រាជធានីភ្នំពេញ ៖ កម្មករលាងម៉ូតូសក់ហាយឡាយម្នាក់ កាលពីថ្ងៃទី២៦ មីនា ត្រូវបានអ្នកអាណាព្យាបាលខាងក្មេងស្រីសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានី ឃាត់ខ្លួនពីខេត្តសៀមរាប នាំមកសាលាដំបូងរាជធានី ដោយបានចោទប្រកាន់ថា នាំក្មេងស្រីអនីតិជនចេញដោយមិនស្របច្បាប់ និងរួមភេទក្រោមអាយុ១៥ឆ្នាំ ។
កម្មករដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះទេនឌុក ហៅធា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករលាងម៉ូតូនៅផ្លូវ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តបាត់ដំបង។ ទាក់ទិនករណីឃាត់ខ្លួនយុវជនខាងលើនេះលោកវរសេនីយ៍ទោកែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឱ្យដឹងថា សមត្ថកិច្ចរបស់លោកបានអនុវត្តតាមបញ្ជារបស់លោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលយោងទៅលើពាក្យបណ្តឹងរបស់អ្នកអាណាព្យាបាលក្មេងស្រី ។ លោកកែវ ធា បន្តថា កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៦ មីនា ការិយាល័យរបស់លោកទទួលជនប្រព្រឹត្តបទល្មើសម្នាក់ ឈ្មោះទេន ឌុក ហៅធា ពីគ្រួសាររងគ្រោះដែលចោទថាយុវជនរូបនេះបាននាំកូនស្រីគាត់ អាយុ១៣ឆ្នាំ ចេញពីផ្ទះក្នុងថ្ងៃទី២៤ មីនា យកទៅរួមភេទនៅផ្ទះសំណាក់រាជធានីភ្នំពេញ និងពង្រត់ទៅកាន់ខេត្តសៀមរាប ។ ក្នុងពាក្យបណ្តឹងឱ្យដឹងថា នៅថ្ងៃទី២៤ មីនា កូនស្រីឈ្មោះផ.ស.ម ហៅស.អ អាយុ១៣ឆ្នាំ បានបាត់ពីផ្ទះមិនដឹងទៅណា ក្រុមគ្រួសារបានស្វែងរកទើបក្រោយមកមានដំណឹងថា ឈ្មោះទេន ឌុក ហៅធា ជាកម្មករលាងម៉ូតូនាំនាងទៅខេត្តសៀមរាប ។ ទទួលបានព័ត៌មាននោះឪពុកនាង និងក្រុមគ្រួសារក៏ទៅតាមរកកូន ហើយថ្ងៃទី២៦ មីនា បានជួបពួកគេនៅចំណតរថយន្តដែលបម្រុងធ្វើដំណើរទៅកន្លែងផ្សេងទៀត ។ ពេលនោះឪពុកនាងបានលួងលោមពួកគេទាំង២នាក់ឱ្យមកកាន់រាជធានីភ្នំពេញ ហើយឪពុកនាងបានប្រគល់ឱ្យសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនាងផ.ស.ម បានឱ្យដឹងថា នាងបានស្គាល់ និងរាប់អានឈ្មោះទេន ឌុក ហៅធា ជិត១ឆ្នាំហើយ នៅធ្វើជាកម្មករលាងម៉ូតូនៅម្តុំអង់តែនទួលគោក ដែលដំបូងឈ្មោះធា សុំរាប់អានធ្វើជាមិត្តភក្តិ ដោយបានកត់លេខទូរស័ព្ទគ្នាទៅវិញទៅមក។ នាងផ.ស.ម បន្តថា ការរាប់អានធ្វើជាមិត្តភក្តិបានប្រហែល៤ខែ ឈ្មោះធា បានសុំស្រឡាញ់ធ្វើជាសង្សា ហើយឧស្សាហ៍ទូរស័ព្ទទាក់ទងនិយាយគ្នាញឹកញាប់មិនដាច់រយៈផង ។ នៅថ្ងៃទី២៤ មីនា នាងបានជិះម៉ូតូឌុបទៅលេងមើលកម្មវិធីប្រគំតន្ត្រីនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយបានទូរស័ព្ទទៅឈ្មោះធា ជាសង្សារឱ្យមកជួបរួចក៏នាំគ្នាជិះម៉ូតូឌុបទៅដេកនៅផ្ទះសំណាក់ និងរួមភេទបានសម្រេច១ដង ។ លុះដល់ថ្ងៃទី២៥ មីនា វេលាម៉ោង៧ព្រឹក ពួកគេបានចាកចេញពីកន្លែងផ្ទះសំណាក់ទៅកន្លែងលាងម៉ូតូ រួចឈ្មោះធា ក៏យកខោអាវ រួចបបួលគ្នាទៅជិះរថយន្តនៅបេនផ្សារដើមគរដើម្បីទៅកាន់ខេត្តសៀមរាប ។ លុះថ្ងៃទី២៦ មីនា ពួកគេបម្រុងឡើងរថយន្តទៅកាន់ខេត្តបាត់ដំបងបន្តទៀត ក៏ត្រូវឪពុកម្តាយទៅទាន់ ហើយក៏នាំមករាជធានីភ្នំពេញវិញ ។ នាងត្រូវឪពុកម្តាយនាំទៅផ្ទះ រីឯឈ្មោះធា ជាសង្សាដែលស្រឡាញ់គ្នាប្តូរផ្តាច់ត្រូវប្រគល់ឱ្យសមត្ថកិច្ច ។
តាមចម្លើយយុវជនទេន ឌុក ហៅធា ក៏បានសារភាពប្រាប់សមត្ថកិច្ចប្រហាក់ប្រហែលគ្នានិងនាងផ.ស.ម ដែរថា ពួកគេស្រឡាញ់គ្នាជិត១ឆ្នាំហើយ ដោយបានសន្យាថា មិនបោះបង់គ្នាចោលទេ គឺប្តូរផ្តាច់ទៅអនាគត ។ ចំណែករឿងចេញពីផ្ទះទៅដេកនៅផ្ទះសំណាក់រួមភេទ និងចេញទៅខេត្តឆ្ងាយក៏ជាគំនិងខាងស្រីដែរ។ ពីរាជធានីភ្នំពេញរហូលដល់ខេត្តសៀមរាបខ្លួនត្រូវការចំណាយប្រាក់អស់ច្រើនណាស់សម្រាប់ជីវិតកម្មករស៊ីឈ្នួលលាងម៉ូតូ ប៉ុន្តែដើម្បីតម្រូវចិត្តខាងស្រីខ្លាចឪពុកម្តាយឆាឆៅ គេក៏មានគំនិតនាំនាងទៅខេត្តបាត់ដំបងជាស្រុកកំណើតរបស់ខ្លួន។ ថ្ងៃក្រោយទៀតយ៉ាងណានោះវិលមកភ្នំពេញវិញ ។
យុវជនឈ្មោះទេន ឌុក ហៅធា បន្តថា ការស្រឡាញ់គ្នាបែបនេះត្រូវបានអាណាព្យាបាលខាងស្រីចោទប្រកាន់ថា ជារឿងខុសច្បាប់ និងពីបទពង្រាត់កូនស្រីគាត់ទៅរួមភេទអនីតិជន ក្រោមអាយុ១៥ឆ្នាំទៅវិញ ។ ទោះជាយ៉ាងណាពេលនេះយុវជនឈ្មោះទេន ឌុក ហៅធា បានរងនូវការចោទប្រកាន់ និងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ៕
ចែករំលែកព័តមាននេះ