ខេត្តកំពត ៖ សកម្មភាពចោរកាច់សោ.កម៉ូតូនៅក្នុងទឹកដីក្រុងកំពត បច្ចុប្បន្នកំពុងកម្រើកឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ។ ជាក់ស្តែងកាលពីវេលាម៉ោង៥និង១៣នាទីល្ងាចថ្ងៃទី២៧ មីនា ២០១២ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត មានសិស្សស្រីម្នាក់រៀននៅអនុវិទ្យាល័យរតនៈវិជ្ជាបានចតម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ នៅមុខហាងលក់ភេសជ្ជៈ និងគ្រឿងទេសយីហោហេងឌី ដើម្បីចូលទិញអីវ៉ាន់មួយប៉ព្រិចភ្នែកក៏ត្រូវចោរលួចកាច់សោ.កម៉ូតូយកទៅ បាត់ដោយសុវត្ថិភាព ។
ក្រោយពីចោរធ្វើសកម្មភាពកាច់សោ.កយកម៉ូតូទៅបាត់ ទើបម្ចាស់ដឹងឆោឡោឡើងផ្អើលប្រជាពលរដ្ឋនៅក្បែរនោះ និងម្ចាស់ហាង ។ ពេលសមត្ថកិច្ចមកដល់សុំពិនិត្យតាមកាមេរ៉ាដែលម្ចាស់ហាងបំពាក់នៅពីលើបានឃើញភិនភាគ និងសកម្មភាពពេលចោរកំពុងធ្វើយ៉ាងច្បាស់។ ចោរមានភិនភាគភេទប្រុស ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវស ដៃវែង ពាក់មួកសុវត្ថិភាព បិទកញ្ចក់។ មុននឹងលួចកាច់សោម៉ូតូ ចោរបានបន្លំខ្លួនចូលទិញអីវ៉ាន់ក្នុងហាងជាមួយភ្ញៀវដទៃទៀត រួចដើរចេញមកក្រៅហាងកាច់សោ.កម៉ូតូជិះចេញតែម្តង ។
ប៉ូលិសឱ្យដឹងថា ជនរងគ្រោះដែលត្រូវចោរលួចកាច់សោ.កម៉ូតូនេះឈ្មោះអឹុង កួយអីុ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ៕


ចែករំលែកព័តមាននេះ