ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានលេបថ្នាំប៉ារ៉ាអស់ជាច្រើនគ្រាប់ ប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង បន្ទាប់ពីខឹងប្តីវាយមួយដៃចំមុខ ហើយស្ទុះយកស្លាបព្រាចូកស៊ីម៉ង់ត៍ចាក់ប្តីឱ្យរងរបួស២កន្លែងរួចមក កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ មីនា ២០១២ ស្ថិតនៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រីរឿង បូរ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ឱ្យដឹងថា បុរស ជាប្តីឈ្មោះពៅ អេង អាយុ៣១ឆ្នាំ និងស្រ្តីជាប្រពន្ធឈ្មោះសាយ សារ័ត្នអាយុ៣០ឆ្នាំ នៅភូមិ កើតហេតុខាងលើ ។ លោកអធិការបន្តថា៖ នៅយប់ថ្ងៃកើត ហេតុបុរសជាប្តីបានផឹកស្រាស្រវឹង រួចមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ពេលនោះបុរសជាប្តីបានវាយចំមុខប្រពន្ធ១ដៃធ្វើឱ្យនាងទ្រាំមិនបានខឹងច្រឡោត ក៏ស្ទុះទៅយកស្លាបព្រាចូកស៊ីម៉ង់ត៍មកចាក់ប្តីបណ្តាលឱ្យរបួសត្រូវចំកែងដៃឆ្វេង១កន្លែងនិងក.ដៃឆ្វេង១កន្លែង។
ប្រភពបន្តឱ្យដឹងទៀតថា ក្រោយពីស្ត្រីជាប្រពន្ធធ្វើសកម្មភាពរួច ក្រែងខ្លួនមានទោស ម្យ៉ាងគិតថា ធ្វើមិនគប្បីទៅលើប្តី ក៏លួចទៅសំងំដេកលេបថ្នាំប៉ារ៉ាអស់ជាច្រើនគ្រាប់ តែត្រូវប្តី និងអ្នកជិតខាងដឹងក៏នាំទៅសង្គ្រោះទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ