រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានដាក់បម្រាម និងកំណត់ការដឹកជញ្ចូនប្រេងឥន្ទនៈ ឧស្ម័នចំហេះ និងយានយន្តដឹកធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ដល់៥ មេសា នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន តែសាលារាជធានីបានកំណត់ឱ្យមានការដឹកជញ្ជូនប្រេងឥន្ទនៈ ឧស្ម័នចំហេះ និងយានយន្តដឹកធ្ងន់ចេញ-ចូលក្នុងរាជធានីបានក្នុងចន្លោះចាប់ពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹកលើសពីនេះមិនអនុញ្ញាតជាដាច់ខាត ។
នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៣១ មីនា ២០១២ ដែលបោះត្រាសាលារាជធានីភ្នំពេញ បានសរសេរថា សាលារាជធានីភ្នពេញ សូមជំរាបជូនដំណឹងដល់ស្ថាប័នរដ្ឋ និងឯកជនដែលប្រកបអាជីវកម្មដឹកទំនិញ ប្រេងឥន្ទនៈ ឧស្ម័នចំហេះ និងយានយន្តធុនធ្ងន់គ្រប់ប្រភេទទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក៏ដូចជាបញ្ជៀសការកកស្ទះចរាចរណ៍ និងឧប្បត្តិហេតុផ្សេងៗក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានសាលារាជធានីភ្នំពេញ សូមកំណត់ដល់ម្ចាស់យានយន្តដឹកទំនិញគ្រប់ប្រភេទខាងលើឱ្យចរាចរក្នុងរាជធានីភ្នំពេញ តែក្នុងចន្លោះម៉ោង១០យប់ដល់ម៉ោង៦ព្រឹកចាប់ពីថ្ងៃទី១ដល់៥មេសា ២០១២នេះ ។
សាលារាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់ថា ស្ថាប័នរដ្ឋ និងម្ចាស់យានយន្តឯកជនទាំងអស់ និងមានការយោគយល់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ចែករំលែកព័តមាននេះ