រាជធានីភ្នំពេញ ៖ កម្មករលាងម៉ូតូម្នាក់ត្រូវអាណាព្យាបាលខាងស្រីសហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ តាមឃាត់ខ្លួនពីខេត្តសៀមរាប កាលពីថ្ងៃទី២៦ មីនា នាំទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ថា បានពង្រត់ និងរួមភេទជាមួយក្មេងស្រីជាអានីតិជនដោយមិនស្របច្បាប់ ។
កម្មករលាងម៉ូតូដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះទេន ឌុក ហៅធា អាយុ១៧ឆ្នាំ ជាកម្មករលាងម៉ូតូនៅផ្លូវលេខ៣៥៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង ។ ទាក់ទិនករណីឃាត់ខ្លួនយុវជនខាងលើនេះលោកវរសេនីយ៍ទោ កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា ការឃាត់ខ្លួនយុវជនខាងលើធ្វើឡើងតាមបញ្ជារបស់លោកសុខ រឿន ព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះឈឹម ប្រុស អាយុ៣៩ឆ្នាំ ដែលអះអាងថា ជាឪពុកក្មេងស្រីជាអនីតិជន។ លោកកែវ ធា បន្តថា ជនប្រព្រឹត្តបទល្មើសម្នាក់ឈ្មោះទេន ឌុក ហៅធា ត្រូវបានក្រុមគ្រួសារជនរងគ្រោះប្រគល់ឱ្យសមត្ថកិច្ចវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២៦ មីនា ដែលចោទថា យុវជនរូបនេះបាននាំកូនស្រីគេអាយុ១៣ឆ្នាំ ចេញពីផ្ទះកាលពីថ្ងៃទី២៤ មីនាយកទៅរួមភេទនៅផ្ទះសំណាក់ក្នុងរាជធានីភ្នំពេញ និងបន្តទៅខេត្តសៀមរាប ។
យោងតាមពាក្យបណ្តឹងបាន ដោយចោទប្រកាន់យុវជននោះថា កាលពីថ្ងៃទី២៤ មីនា កូនស្រីគេឈ្មោះ ផ.ស.ម អាយុ១៣ឆ្នាំ បានបាត់ពីផ្ទះមិនដឹងទៅណា ។ ក្រុមគ្រួសារបានស្វែងរក ទើបក្រោយមកមានដំណឹងថា ឈ្មោះទេន ឌុក ហៅធា ជាកម្មលាងម៉ូតូនៅម្តុំទួលគោក នាំនាងទៅខេត្តសៀមរាប ក៏ប្តឹងសមត្ថកិច្ចឱ្យតាមចាប់ខ្លួនតែម្តង ៕


ចែករំលែកព័តមាននេះ