រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប៉ូលិសអន្តរាគមន៍ខណ្ឌទួលគោកស្ទាក់ចាប់បាននៅមុខវិទ្យាល័យជា ស៊ីម សាមគ្គី ក្រោយពេលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីលក់ស្រាបៀរម្នាក់នៅពេលកំពុងជិះម៉ូតូតាមបណ្តោយផ្លូវលេខ២៧១ ខាងជើងមន្ទីរពេទ្យព្រះកុសុមៈ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក វេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ។
ជនសង្ស័យដែលប៉ូលិសអន្តរាមន៍ចាប់បានឈ្មោះពៅ ចាន់តារា ភេទប្រុស អាយុ១៨ឆ្នាំស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះឌួង សុភ័ក្រ អាយុ២៩ឆ្នាំ ជាស្ត្រីលក់ស្រាបៀរនៅហាងមួយកន្លែង មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តាមស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកស្ទេបចេញពីផ្ទះនៅម៉ោង៧និង១៥នាទីយប់ថ្ងៃទី២៦ មីនា តាមបណ្តោយផ្លូវ២៧១ពីត្បូងទៅជើង ។
ពេលមកដល់ចំណុចកើតហេតុមានជន២នាក់ជិះម៉ូតូវីវ៉ាមកអែប ហើយអ្នកជិះពីក្រោយបានឆក់យកកាបូបដែលព្យួរនៅនឹងដៃម៉ូតូខាងឆ្វេង ពេលនោះគាត់ស្រែកចោរៗផ្អើលដល់ប៉ូលិសក៏ដេញតាមចោរឆក់នោះ ។ ចំណែកចោរស្ទាវ ពេលបើករត់មកដល់មុខវិទ្យាល័យជា ស៊ីម សាមគ្គី ក៏ត្រូវប៉ូលិសប្រចាំនៅទីនោះចេញមកស្ទាក់ចាប់បានម្នាក់ ។ ឯម្នាក់ទៀតបានរត់ចូលទៅក្រោយវិទ្យាល័យនោះគេចខ្លួនបាត់ស្រមោល ។ ក្រោយពេលប៉ូលិសអន្តរាគមន៍ចាប់បានចោរនិងម៉ូតូវីវ៉ា១គ្រឿងប្រគល់ទៅឱ្យប៉ូលិសព្រហ្មទណ្ឌក្រសួងដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ