ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចជំនាញអះអាងថា ជាជនសកម្មបំផុតក្នុងការគាស់ និងឡើងផ្ទះលួចយកទ្រព្យសម្បត្តិអ្នកភូមិត្រូវចាប់ខ្លួនបានបន្តបន្ទាប់តាំងពីវេលាម៉ោង១១ព្រឹក រហូតដល់ម៉ោង១រសៀលថ្ងៃទី២៩ មីនា ដែលម្នាក់ចាប់នៅក្នុងផ្ទះជួលនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម្នាក់ចាប់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ជាមួយនឹងការរឹបអូសវត្ថុតាងច្រើនសន្ធឹកសន្ធាប់។
លោកមៀន ឡាយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះសំ ស៊ីណាត ហៅពេក ភេទប្រុស អាយុ៣២ឆ្នាំ ជាមេខ្លោង នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ និង២-ឈ្មោះប៉ា ចាន់ធា ហៅហ៊ីង ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ លោកប្រធានការិយាល័យរូបនេះបញ្ជាក់ថា ក្រុមនេះជាមុខសញ្ញាដ៏សកម្មបំផុតដែលធ្វើសកម្មភាពឡើងផ្ទះ និងគាស់ផ្ទះអ្នកស្រុកលួចទ្រព្យសម្បត្តិ។ លោកនិយាយថា ក្រោយពីត្រូវចាប់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើនដែលជននេះលួចបានយកទៅលាក់ទុកនៅផ្ទះម្ដាយ។
បន្ទាប់ពីត្រូវចាប់ខ្លួនជនត្រូវចោទឈ្មោះសំ ស៊ីណាត ហៅពេក បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចោរកម្មដូចការចោទប្រកាន់នោះមែន។ ជននេះបានសារភាពទៀតថា ខ្លួននិងឈ្មោះប៉ា ចាន់ធា ហៅហ៊ីង តែងចេញធ្វើសកម្មភាពលួចរួមគ្នាដែលភាគច្រើនធ្វើសកម្មភាពនៅពេលយប់។ ជននេះបញ្ជាក់ដែរថា ពួកខ្លួនមានជំនាញគាស់ និងឡើងផ្ទះគេ ដើម្បីលួចទ្រព្យសម្បត្តិ ស្អីក៏យកដែរ៕





ចែករំលែកព័តមាននេះ