ខេត្តព្រះវិហារ ៖ ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិជួរមុខព្រំដែនកម្ពុជា-ថៃទិសយោធភូមិភាគ៤ កាលពីរសៀលថ្ងៃទី២៦ មីនា នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំជួរមុខចំណុច៩៥ក្បែរតំបន់ប្រាសាទព្រះវិហារ មានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិដល់នាយទាហានជាន់ខ្ពស់ចំនួន២រូប ។
លោក អ៊ុំ ម៉ារ៉ា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោមកពីកងអង្គរក្ស ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាក្រកម្ពុជា ដំឡើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ឯក និងរក្សាក្របខណ្ឌក្នុងកងយោធពលខេមរភូមិន្ទ និងលោក ស ថាវី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអភិបាលរងខេត្តព្រះវិហារ មានឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ មកពីកងអង្គរក្ស ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដំឡើងឋានន្តរស័ក្តិទៅជាឧត្តមសេនីយ៍ឯក និងរក្សាក្របខណ្ឌក្នុងកងយោធពលខេមរភូមិន្ទ ។
ក្នុងពិធីនេះក៏មានការប្រកាសមុខតំណែងបន្ថែមដល់លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធិ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ជានាយរងសេនាធិការចម្រុះ និងបំពាក់មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ ជូនលោកឧត្តមសេនីយ៍ឯក ថាន់ សារី នាយសេនាធិការបញ្ជាការដ្ឋានអង្គរក្សប្រចាំជួរមុខផងដែរ ។
លោកនាយឧត្តមសេនិយ៍ ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា វីរស្នាដៃ និងវីរភាពដ៏ឆ្នើមរបស់លោក អ៊ុំ ម៉ារ៉ា និងលោក ស ថាវី ប្រមុខ រាជរដ្ឋាភិបាលមិនអាចកាត់ផ្តាច់ពីជួរកងទ័ពបានទេ ដ្បិតពេលនេះលោក អ៊ុំ ម៉ារ៉ា និងលោក ស ថាវី កំពុងស្ថិតក្នុងការដឹកនាំកិច្ចការស៊ីវិលក៏ពិតមែនតែជាក់ស្តែងកន្លងទៅ ដូចជា នៅលើទឹកដីខេត្តព្រះវិហារ គឺជាេខត្តមួយដែលប្រឈមមុខនឹងការឈ្លានពានពីសំណាក់ប្រទេសជិតខាង ដែលគ្រប់ពេលវេលាថ្នាក់ដឹកនាំខេត្តមួយនេះតម្រូវឱ្យអ្នកដឹកនាំកំពូលខេត្តមានសមត្ថភាពដឹកនាំទាំងខាងយោធា ទាំងផែ្នករដ្ឋបាលផងដែរ ។
លោកនាយឧត្តមសេនីយ៍ ក៏បានរំលឹកអំពីមហិច្ឆតាឈ្លានពានពីសំណាក់កងទ័ពសៀមមកលើបូរណភាពទឹកដីកម្ពុជាកន្លងមកនេះ ធ្វើឱ្យកងទ័ពកម្ពុជា ត្រូវប្រឈមមុខយ៉ាងក្រាញននៀលក្នុងការទប់ស្កាត់មិនឱ្យកងទ័ពសៀមរំលោភបំពានមកលើអធិបតេយ្យភាពរបស់កម្ពុជា សូម្បីតែមួយមីលី្លមែ៉ត្រក៏មិនបានឡើយ ។ រហូតមកដល់ពេលនេះ កងកម្លាំងកម្ពុជានៅតែមានប្រៀបឈរជើងយ៉ាងរឹងមាំនៅលើអធិបតេយ្យរបស់ខ្លួន ក្រោមបទបញ្ជាដ៏មានប្រសិទ្ធភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕



ចែករំលែកព័តមាននេះ