ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​​ព្យាបាល​ធ្មេញបស្ចិម​ប្រារព្ធ​វេទិ​ការក្សា​សុខ​ភាព​មាត់​ធ្មេញ

14 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ក្រោ​ម​កិច្ច​សហ​ការ​រវាង​មន្ទីរ​​ព្យាបាល​ធ្មេញ​បស្ចិម​សាខ​ា​ខេត្ត​សៀម​រាប​ជាមួយ​នឹង​សាលា​អន្តរជាតិហ៊្វុល​ ប្រៃ​ ក្នុង​ខេត្ត​ វេទិកា​សុខ​ភាព​សាធារណៈ​មួយ​ស្តី​ពី​ការ​ថែរ​ក្សា​សុខ​ភាព​មាត់​ធ្មេញ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​នៃសាលា​អន្តរជាតិ​ហ៊្វុល​ប្រៃ​នា​ក្រុង​សៀម​រាប​ កាលពីព្រឹក​ថ្ងៃទី​២៤​ មីនា​ កន្លង​ទៅនេះ​ ក្រោម​អធិ​បតី​ភាព​លោក ហោ សីុ​នួន​ ប្រធា​ន​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​សាខា​ខេត្ត​សៀម​រាប​ លោក​ ស៊ុំ​ ប៊ុន​ថន​ នាយក​សាលា​​​​អន្តរ​​​ជាតិ​ហ៊្វុលប្រៃ​ និង​មាន​ការចូល​រួម​ពីសំណាក់​ប្រជា​​​ពលរដ្ឋ​ តំណាង​មាតា​បិតា​សិស្ស​ លោក​គ្រូ​-អ្នក​គ្រូ​ ព្រម​ទាំង​កុមារ​សិស្ស​ទាំង​ពីរភេទ​សរុប​ចំនួន​៣០០​នាក់​ ។

លោក​ ស៊ុំ​ ប៊ុន​ថន​ នាយក​សាលា​អន្តរជាតិ​ហ៊្វុល​ប្រៃ​ខេត្ត​សៀម​រាប​ ថ្លែង​ឱ្យដឹងថា សាលា​អន្តរជាតិ​ហ៊្វុល​ប្រៃ​ បាន​បើក​ដំណើរ​ការ​បង្រៀន​រយៈ​ពេលជិត​៤​ឆ្នាំ​មក​ហើយ​ ដោយ​​ទទួល​បាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ និង​ក្រៅ​ស្រុក​ ហើយ​បច្ចុប្ប​ន្ន​សាលា​មាន​គ្រូ​២៨​នាក់​ និង​មាន​សិស្ស​សរុប​​ជាង​៦០០​នាក់​ ។ ទាក់ទិន​វិស័យ​អប់រំផ្នែក​ភាសាអង់​គ្លេស​ មាន​គុណ​ភាព​ពិត​ប្រាកដ​តាម​រយៈ​កម្ម​វិធី​សិក្សា​ទំ​នើប​ៗ​ ដែល​សិក្សា​ជាមួយ​នឹង​គ្រូ​ខ្មែរ​ សាស្ត្រាចារ្យ​បរទេស​​ពោ​រ​ពេញ​ដោយបទ​ពិ​សោធន៍​។ លោក​នាយក​សាលា​បញ្ជាក​់ដែរថា​ ការរួម​សហការ​រៀប​ចំ​ឱ្យ​មាន​​វេទិកា​ស្តី​ពី​សុខ​ភាព​មាត់​ធ្មេញ​ និងលាប​ Flouride ពីសំណាក់​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​សាខា​ខេត្ត​សៀម​រាប​នេះ​ គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​និង​លើក​ទឹក​ចិត្ត​មួយ​ចំពោះ​សិស្សា​នុសិស្ស​ ។

លោក​ ហោ​ ស៊ី​នួន​ ប្រធាន​​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិមសាខា​ខេត្ត​បាន​ថ្លែង​ឱ្យ​ដឹង​ថា មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​ គឺ​ជាមន្ទីរ​ព្យាបាល​ធ្មេញ​មួយ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ដែល​ផ្តល់​នូវ​សេវា​កម្ម​ព្យាបាល​សុខភាព​មាត់​ធ្មេញ​ ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​ អនាម័យ​ល្អ​​​ សេវាកម្ម​ឈាន​មុខ​គេ​ ។ រហូត​មក​ទល់​នឹង​ពេល​នេះ​មា​នអា​យុ​កាល​រយៈ​ពេល​១៣​ឆ្នាំ​ហើយ​ ព្រម​ទាំង​បាន​ទទួល​ស្គាល​់​លំដាប់​ជាអន្តរជាតិ​ និង​ទទួល​បាន​ស្តង់​ដា​អន្តរជាតិ​ ISO9001-2008ពី​ចក្រ​ភព​អង់​គ្លេស​ ។

ទាក់​ទិន​នឹងសុខភាព​មាត់​ធ្មេញ​ មាន​សារ​​សំខាន់ណាស់​ ព្រោះថា​ ផល​វិបាក​នៃ​សុខ​ភាព​មាត់​ធ្មេញ​រួម​មាន​ ១-​ការ​ឈឺ​ចាប់​ ២-​ប៉ះពាល់ដល់​​​ការ​ទទួល​ទាន​អាហារ​ ៣-​ប៉ះ​ពាល់ដល់​ការ​សិក្សា​ និង​ការងារ​ផ្សេង​ៗ​ ៤-​ប៉ះ​ពាល់​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​ ៥-​ខាត​បង់​ថវិកា​ និង​ពេល​វេលា​ ។ ហើយ​អត្ថ​ប្រយោជន៍​ និង​គោល​បំណង​នៃ​ការរៀប​ចំ​ឱ្យ​មាន​វេទិកា​សុខ​ភាព​សាធារណៈ​នេះ​គឺ​ ១-​ដើម្បី​ផ្តល់​នូវ​ស​កម្ម​ភាព​សប្បុរស​ធម៌​លើ​ការ​ពិនិ​ត្យ​សុខ​ភាព​មាត់​ធ្មេញ​ និងលាប​Flouride ផ្តល់​ជូ​នប្រជាពល​រដ្ឋ​ជាមាតា​បិតា​ និង​សិស្ស​ក្នុង​សាលា​ដោយ​ឥត​គិតថ្លៃ​ និង​២-ដើ​ម្បី​លើក​កម្ពស់​ផ្នែក​សុខ​ភាព​មាត់​ធ្មេញ​ និ​ង​ការ​ថែរក្សា​ឱ្យ​បាន​ត្រឹម​ត្រូវ​តា​មវេជ្ជ​បញ្ជា​របស់​ទន្ត​បណ្ឌិត​ ។

លោក​បាន​សំណូម​ពរ​ផង​ដែរ​ដល់ប្រជា​​​​​ពលរដ្ឋ​ និងកុមារសិស្ស​ទាំងអស់​ ធ្វើ​យ៉ាង​ណា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សុខ​ភាព​មាត​់​ធ្មេញ​ឱ្យ​បាន​ល្អត្រឹម​ត្រូវ​ ជាពិសេស​គួរតែ​ទៅ​ជួប​ទន្ត​​បណ្ឌិត​យ៉ាង​ហោច​ណាស់​៦​ខែម្តង​។ វេទិកា​សាធារណៈ​ស្តី​ពី​ការ​ថែ​រក្សា​សុខភាព​មាត់​ធ្មេញ​នេះ​ ក៏​មានការ​​ផ្តល់​នូវ​រង្វាន់​ជូន​​​ដល់​​ក្រុ​ម​កុមារ​​​សិស្ស​ ដែល​ចូលរួម​និង​លេង​កម្សាន្ត​ផង​ដែរ ៕