ខេត្តស្វាយរៀង ៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះល្វែង១ខ្នង ទាំងព្រឹកព្រលឹមឆេះហ៉ត់សល់តែគ្រោងឆ្អឹងនិងផេះផង់ធ្វើឱ្យម្ចាស់ផ្ទះនាំកូនរត់ចេញទាំងភិតភ័យ រួចយំទួញសោកស្តាយផ្ទះ និងទ្រព្យសម្បត្តិដែលខំសន្សំជាង១០ឆ្នាំមកហើយ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ ។ អគ្គិភ័យនេះបានឆាបឆេះ កាលពីថ្ងៃទី២៨ មីនា ២០១២ វេលាម៉ោង៥និង៤៥នាទីព្រឹកនៅផ្សារសំរោង ភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ដែលមានម្ចាស់ផ្ទះឈ្មោះជា ផល្លី អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះអ៊ុង សុខនី អាយុ៣៨ឆ្នាំ មានកូន២នាក់ គឺប្រុសម្នាក់ ស្រីម្នាក់ ។
សមត្ថកិច្ចឱ្យដឹងថា ផ្ទះដែលឆេះនេះសង់ជាផ្ទះល្វែងទទឹង៥ម៉ែត្រ បណ្តោយ១៤ម៉ែត្រ ជញ្ជាំងថ្ម ដំបូលលើឈើប្រក់ស័ង្កសី មានឡៅតឿសង់អំពីឈើ «ឆេះអស់សល់តែជញ្ជាំងថ្ម» សម្ភារក្នុងផ្ទះរួមមានអង្ករ សម្លៀកបំពាក់ ចានឆ្នាំង ចាន ស្លាបព្រា មុង កន្ទេល ខ្នើយ ពូក ទូរទស្សន៍១គ្រឿង ក្បាល VCD មួយគ្រឿង ទូដាក់សម្លៀកបំពាក់៣ តុ កៅអី គ្រែ៣ និងសម្ភារជាច្រើនទៀតសរុបជាទឹកប្រាក់ជាង១ម៉ឺនរៀល ។
ស្ត្រីម្ចាស់ផ្ទះឈ្មោះជា ផល្លី បាននិយាយទាំងទឹកភ្នែកថា គាត់ចាប់ដៃគ្នាពីរនាក់ប្តីប្រពន្ធរកស៊ីលក់បន្លែនៅផ្សារកំពង់ត្រាច ស្រុករមាសហែក សន្សំប្រាក់ជាង១០ឆ្នាំមកហើយ ទិញបានដីសង់ផ្ទះ១ខ្នងនៅផ្សារសំរោងនេះ ក៏ប៉ុន្តែដោយសារផ្សារសំរោងនេះតូចពេកពុំសូវមានភ្ញៀវ ឬម៉ូយមកទិញបន្លែ ឬម្ហូបអាហារច្រើន និងលក់ដូរមិនសូវដាច់នោះ ក៏ទៅលក់បន្លែនៅផ្សារកំពង់ត្រាចវិញ ពីព្រោះផ្សារកំពង់ត្រាចមានតូបស្រាប់មានគេរកស៊ីច្រើន និងមានម៉ូយមកទិញច្រើន ៕


ចែករំលែកព័តមាននេះ