រាជធានីភ្នំពេញ ៖ ម្ដាយ និងកូនប្រុសស្រី២នាក់រងរបួសធ្ងន់ ឯឪពុករបួសស្រាល ដោយសាររថយន្ដតាកូម៉ា ពណ៌ក្រហម បើកបរដោយជនជាតិកូរ៉េស្រវឹងធ្លាក់ភ្នែកទៅបុកគូទម៉ូតូវីវ៉ា ពណ៌ក្រហម បណ្ដាលឱ្យដួលរងរបួស កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៩ មីនា នៅតាមបណ្តោយវិថីព្រះនរោត្ដមកែងវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានឱ្យដឹងថា រថយន្ដតាកូម៉ា ពណ៌ក្រហម ជិះគ្នា២នាក់ បើកបរដោយជនជាតិកូរ៉េ តាមវិថីព្រះនរោត្ដម ពីត្បូងទៅជើង ខណៈមកដល់ផ្លូវកែងបត់ស្ដាំទៅវិថីព្រះសីហនុ ក៏ជ្រុលទៅបុកគូទម៉ូតូវីវ៉ា ពណ៌ក្រហម ប្ដីឌុបប្រពន្ធ និងកូនប្រុសស្រីតូចៗ តាមវិថីព្រះសីហនុ ពីលិចទៅកើត បណ្ដាលឱ្យម៉ូតូដួលនិងបុកចំឆ្អឹងខ្នងប្រពន្ធដែលអង្គុយខាងក្រោយ បណ្ដាលឱ្យចុកដើរមិនរួច ។ ចំណែកកូនប្រុសស្រីទាំង២នាក់បែកក្បាល រីឯប្ដីរបួសស្រាល។ ម៉ូតូខូចខាតផ្នែកខាងក្រោយក្លាយទៅជាលេខ៨ ហើយរថយន្ដក្រពឹតខាងមុខ។
ជនរងគ្រោះត្រូវរថយន្ដសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ឯរថយន្ដបង្កនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោកដើម្បីធ្វើការដោះស្រាយ៕
ចែករំលែកព័តមាននេះ