ខេត្តស្វាយរៀង ៖ អំពើហិង្សា២កន្លែងផ្សេងគ្នាបណ្តាលឱ្យបុរស២នាក់ និងស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឡើងដោយអ្នកប្រមឹកស្រា ហើយតាំងខ្លួនជាអ្នកខ្លាំងមានតែអញមើលមុខកាប់ប្រាវ មិនថាឡើយប្អូន សូម្បីតែឪពុកម្តាយ ក៏ពុំលើកលែងដែរ គឺកាប់គ្មានត្រាប្រណី ។
ហេតុការណ៍កាប់ចាក់ព្រោះតែអំណាចស្រានេះ ករណីទី១ បងកាប់ប្អូនប្រុសកើតឡើងកាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១២ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅភូមិបឹងកែក ឃុំធ្មា ស្រុករំដួល ។ ជនរងគ្រោះឈ្មោះយិន សាមាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្អូនបង្កើតរបស់ឈ្មោះយិន សាម៉ុន អាយុ៤៥ឆ្នាំ ភេទប្រុស ត្រូវទទួលរងការកាប់ចំនួន៣កាំបិតចំក្បាល គឺ១កាំបិតចំក្បាលពីមុខ និង២កាំបិតចំក្បាលពីក្រោយ ផុងលលាដ៍ហូរឈាមស្រោចពេញខ្លួន និងផ្ទៃមុខដួលសន្លប់នៅក្នុងថ្លុកឈាម ។
បើតាមស្ត្រីឈ្មោះម៉ា សំអាត អាយុ៤០ឆ្នាំ ជាប្រពន្ធជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុ បងប្រុសប្តីរបស់គាត់ឈ្មោះយិន សាម៉ុន បានទៅផឹកស្រាជាមួយមិត្តភក្តិក្នុងភូមិ លុះពេលត្រឡប់មកវិញក៏ដេញគោពីវាលមកបញ្ចូលក្នុងក្រោលក្រោមផ្ទះ ។ ពេលនោះប្តីរបស់គាត់បាននិយាយទៅកាន់បងប្រុសថា បើលែងគោទៅមើលគោផង កុំលែងគោចោលប្រយ័ត្នទៅស៊ីស្រូវប្រាំងគេ ។ និយាយហើយក៏អង្គុយលេងនៅលើគ្រែមុខផ្ទះ និយាយលេងជាមួយអ្នកភូមិឯទៀត ។ ចំណែកបងប្រុសនោះមិនស្តីទេ តែដើរចូលទៅផ្ទះរបស់ខ្លួនដែលនៅក្បែរគ្នាយកកាំបិតស្នៀតត្រឡប់មកវិញកាប់ប្តីគាត់ពីក្រោយផ្ទួនៗយ៉ាងឃោរឃៅបណ្តាលឱ្យសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម ធ្វើឱ្យអ្នកជិតខាងដែលកំពុងអង្គុយនិយាយគ្នាលេងភ័យតក់ស្លុតស្ទុះរត់ទាំងព្រលឹងចុងសក់ ព្រោះពុំធ្លាប់ឃើញអំពើព្រៃផ្សៃកាប់ប្រហារគ្នាបែបនេះ ។
អ្នកភូមិនិយាយថា បុរសឈ្មោះយិន សាម៉ុន នេះជាបុរសពោះម៉ាយមានកូន២នាក់ ឯប្រពន្ធស្លាប់ចោល២ឆ្នាំមកហើយ ។ តាំងពីប្រពន្ធស្លាប់ចោលទៅបុរសនេះខូចចិត្តដើរផឹកស្រាស្ទើររាល់ថ្ងៃ និងមានបងប្អូនតែ២នាក់គត់ មិនដែលមានទំនាស់គ្នាទេ តែពេលនេះមិនដឹងជាផឹកប៉ះចំស្រាអីបានជាឃោរឃៅយ៉ាងនេះ គ្រាន់តែប្អូននិយាយកុំឱ្យលែងគោចោលទៅស៊ីស្រូវប្រាំងរបស់គេ ក៏ខឹងយកកាំបិតមកកាប់ប្រហារប្អូនប្រុសមិនញញើតដៃ ។ ពេលកាប់ហើយក៏យកកាំបិតទៅទុក រួចអង្គុយស្រងូតស្រងាត់តូចចិត្តនឹងទង្វើរបស់ខ្លួនធ្វើខុសកាប់ប្អូន ក៏ដើរទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំធ្មា សុំទទួលទោសតាមច្បាប់ ។ រីឯអ្នកភូមិក៏ប្រញាប់ប្រញាល់ហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។
ចំណែករណីទី២ គឺជនឃោរឃៅវាយឪពុករហូតដល់ស្លាប់ ឈ្មោះម៉ិញ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ។ បើតាមលោកវរសេនីយ៍ត្រី សួស សារិន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ជនរងគ្រោះជាឪពុកឈ្មោះម៉ិញ សាលី អាយុ៥២ឆ្នាំ ត្រូវកូនទុរយសវាយនឹងគល់ឈើអាកាស្យារហូតសន្លប់ធំ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ។
លោកសួស សារិន បានរៀបរាប់ថា កាលពីថ្ងៃទី២៥ មីនា វេលាម៉ោង៨យប់ ឈ្មោះម៉ិញ សំណាង ខណៈមកពីរោងចក្រវិញ បានសួរម្តាយចុងឈ្មោះសំ សាត អាយុ៤២ឆ្នាំ រកផ្តិលទឹក ។ពេលនោះម្តាយចុងប្រាប់ថា មិនដឹងទេឯងរកមើលទៅ។ ជននេះក៏បានឃើញផ្តិលទឹកនៅក្នុងរាវចានលុះពេលយកផ្តិលក៏ធ្វើឱ្យជ្រុះចានលាន់ស្នូរទ្រហឹង ទើបម្តាយចុងស្តីបន្ទោសក៏ផ្ទុះទំនាស់ឡើង ដោយជននេះរុញម្តាយចុងឱ្យដួលផ្ងារក្រោយអុកគូទ ។ ដោយឃើញបែបនេះ ឪពុកខឹងក៏ទាញបានវែកឆាវាយក្បាលកូនចំនួន៣វែកធ្វើឱ្យកូនប្រុសរូបនេះក្តៅក្រហាយស្ទុះទៅទាញបានគល់អាកាស្យាប៉ុនកំភួនជើងវាយទៅលើក្បាលឪពុកមួយព្រនង់បែកក្បាល ដួលសន្លប់ស្តូកស្តឹង ហើយរត់គេចខ្លួនបាត់ទៅ ។ ហេតុការណ៍នេះ ធ្វើឱ្យអ្នកស្រុកឆោឡោឡើងរួចដឹកជនរងគ្រោះទៅកាន់មន្ទីរខេត្ត ដើម្បីសង្គ្រោះ ។ក៏ប៉ុន្តែដោយសារក្បាលស្រាំលលាដ៍ធ្ងន់ធ្ងរ គ្រូពេទ្យក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញបន្តទៀត ។ ប៉ុន្តែនៅតែមិនអាចសង្គ្រោះបានក៏បានស្លាប់នៅវេលាម៉ោង៧យប់ថ្ងៃទី២៦ មីនា ហើយក្រុមគ្រួសារក៏ដឹកសពមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតវិញ ។
ចំណែកកូនប្រុសនេះ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបាននៅផ្ទះអ្នកស្រុកនាថ្ងៃទី២៦ មីនា វេលាម៉ោង៨ព្រឹករួចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តធ្វើការសាកសួរ ។ ជននេះនិយាយថា ខ្លួនទប់កំហឹងមិនបានដោយសារខឹងឪពុកកាន់ជើងម្តាយចុង ។
អំពើហិង្សាយ៉ាងឃោរឃៅមួយទៀត បានកើតឡើងផងដែរគឺកូនប្រុសម្នាក់បានកាប់ប្រហារឪពុករហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម ធ្វើឱ្យអ្នកភូមិមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៧ មីនា វេលាម៉ោង៥និង៣០នាទីព្រឹកនៅវាលស្រែក្រោយផ្ទះ ចម្ងាយប្រមាណជាង១០០ម៉ែត្រ ក្នុុងភូមិត្រពាំងថ្លុង សង្កាត់បាវិត ក្រុងបាវិត ។
តាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះឈ្មោះថាញ់ យឿង ភេទប្រុស អាយុ៥៣ឆ្នាំ ជាទាហានពិការភ្នែកខាងឆ្វេង និងកំបុតដៃខាងឆ្វេងត្រឹមកួយដៃ មានប្រពន្ធឈ្មោះ កុល ផង់ អាយុ៥៨ឆ្នាំ ពិការជើងទាំងពីរ និងមានកូន៤នាក់ ១-ឈ្មោះ ថាញ់ រ៉ាភេទប្រុស អាយុ២៣ឆ្នាំ ធ្វើជាទាហាន ២-ឈ្មោះថាញ់ រ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ធ្វើជាទាហាន ៣-ឈ្មោះ ថាញ់ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ និង៤-ថាញ់ សារិន ភេទស្រី អាយុ១៥ឆ្នាំ ជាកម្មការិនីរោងចក្រ ។
សមត្ថកិច្ចបន្តទៀតថា កាលពីថ្ងៃទី២៦ មីនា ជនរងគ្រោះបានទៅខ្ចីប្រាក់ពីធនាគារមួយយកមកទិញម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងឱ្យកូនប្រុសឈ្មោះថាញ់ រ៉ា ដើម្បីជិះធ្វើការរកសីុចិញ្ចឹមប្រពន្ធ។ នៅម៉ោង៦ល្ងាច កូនប្រុស-ស្រីមកពីធ្វើការ ស្ត្រីជាម្តាយក៏និយាយប្រាប់ពីរឿងឪពុកខ្ចីលុយធនាគារទិញម៉ូតូឱ្យកូនប្រុសច្បងឈ្មោះ ថាញ់ រ៉ា ហើយឱ្យពួកគេទាំងពីរនាក់ជាកូនប្អូនត្រូវខំសន្សំលុយដើម្បីសងរំលស់ធនាគារវិញ ។ ពេលនោះកូនប្រុសឈ្មោះថាញ់ ចំរើន បានខឹងយ៉ាងខ្លាំងក៏ស្រែកឡូឡាស្តីឱ្យឪពុកដែលជាជនរងគ្រោះថា ដើរផឹកស៊ីលេងតែល្បែងជំពាក់គេជុំទិសសងគេមិនទាន់រួចផង ឥឡូវយកលុយធនាគារមកទិញម៉ូតូឱ្យកូនច្បង ហើយឱ្យកូនប្អូនប្រុស-ស្រីជាអ្នករកលុយសងរំលស់ទៅវិញ និងបាននិយាយថា ធ្វើជាឪពុកគេស្រឡាញ់កូនមិនស្មើ។ ប្រតិកម្មជុំវិញបញ្ហារឿងខ្ចីលុយធនាគារខាងលើបានក្លាយជាជម្លោះនៅក្នុងគ្រួសាររហូតឈានដល់ការប្រើហិង្សា ដោយជនរងគ្រោះបានចាប់ក្បាលកូនប្រុសឈ្មោះថាញ់ ចំរើន រុញផ្ទប់នឹងសសរផ្ទះ ហើយស្រែកឱ្យកូនប្រុសច្បងឈ្មោះថាញ់ រ៉ា ជួយវាយ។ តែថាញ់ រ៉ា មិនបានវាយប្អូនទេគ្រាន់តែជួយចាប់ទាញចេញមិនឱ្យឪពុកវាយហើយស្តីបន្ទោសប្អូនមិនឱ្យតបតជាមួយឪពុក តែបុរសជាឪពុកនៅតែឡូឡារករឿងជេរ និងដេញវាយកូនឈ្មោះថាញ់ ចំរើន ផ្អើលពេញភូមិ។ ពេលនោះលោកមេភូមិក៏បានហៅឪពុកនិងកូនៗទាំង៣នាក់ទៅសាលាសង្កាត់ដោះស្រាយទំាងយប់ ទើបពួកគេព្រមឈប់ទាស់គ្នា ហើយឈ្មោះថាញ់ រ៉ា ក៏ជិះម៉ូតូត្រឡប់ទៅភ្នំពេញវិញទាំងយប់។ លុះម៉ោង៩យប់ ជនរងគ្រោះបានជេរកូនម្តងទៀត តែត្រូវបានមេភូមិឃាត់ ។ លុះព្រឹកឡើងថ្ងៃទី២៧ មីនាវេលាម៉ោង៥និង៣០នាទីព្រឹក ពេលអ្នកភូមិយកគោទៅចងឱ្យសីុស្មៅក៏ប្រទះឃើញសពជនរងគ្រោះជាឪពុកដេកស្លាប់នៅក្នុងថ្លុកឈាម ក៏ឆោឡោ ប្តឹងសមត្ថកិច្ចតែម្តង ។
មានការសន្និដ្ឋានថា ជនរងគ្រោះត្រូវកូនប្រុសឈ្មោះថាញ់ ចំរើន លបធ្វើឃាតពេលកំពុងដេកលង់លក់លើគ្រែ វេលាម៉ោង១ទៅម៉ោង២រំលងអធ្រាត្រ ដោយប្រើដែកទំហំ១២លី វាយបាក់ជើងឆ្វេង វាយចំដើមទ្រូង៥ទៅ៦ដែកសន្លប់ រួចលីទៅក្រោយផ្ទះចម្ងាយប្រមាណ១០០ម៉ែត្រ ក៏កាប់ក្បាលមួយកាំបិតទៀតផុងលលាដ៍បណ្តាលឱ្យស្លាប់។ អាវដែលប្រឡាក់ឈាម និងដែកវាយជនរងគ្រោះត្រូវបានរកឃើញនៅក្នុងផ្ទះ។ ឃាតករជាកូនបានជិះម៉ូតូគេចខ្លួននៅអំឡុងម៉ោង២និង៣០នាទីរំលងអធ្រាត្រ រួចយកម៉ូតូទៅផ្ញើផ្ទះគេនៅផ្សារជីភូ។ លុះម៉ោង៣ទៀបភ្លឺក៏ឡើងជិះរថយន្តទៅភ្នំពេញដើម្បីគេចខ្លួនបាត់ទៅ ។
បើតាមលោកមេភូមិនិយាយថា គ្រួសារនេះកើតមានអំពើហិង្សាជាញឹកញាប់ដោយជនរងគ្រោះជាឪពុកស្រវឹង និងដើរលេងល្បែងសីុសងស្ទើររាល់ថ្ងៃ ពេលចាញ់ល្បែងមករករឿងប្រពន្ធ-កូននៅឯផ្ទះ ហើយមានម្ចាស់បំណុលមកទារលុយថ្លៃស្រា និងការចាញ់ល្បែងជាហូរហែត្រូវកូនៗស្រីប្រុស២នាក់រកដោះបំណុលគេផង និងផ្គត់ផ្គង់ជីវភាពគ្រួសារផង។ លុះពេលឪពុកទៅខ្ចីលុយពីធនាគារទិញម៉ូតូឱ្យកូនច្បងដែលធ្វើទាហានទៀតនោះ ធ្វើឱ្យកូនៗឯទៀតមានកំហឹង ទើបមានជម្លោះកើតឡើងយ៉ាងស្រួចស្រាល់រហូតកូនប្រុសឈ្មោះ ថាញ់ ចំរើន វាយ និងកាប់សម្លាប់ឪពុកយ៉ាងសាហាវឃោរឃៅដោយគ្មានញញើតដៃឡើយ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចេញដីកាតាមចាប់ខ្លួនជនល្មើសជាកូនយកមកផ្តន្ទាទោសតាមច្បាប់។ រីឯសពបុរសជាឪពុក ប្រពន្ធគ្មានប្រាក់ដើម្បីធ្វើបុណ្យទេ ត្រូវបានតាអាចារ្យ និងអាជ្ញាធររៃអង្គាសប្រាក់គ្នាដើម្បីធ្វើបុណ្យឱ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ