះទេ តែវាក៏នាំកង្វល់ដល់បញ្ហាសុខភាពសាធារណៈផងដែរ»។ លោកសាស្ត្រាចារ្យបានបន្ថែមថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្ត្រីទាំងឡាយគួរតែផឹកម្តងម្កាលបានហើយ។
ក្រុមអ្នកស្រាវជ្រាវជឿថា ស្រាផ្តល់ផលគ្រោះថ្នាក់ក៏ព្រោះតែវាធ្វើឱ្យកម្រិតអ័រម៉ូនភេទ oestrogenកើនឡើង ហើយដែលការកើនឡើងបែបនេះត្រូវគេដឹងថាជាមូលហេតុចំបងនៃការពកសាច់ឬដុះដុំសាច់ ។
Sara Williams មន្ត្រីព័ត៌មានសុខភាពនៅមូលនិធិស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេសបានថ្លែងថា៖«ការស្រាវជ្រាវបានបង្ហាញរួចជាស្រេចហើយថា អត្រាប្រឈមនឹងគ្រោះថ្នាក់ដោយមហារីកដោះកាន់តែកើនឡើងខ្ពស់ ប្រសិនបើស្ត្រីនៅតែផឹកគ្រឿងស្រវឹងច្រើន តែការសិក្សាលើកនេះបានបង្ហាញថា ទោះបីផឹកស្រាសូម្បីបន្តិចបន្តួច ក៏អាចបង្កជាគ្រោះថ្នាក់ដោយមហារីកដោះបានដែរ។ ទោះជាយ៉ាងនេះក្តី ស្ត្រីទាំងឡាយនៅតែអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺនេះបាននៅពេលដែលគេកាត់បន្ថយការផឹកស្រា រក្សាទម្ងន់ខ្លួនក្នុងកម្រិតសុខភាពព្រមទាំងរក្សាសកម្មភាពរាងកាយជាប់ជា ប្រចាំ »៕


ចែករំលែកព័តមាននេះ