រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលសេពគប់មិត្តភក្តិប៉ះចំចោរ លុះផឹកស៊ីជាមួយគ្នាស្រវឹងធ្លាក់ភ្នែកចូលដេកជ្រុះកូនសោម៉ូតូ ក៏ត្រូវមិត្តភក្តិដែលជាចោរនោះឃើញរើសយកទៅចាក់ម៉ូតូលួចជិះទៅបាត់ស្រមោល ។ ឯយុវជនរូបនេះក្រោយភ្ញាក់ពីដេកបាត់ម៉ូតូដឹងថាត្រូវមិត្តភក្តិលួចយកទៅដែរ ប៉ុន្តែខ្លាចម្តាយស្តីបន្ទោស និងចង់ឱ្យម្តាយទិញម៉ូតូថ្មីឱ្យជិះវិញ ក៏កុហកថាត្រូវចោរប្រដាប់អាវុធភ្ជង់គំរាមបាញ់សម្លាប់ប្លន់យកម៉ូតូទៅបាត់ហើយ ។
បន្ទាប់ពីឮកូននិយាយប្រាប់បែបនេះ ស្ត្រីជាម្តាយមិននៅស្ងៀមទេ បាននាំកូនធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិសចោមចៅដើម្បីដាក់ពាក្យប្តឹង ហើយប៉ូលិសបានទទួលបណ្តឹងភ្លាមៗ និងនាំយុវជននេះទៅចង្អុលបង្ហាញចំណុចកើតហេតុ និងធ្វើការស្រាវជ្រាវតាមជំនាញដឹងថាយុវជននេះកុហក ក៏ឃាត់ខ្លួនដើម្បីសួរនាំទើបធ្លាយរឿងលួចមិនមែនប្លន់ឡើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២៧ មីនា ឆ្នាំ ២០១២ នៅផ្ទះជួលម្តុំរោងចក្រកាត់ដេរ ឃ្យូអឹមអាយ (QMI) ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរូបនេះឈ្មោះស៊ីន ចាន់ណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ឯម៉ូតូដែលត្រូវមិត្តភក្តិលួចយកទៅនោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ។ ចំណែកមិត្តភក្តិដែលមានគំនិតជាចោរលួចយកម៉ូតូទៅបាត់ឈ្មោះចិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ។ តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុយុវជនរូបនេះរួមជាមួយមិត្តភក្តិឈ្មោះចិន និងមិត្តភក្តិផ្សេងៗទៀតមានគ្នាសរុប៥នាក់ បានអង្គុយផឹកស៊ីជុំគ្នាអស់ស្រាចំនួន៤ដប រហូតស្រវឹងធ្លាក់ភ្នែកគ្រប់ៗ គ្នា បន្ទាប់មកទើបបែកគ្នាចូលដេក ដោយយុវជនស៊ីន ចាន់ណា និងឈ្មោះចិន ដេកនៅក្នុងបន្ទប់ជាមួយគ្នាតែពីរនាក់ ។ ពេលនោះយុវជនខាងលើដេកលក់ ហើយជ្រុះកូនសោម៉ូតូពីហោប៉ៅខោ ក៏ត្រូវឈ្មោះចិនរើសយកទៅចាក់សោម៉ូតូអូសចេញពីក្នុងបន្ទប់ជិះយកទៅបាត់តែម្តង ។
ប្រភពដដែលឱ្យដឹងទៀតថា ខណៈនោះអ្នកជិតខាងបានប្រទះឃើញជននោះអូសម៉ូតូជិះចេញទៅដែរ ប៉ុន្តែមិនបានចាប់អារម្មណ៍ថា ជាចោរលួចឡើយ គឺនឹកស្មានថាទៅរកទិញគ្រឿងក្លែមបន្តទៀត។ លុះក្រោយមកពេលភ្ញាក់ពីដំណេក យុវជនជាម្ចាស់ម៉ូតូមានការភ្ញាក់ផ្អើល ព្រោះបាត់ទាំងម៉ូតូ និងមិត្តភក្តិម្នាក់នោះ ក៏ដឹងថាមិត្តភក្តិនោះជាអ្នកលួច ប៉ុន្តែដោយសារខ្លាចម្តាយស្តីបន្ទោសនិងមិនទិញម៉ូតូឱ្យជិះទៀត ក៏បែកគំនិតកុហកបំប៉ោងសភាពការណ៍ថា ត្រូវក្រុមចោរប្រដាប់អាវុធភ្ជង់គំរាមបាញ់សម្លាប់ប្លន់យកម៉ូតូ និងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។
ប្រភពដដែលបន្តទៀតថា ក្រោយពេលកូនប្រុសទៅប្រាប់ថាត្រូវចោរប្លន់យកម៉ូតូបែបនេះស្រ្តីជាម្តាយក៏នាំកូនប្រុសទៅកាន់ប៉ុស្តិ៍ប៉ូលិសចោមចៅដាក់ពាក្យប្តឹងឱ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងមួយជំហានដំបូងប៉ូលិសនាំយុវជននោះទៅចង្អុលត្រង់ចំណុចដែលអះអាងថា ត្រូវក្រុមចោរប្រដាប់អាវុធប្លន់ ។ ពេលទៅដល់ប៉ូលិសធ្វើការសាកសួរសាក្សីនានាត្រូវគេប្រាប់ថា គេបានឃើញមិត្តភក្តិរបស់យុវជននោះអូសយកម៉ូតូជិះចេញទៅដែរ តែនឹកស្មានថាជិះទៅទិញគ្រឿងក្លែមដើម្បីផឹកស៊ីបន្តទៀត ដែលបន្ទាប់ពីទទួលបានការបំភ្លឺពីសាក្សីបែបនេះ ប៉ូលិសក៏ឃាត់ខ្លួនយុវជននោះភ្លាមៗ តែម្តង ។ ក្រោយការឃាត់ខ្លួន ប៉ូលិសបាននាំទៅសួរនាំនៅប៉ុស្តិ៍ហើយដោយមិនអាចប្រកែកបាន ជននេះក៏បានសារភាពតាមត្រង់ថាម៉ូតូរបស់គេត្រូវមិត្តភក្តិឈ្មោះចិន លួចយកទៅមិនមែនជារឿងប្លន់ទេ ប៉ុន្តែដោយរូបគេខ្លាចម្តាយស្តីបន្ទោស និងមិនទិញម៉ូតូថ្មីទៀតឱ្យជិះ ទើបកុហកថា ត្រូវចោរប្រដាប់អាវុធប្លន់បែបនេះទៅ ។
បន្ទាប់ពីជននោះសារភាពពីការនិយាយផ្តេសផ្តាសបំប៉ោងសភាពការណ៍បែបនេះ ទើបលោកអធិការប៊ន សំអាត ឱ្យជននោះសរសេរលិខិតសុំទោស និងធ្វើកិច្ចសន្យាបញ្ឈប់នូវគំនិតខិលខូចបែបនេះទៀត បន្ទាប់មកទើបដោះលែងទៅវិញបន្ទាប់ពីឃុំខ្លួនរយៈពេល១យប់ ៕
ចែករំលែកព័តមាននេះ