ខេត្តមណ្ឌលគិរី ៖ ទីតាំងលាក់ឈើប្រណីត២កន្លែងត្រូវបានលោកព្រះរាជអាជ្ញារង និងមន្ទីរបរិស្ថានខេត្តសហការជាមួយនគរបាលការិ យាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអវុធហត្ថស្រុក និងនគរបាលស្រុកកែវសីមា ចុះប្រតិបត្តិរុករកឃើញនៅព្រៃចម្ការចេក និងនៅក្បែរចម្ការកៅស៊ូ ស្ថិតនៅភូមិឆ្នែង ឃុំ ស្រែខ្ទុម ស្រុកកែវសីមា កាលពីរល្ងាចថ្ងៃទី២៧ និងរសៀលថ្ងៃទី២៨ មីនា ២០១២ ដែលរឹបអូសបានឈើប្រណីតប្រភេទនាងនួន ធ្នង់ ចំនួន៥០ដុំធំនិងតូច ។
លោក ជឹម តូច នាយរងការិយាល័យប្រ ឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងលួចលាក់ឈើ ប្រណីតខុសច្បាប់ខាងលើ សមត្ថកិច្ចប្រើរយៈពេល២ថ្ងៃដោយចំណុចទី១រកឃើញចំនួន២៧ដុំ និងចំណុចទី២រកឃើញ២៣ដុំ សរុប៥០ដុំ និងជញ្ជីងសម្រាប់ថ្លឹងឈើ២គ្រឿង ។
លោកអនុសេនីយ៍ទោ ប៉ៃ លិន មេបញ្ជាការរងកងរាជអវុធហត្ថស្រុកកែវសីមាបានឱ្យដឹងថាចំពោះទីតាំងលាក់ឈើដែលសមត្ថកិច្ចបង្ក្រាបបាននោះ ជាដីចម្ការរបស់ប្រជាពលរដ្ឋ ហើយត្រូវឈ្មួញប្រើប្រាស់សម្រាប់លាក់ឈើរង់ចាំឱកាសល្អនឹងដឹកយកទៅលក់នៅព្រំដែនវៀតណាម ។ លោកបន្តថា នៅពេលចុះបង្ក្រាបជំហានដំបូងម្ចាស់ដីចម្ការកន្លែងលាក់ឈើមានប្រតិកម្មមកលើសមត្ថកិច្ច ដោយយករថយន្តម៉ាក់ឡិចស៊ិស៤៧០ ពណ៌ខ្មៅ មករាំងផ្លូវមិនឱ្យមន្ត្រីជំនាញនិងសមត្ថកិច្ចចេញចូលបាន ដោយអះអាងថា ពេលយប់រំខានដំណេករបស់គាត់ព្រោះផ្លូវចូលទៅកាន់ទីតាំងលាក់ឈើនោះ ជាប់ផ្ទះគាត់ស្នាក់នៅ ។ ក្រោយពីស្តាប់ការពន្យល់របស់លោកព្រះរាជអាជ្ញារងរួចមក ស្ត្រីជាម្ចាស់ផ្ទះក៏យល់ព្រមឱ្យសមត្ថកិច្ចបន្តធ្វើការរហូតចប់ចុងចប់ដើម ។
បច្ចុប្បន្នឈើប្រណីតទាំង៥០ដុំត្រូវបានមន្ត្រី។ បរិស្ថានដឹកយកទៅរក្សាទុកដើម្បីស្វែងរកម្ចាស់និងបន្តចាត់ការតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ