ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​លូ​​រំដោះ​ទឹក​​នៅតំបន់​បឹង​កក់​​​​បញ្ចៀស​ការ​លិចលង់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃទី២៨ មីនា ​២០១២ ​​សាលា​ខណ្ឌ​​ដូនពេញ​ សហការ​ ជាមួយ​មន្ទីរ​​សាធារណ​ការ​​​ និងដឹក​​ជញ្ជូនរាជធានីភ្នំពេញ ​បានធ្វើ​ការ​​​​ផ្សព្វ​ផ្សាយ​​ដល់ប្រជាពលរដ្ឋ​​​​​បឹងកក់នៅ​​សាល​ប្រជុំ​​ខណ្ឌដូនពេញ ​​ស្តីពី​អនុវត្ត​ផែនការ​​​ជំហាន​ទី១ ​​ក្នុង​​ការ​ដាក់​ប្រព័ន្ធ​​​លូ ដើម្បីរំដោះ​​​ទឹកនៅ​តំបន់​​​បឹងកក់ ។

​​​ក្នុងកិច្ច​ប្រជុំ​ដែល​មាន​ប្រជាពលរដ្ឋ​​​បឹង​កក់ ​​​ចូលរួមនេះ លោក​សាំង ពិសិដ្ឋ ​​ប្រធាន​មន្ទីរ​សាធារណការ​ និង​ដ​ឹកជញ្ជូន​​​​រាជធានីភ្នំពេញ ​​​បានលើក​​ឡើងថា ​​សាលា​រាជ​ធានី​ភ្នំពេញនឹង​អនុវត្ត​​ផែនការ​ជំហានទី១ ​​​ក្នុង​ការ​ដាក់​​ប្រព័ន្ធ​លូ ដើម្បីរំដោះ​ទឹកនៅ​តំបន់បឹង​កក់ ចាប់​ពីថ្ងៃទី២ មេសា ​២០១២ ​​ខាងមុខនេះ ​ដើម្បី​ជួយ​បញ្ចៀស​​​​ការ​លិចលង់​​​​សម្រាប់​​ប្រជាពលរដ្ឋ​​​ ដែលរស់នៅ​​​​តំបន់នោះ ។ ​​ប្រព័ន្ធ​​​​លូដែលនឹង​​ត្រូវ​រៀបចំ​ដាក់​នៅ​តំបន់​បឹងកក់​​​​​ ដើម្បី​ជួយបញ្ចៀស​​​​ទឹកនេះ ​​គឺ​លូ​មានមុខកាត់ទំហំ​១,៥០​ម៉ែត្រ ​​ដែល​នឹង​​ចាប់​ផ្តើម​ដាក់​ពីផ្លូវ​លេខ​៧០ និងផ្លូវ​លេខ​កា៥ ។ ​ ក្រោយ​ពីអនុវត្ត​​​​ផែន​ការជំហាន​​​ទី១​រួច​ហើយ​នោះនឹ​ងបន្ត​អនុវត្តផែន​ការ​ជំហាន​​ទី២ ដែល​ត្រូវ​ដាក់​លូប្រវែង​១០០០​ម៉ែត្រទៀត ត្រូវ​ចំណាយ​ថវិកា​​​​​របស់សាលា​រាជ​ធានីភ្នំពេញ​​ចំនួន​៥០៩.​៦០២.​​០០០រៀល​។

នាឱកាស​ផ្សព្វ​ផ្សាយ​​​​ផែន​ការជំហាន​ទី១​ក្នុង​ការ​ដាក់ប្រព័ន្ធ​លូ​​តំបន់​​បឹងកក់​នោះ លោកសុខ សម្បតិ្ត ​​ជំនួយ​ការ​​​សម្តេចអគ្គ​​មហា​សេនាបតី​តេជោ ហ៊ុន សែន​ និងជា​អភិបាល​​​ខណ្ឌដូនពេញ ​​បានមានមតិ​​​ផ្តាំ​ផ្ញើ​​ដល់ប្រជាពលរដ្ឋ​​បឹងកក់ ដែល​​ចូល​រួមប្រជុំ​​នោះថា ក្នុង​ការអនុវត្តផែន​ការ​​ជំហានទី១ ​​​​ក៏ដូចជា​​​ជំ​ហានទី២ ​​​ដើម្បី​ដាក់​​ប្រព័ន្ធ​​លូបញ្ចៀស​​ការ​លិច​លង់​​​​ទឹកនៅតំបន់​​​បឹង​​កក់នេះ ​​សុំ​ឱ្យ​​ប្រជាពលរដ្ឋ​​​​ចូលរួម​សហការ​​​ឱ្យ​បាន​​ល្អ​ និងមាន​ភាពរលូន​ ហើយបើ​មាន​ប៉ះ​ពាល់​​ប្រការ​ណាមួយនោះ បងប្អូន​ប្រជាពលរដ្ឋ​ ​​​​ពិតជា​​​យោគ​យល់​​​ ហើយ​លោក​សង្ឃឹម​​ថា នឹង​មិនមាន​​​បាតុ​ភាព​​ណាមួយ​​កើតឡើងនោះទេ ៕