រាជធានីភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថរាជធានី កាលពីព្រឹកថ្ងៃទី២៨ មីនា បានបញ្ជូនជនជាតិកូរ៉េម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងធ្វើការចោទប្រកាន់ជាផ្លូវការ ខណៈជននោះបានប្រព្រឹត្តអំពើល្មើសច្របាច់.កជនជាតិកូរ៉េដូចគ្នាគំរាមយកប្រាក់ចំនួន៤០.០០០ដុល្លារសហរដ្ឋអាមេរិក ។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះលី ឆាងហ៊ី ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧G ផ្លូវលេខ K4P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ អង្គហេតុនៃការឃាត់ខ្លួនជនជាប់សង្ស័យឈ្មោះលី ឆាងហ៊ី ត្រូវបានសមត្ថកិច្ចការិយាល័យព័ត៌មានទូទៅនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦ មីនា ឈ្មោះជូ ដុងឡាក់ ភេទប្រុស អាយុ៥៨ឆ្នាំ ជាថៅកែអាយក្លឹប ខារ៉ាអូខេ (អតីតប្លូ) ស្នាក់នៅផ្ទះលេខ៧០១AB វិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ទទួលបានប្រាក់ពីអ្នកទិញហាងចំនួន២៨.៤០០ដុល្លារសហរដ្ឋអាមេរិក ។ ពេលដឹងថា ឈ្មោះជូ ដុងឡាក់ មានប្រាក់នៅក្នុងខ្លួននោះឈ្មោះលី ឆាងហ៊ី បានស្ទុះចូលទៅក្នុងបន្ទប់ជូដុងឡាក់ រួចធ្វើសកម្មភាពច្របាក់.កគំរាមយកប្រាក់ពីជូដុងឡាក់ចំនួន៤០.០០០ដុល្លារ ។
ប្រភពឱ្យដឹងទៀតថា នៅពេលធ្វើសកម្មភាពនោះលី ឆាងហ៊ីបានចុចគន្លឹះទ្វារបន្ទប់ជាប់មិនឱ្យឈ្មោះជូ ដុងឡាក់ ចេញទៅក្រៅបាន និងមិនឱ្យមានអ្នកអន្តរាគមន៍។ ខណៈដៃម្ខាងច្របាច់.កដៃម្ខាងបានលូកហោប៉ៅយកប្រាក់ប្រមាណជិត១ម៉ឺុនដុល្លារ ហើយបើកទ្វារបម្រុងចេញដើម្បីគេចខ្លួន ក៏ត្រូវបុគ្គលិក និងសន្តិសុខអាយក្លឹបឃើញទាន់នាំគ្នាចាប់វាយម្នាក់១ដៃ១ជើង បណ្តាលឱ្យឈ្មោះលី ឆាងហ៊ី ទ្រមខ្លួន ហើយត្រូវគេចាប់ប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថ ព្រមទាំងដកយកប្រាក់ទាំងអស់វិញ៕
ចែករំលែកព័តមាននេះ