ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​​មកពី​​រាំ​សប្បាយ​​ក្នុង​ពិធី​មង្គល​ការ​ ​ក្មេង​ទំនើង​ស្ទាក់​វាយ​សន្លប់​ជាង​១២​ម៉ោង​

14 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង ៖ ​បុរស​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់​ធ្ងរ​​រហូត​​សន្លប់​ជាង​១២​ម៉ោង​​​​ហើយ នៅ​មិន​ទាន់​ដឹង​ខ្លួន​ទៀត​បន្ទាប់​ពី​ត្រូវជន​ពុំ​ស្គាល់​មុខ​លួចវាយតាម​ផ្លូវ ខណៈ​​ត្រឡប់​​មក​ពី​​ហូប​ការ​បង​ប្អូនវិញ ។ ហេត​ុការណ៍​​ស្ទាក់​វាយ​បុរស​ខាង​លើ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ មីនា នៅ​តាម​ផ្លូវ​ស្ថិត​ក្នុង​ភូមិ​​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុករលា​ប្អៀរ ។ ​

តាម​ការរៀបរាប់​របស់ក្រុម​គ្រួសារបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​លុយ លាវ អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ទឹក​​​ហូត ។ នៅ​ថ្ងៃ​កើតហេតុ​ជន​រងគ្រោះ​បាន​​ទៅ​ហូប​​ការ​​បង​ប្អូន​​នៅ​ចុង​ភូមិ​ទឹក​ហូត ហើយ​ក៏​​​នៅរាំ​លេង​កម្សាន្ត​រហូត​ដល់​យប់​ជ្រៅ​ ទើប​ត្រឡប់​មក​ផ្ទះ​​វិញ ដោយ​​ថ្មើរ​​​ជើង លុះ​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​ជន​ពុំ​ស្គាល់​មុខ​មួយ​ក្រុម​ព្រួត​វាយ​រហូតដល់​សន្លប់ ហើយ​ត្រូវបាន​អ្នក​ភូមិ​ប្រទះ​ឃើញ​​​ក៏ជួយ​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត ។ ​ជន​រងគ្រោះ​​ត្រូវ​គេ​វាយ​ចំ​ក្បាល​​​ផ្នែក​ខាង​​ក្រោយ​ដែល​​សន្លប់រហូត​ម៉ោង​១២​ថ្ងៃត្រង់​​ថ្ងៃទី​២៨ មីនា នេះ​​នៅពុំ​ទាន់​ដឹង​ខ្លួន​​នៅ​ឡើយ​ទេ។

នគរបាលមូល​ដ្ឋាន​​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​​ថា ជន​រងគ្រោះ​ពេល​​រាំ​ធុង​បាស់​​មាន​​ទំនាស់​​ជាមួយ​​​ជន​មួយ​ក្រុម​ទៀត​ដោយ​​សារ​រាំ​ជាន់​​ជើងគ្នា ទើប​​បណ្តាល​ឱ្យ​​គេ​ស្ទាក់​វាយ​បែប​នេះ ៕