ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​ដើរ​លេងយប់​វាយ​ប្រហារគ្នា​នៅ​មុខក្លឹប​រាត្រីស្ពេស៍

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ម៉ោង​១​រំលង​អធ្រាត្រ​​ថ្ងៃ​ទី​២៧​ មីនា ក្មេង​ទំនើង​២​ក្រុម​ដេញ​កាប់ ចាក់​គ្នា និង​គប់​ដុំថ្ម​ដាក់​គ្នា​យ៉ាង​អនា​ធិប​តេយ្យ​​នៅ​មុខ​ក្លឹប​ស្ពេស៍ តា​ម​បណ្តោយ​​​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​​មិត្ត​ភាព​​​ ខណ្ឌ​៧​មករា ។
ឈ្មោះ​ធី សុធា ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ អ្ន​ក​រត់​តុ​នៅ​ភោជនីយដ្ឋាន​មួយ ស្នាក់​​នៅ​ក្រោយ​វិទ្យាល័យ​​សុធារស ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​​​​​​​​ ដែល​ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​ឱ្យ​​ដឹងថា ​​​ក្រុម​របស់​​គេ​មាន​គ្នា​៨​នាក់​ ជិះ​ម៉ូតូ​៣​គ្រឿង​ម៉ាក​ឌ្រីម ​សេ​១​២៥ ​ស៊េរី​២០០៨ ម៉ាក​ឌ្រីម​ ​​សេ​១១០ ស៊េរី​២០១២ និង​ម៉ាក​អាយ​ខន​ទៅ​អង្គុយ​​លេង​នៅ​​​​មុខ​ណា​ហ្គា​វើល ស្រាប់​​តែ​​មាន​ជន​មួយ​ក្រុម​​ទៀត​មាន​គ្នា​៦​​​​​​​​​​​​​​​​​​​​​​​​​នាក់​ ជិះ​ម៉ូតូ​ទៅ​រក​រឿង​ឈ្លោះ​ប្រកែក​ជា​មួយ​ពួក​គេ ហើយ​បោះ​​ពាក្យ​សម្តី​ថា​បើ​​ចង់​​ជួប​ពួក​គេ​​​​ទៅ​ចាំ​​នៅ​មុខ​ក្លឹប​ស្ពេស៍​ចុះ ។

ប្រភព​ដដែល​បន្ត​​​​​ទៀត​ថា បន្ទាប់​មក​ពួក​គេ​ក៏​ទៅ​ចាំ​​​​​​​​​​​​​​​​​​ក្រុម​នោះ​នៅ​មុខ​ក្លឹប​ស្ពេស៍​ ។ ពេល​ឃើញ​ក្រុម​នោះ​​ចេញ​ពី​​ក្លឹប​​ ពួក​គេ​​ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ និង​កាំ​បិត​​​​បាន​រត់​ទៅ​ដេញ​កាប់​ និង​ចាក់ ប​ណ្តាល​ឱ្យ​រង​របួស​ម្នាក់​ ។ ស្រប​ពេល​​​​​នោះ​​កង​រាជ​អាវុធ​ហត្ថ​ដើរ​ល្បាត​​ឃើញ​ក៏​ដេញ​តាម​​​​​​​​​​​​​​​​​ចាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បណ្តាល​ឱ្យ​ម៉ូតូ​ឌ្រីម សេ​​១២៥ ស៊េរី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០០៨ ជិះ​គ្នា​២​នាក់​ ជ្រុល​​ទៅ​បុក​គំរប​លូ​​បាក់​ខ្នង​​ក្រោយ​ខ្ទេច​បើក​ទៅ​មុខ​លែង​រ​​ួច និង​ម្នាក់​រត់​ទៅ​ជិះ​ម៉ូតូ​អាយ​ខន​​ នៅ​សល់​​​​តែ​រូប​​គេ​ (​ធី សុធា) រត់​ទៅ​ពួន​​នៅ​ក្នុង​​​​​​​​​​ហាង​ អ៊ីន​ធើរណេត ក៏​ត្រូវ​កង​រាជ​អាវុធ​​ហត្ថ​​​​​​​​​​​ចាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​យក​ទៅ​សាក​សួរ ។

ឈ្មោះ​ពេជ្រ សត្យា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ជា​និស្សិត​ និង​ជា​ក្រុម​ម្ខាង​ទៀត​​​ ​ដែល​រង​របួស​បែក​ត្របក​ភ្នែក​ស្តាំ និង​ម្នាក់​ទៀត​​​​​ឈ្មោះ​​ប៊ុន សុខ​ពិសិដ្ឋ​ អាយុ​២៣​ឆ្នាំ ជិះ​ម៉ូតូ​ស្គូពី  ទាំង​ពីរ​នាក់​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫ​ស្សីកែវ និយាយ​ថា ពួក​គេ​​មាន​គ្នា​៦​នាក់​​​ មិន​បាន​​​ទៅមុខ​​​​ណា​​ហ្គា​វើល​ដូច​ពួក​បង្ក​របួស​ចោទ​ប្រកាន់​​ទេ ព្រោះ​ថា​ពួក​គេ​ចេញ​ពី​ផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ម៉ោង​១០​យប់​ ហើយ​ក៏​នាំ​គ្នា​ទៅ​រាំ​​​​​​​​​​​​​កម្សាន្ត​នៅ​ក្លឹប​ស្ពេស៍ ។ ពេល​ចេញពីក្លឹប​វិញ​​ ស្រាប់​តែ​ត្រូវ​ក្រុម​នោះ​​វាយ​ប្រហារ​​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ពេល​ពួក​គេ​ចូល​ទៅ​អង្គុយ​​លើ​សាឡុង​ផឹក​ស៊ី​ ហើយ​ឡើង​រាំ​កម្សាន្ត​​ឃើញ​ក្រុម​ជន​បង្ក​របួស​នៅ​អង្គុយ​​​​​​​​​​​សាឡុង​​ជិត​គ្នា។​​ ​ពេល​​​​​​ឡើង​រាំ​ក្រុម​នោះ​​ចេះ​តែ​តាម​​រក​រឿង​​​​ពួក​គេ ។ បន្ទាប់​​មក​ឈ្មោះ​ពេជ្រ សត្យា​​​​​ដើរ​ទៅ​​​​​​​​​​​​​​​​​​​​​ជល់​​កែវ​ជា​មួយ​ភ្ញៀ​វ​​​ដែល​អង្គុយ​​​​​​​​នៅ​សាឡុង​ជិត​​​​​​​​​​​ក្រុម​ជន​បង្ក​របួស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ​​ក្រុម​ភ្ញៀវ​នោះ​​ក៏​ស្គាល់​ក្រុម​បង្ករបួស​​ដែរ និង​​បាន​​​ជល់​​កែវ​ជុំ​គ្នា​​​ ។ ​ឈ្មោះ​​​ពេជ្រ​ សត្យា ​បាន​និយាយ​ទៅ​កាន់​​ក្រុម​បង្ករ​​បួស​​ថា «​​សុទ្ធ​តែ​គ្នា​ឯង​ទេ​ កុំ​ប្រកាន់​អី​» រួច​ក៏​ត្រឡប់​ទៅ​អង្គុយ​​​​​​​​​​​​​​​​​​​រៀង​ខ្លួន​​វិញ ។ លុះ​ពេល​រាំ​បន្ត​ទៀត​​ស្រាប់​តែ​បាត់​​ក្រុម​បង្ករ​បួស​​ពី​លើ​សាឡុង​អស​់​រលីង​​នៅ​សល់​តែ​នារី​ម្នាក់​​​អង្គុយ​នៅ​លើ​សាឡុង​នោះ ។

ប្រភព​ដដែល​បន្តថា បន្ទាប់​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួក​គេ​គិត​លុយ​​រួច​រាល់​​​​​​​​​​​​​​​​​​​​​​ ហើយ​ដើរ​ចេញ​ប្រុង​ទៅ​យក​រថយន្ត​​​​​​​ និង​ម៉ូតូ​​ ស្រាប់​តែត្រូវ​​ជន​បង្ក​​របួស​ស្ទុះ​ទៅ​កាប់​ និ​ងចាក់​ធ្វើ​ឱ្យ​ពួ​កគេ​​រត់​​​ប្រសាច​តែ​ម្តង។ ស្រប​ពេល​ក្រុម​ទាំង​ពីរ​​​កំពុង​ប៉ះទង្គិចគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះ​​​យុវជន​ឈ្មោះ​ហេង ​កក្កដា ​ដែល​ដើរ​ចេញ​ពី​ក្នុង​ក្លឹប​​​​​​​​​​​​​​​​​​​​​ក៏​ត្រូវ​គេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គប់​ដុំ​ថ្ម​ចំបណ្តាល​ឱ្យ​រង​របួស​ដែរ ។ ​ជន​បង្ករបួស​​​​​ដែល​កង​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​បាន​ម្នាក់​នោះ និង​​ម៉ូតូ​ដែល​ខូច​​ខាត​​​ត្រូវ​នគរ​បាល​​​​​​​​​​​​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​​​​​​​​​អូរឫស្សី​ទី៤ ៕