ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០១២ លោកង៉ោ ម៉េងជ្រួន អភិបាលក្រុង និងលោកប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារមួយក្រុមចុះមកបើកការដ្ឋានសាងសង់បន្តផ្លូវបេតុងមួយខ្សែប្រវែង១២០ម៉ែត្រ នៅចំណុចផ្លូវចូលទៅអង់តែន០១៦ ខាងលិចវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមការបំភ្លឺពីតំណាងក្រុមហ៊ុនអ៊ួយសុភាព ដែលជាក្រុមហ៊ុនសាងសង់ផ្លូវបេតុង នៅក្រុងប៉ោយប៉ែត បានប្រាប់កោះសន្តិភាពឲ្យដឹងថា ផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវអង់តែ០១៦នេះ បានសាងសង់រួចមួយចំហៀងមកហើយ តែមួយចំហៀងទៀត នៅមិនទាន់រួចរាល់ដោយសារតែដីនោះជាដីវត្តខ្វះថវិកាសាងសង់បន្ត។ ប៉ុន្តែក្រោយពីមានការកៀងគររកថវិកាពីសំណាក់លោកអភិបាលក្រុង និងលោកក្រុមប្រឹក្សាបានធ្វើសំណើសុំដល់ក្រុមហ៊ុនអានកូ ទើបបានថវិកាមួយចំនួនមកសាងសង់ផ្លូវបេតុងបន្តមានចម្ងាយ១២០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្ពស់១តឹកកន្លះអស់ថវិកាជាងមួយម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ផ្លូវបេតុងប្រវែង១២០ម៉ែត្រនេះ គឺជាការឧបត្ថមពីក្រុមហ៊ុនអានកូតាមរយៈសាលាក្រុងប៉ោយប៉ែត ដើម្បីយកមកសាងសង់បន្ត ព្រោះតែផ្លូវមួយចំហៀងនេះជាប់នឹងរបងវត្ត ហើយរាំងស្ទះថវិកាមិនអាចសាងសង់បាននាពេលកន្លងមក។ លោកបន្តទៀតថា ចំពោះផ្លូវដែលនៅសល់មានចំងាយ៣២០ម៉ែត្រ នឹងអនុវត្តសាងសង់បន្តតាមលក្ខណៈជំហានគីង្គក់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ។
សូមរំលឹកផងដែរថា ផ្លូវបេតុងនៅជុំវិញផ្សារអគ្គថ្មីគេឃើញមានការស្ថាបនាឡើងបានតែមួយចំហៀងប៉ុណ្ណោះ ហើយនៅសេសសល់មួយចំហៀងទៀតកំពុងតែដង្ហើយហៅអាជ្ញាធរឲ្យជួយសាងសង់បន្តផង ព្រោះតែរដូវស្សាជិតឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះហើយ ៕



ចែករំលែកព័តមាននេះ