ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកNakata Shoma ឧបត្ថម្ភ​​​​ប្រាក់​15.000ដុល្លារ​សម្រាប់​​​​សាងសង់​​​តារាង​​បាល់​ទាត់​

14 ឆ្នាំ មុន

​ខេត្តកំពង់ចាម៖ ក្រុមនិស្សិតស្ម័គ្រចិត្ត​មកពី​ប្រទេសជប៉ុនចំនួន១៦នាក់ មានប្រុសស្រី បាននាំគ្នាបញ្ចេញពល​កម្ម​យ៉ាង​​សស្រាក់​​សស្រាំកាយដីបង្ហាប់ទី​លានតារាង​បាល់​ទាត់​ថ្មីដែល​ទើបនឹងបង្កើតនៅក្នុងបរិវេណអង្គការ​បណ្តុះ​​បណ្តាល​​ដើម្បី​​​​អភិវឌ្ឍន៍​​​ធនធាន​​​មនុស្ស(T.D.O)     ដែលមានទីតាំងស្ថិតនៅភូមិឡឥដ្ឋ សង្កាត់បឹង កុក ក្រុង​កំពង់ចាម ។ សកម្មភាពនេះបាន​ធ្វើ​ឡើងកាលពីរសៀលថ្ងៃទី២៧ មីនា ២០១២    ដើម្បី​ត្រៀមប្រកួតបាល់ទាត់ជាមិត្តភាពកម្ពុជា-​ជប៉ុនផងដែរ ។

តាមលោក ឃុន ចាន់ថុល ជំនួយការលោក ​ហ៊ុន ស៊ាងហុង ​​អតីតសិស្សពូកែមកពីប្រទេស​ជប៉ុននិងជាប្រធានអង្គការ T.D.O ប្រាប់ឲ្យ​ដឹង​ថា ដោយសារតែ​មើល​ឃើញ​ប្រទេសជប៉ុន​ដែល មានការរីក​ចម្រើន ​ពិសេសខាងគ្រឿងអេឡិច​ត្រូនិក សូម្បីតែវិស័យសិក្សាធិការអប់រំក៏​មាន​សន្ទុះ​ខ្លាំងក្លា ហើយត្រូវបាននិស្សិតគ្រប់ជាតិ​សាសន៍​មកពី​តាម​បណ្តាប្រទេសនានាលើ​សាកល​លោកទៅក្រេបជញ្ជក់យកចំណេះដឹងតាម​ជំនាញរៀងៗខ្លួនសម្រាប់់យកទៅអភិវឌ្ឍន៍នៅ​ប្រទេសរបស់គេវិញ ។ ​​

លោកឃុន ចាន់ថុល បន្ត​ថា កន្លងទៅថ្មីៗនេះ លោកហ៊ុន ស៊ាងហុង និង​​លោកស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេច​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​​ចក្រ​កម្ពុជា និងជា​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ព្រម​ទាំងទីប្រឹក្សាពិសេសរបស់អង្កការT.D.O បាន​ទិញដីបង្កើត​ឡឥដ្ឋមួយ នៅភូមិឡឥដ្ឋ សង្កាត់​បឹង​កុកដែល​មាន​ទំហំ​ដីធំទូលាយ សម្រាប់​​​បង្ក​លក្ខណៈ​ងាយ​ស្រួលនៅពេលណា​ដែល​អង្គការ​របស់​លោកត្រូវសាងសង់សាលា​រៀនត្រូវតែដឹក​ឥដ្ឋ​ពីទីនេះទៅ ។  ​ចំណែកក្នុង​ពេលអនាគត នឹងត្រូវជ្រើស​រើស​ក្មេងកំព្រា​ឪពុក​ម្តាយ ឬមាន​ជីវភាពយ៉ាប់​យឺុនមកបណ្តុះ​បណ្តាល​​រៀនសូត្រ​នៅក្នុង​មណ្ឌលដើម្បីឲ្យមាន​អនាគត  ។ 

លោក​ឃុន ចាន់​ថុល  បន្ត​​ទៀត​ថា ដោយ​សារ​ឃើញទង្វើដ៏ល្អប្រពៃ​ដើម្បី​​ការ​រីកចម្រើន​នៅ​ក្នុងសង្គមជាតិលោក​Nakata Shoma ប្រធាន អង្គការC.U.E នៅ​ប្រទេសជប៉ុន បានបរិច្ចាគ ធន​ធាន​​ចំនួន​១៥.០០០ដុល្លារ សម្រាប់ជួយ កសាង​តារាងបាល់ទាត់នៅក្នុងបរិវេណរបស់​អង្គការT.D.O ក្រុងកំពង់ចាម ។ ស្របពេលកំពុងដំណើរការសាង​សង់ជិតរួចរាល់នោះ ក្រុម និស្សិតប្រុស-ស្រីចំនួន១៦នាក់មកពីមហា​វិទ្យា​ល័យនៅប្រទេសជប៉ុនបានជួយកាយដីពង្រាយ​បង្ហាប់នៅទីលាន​តារាងបាល់ទាត់ ដោយចាប់​ផ្តើម​ដំណើរការពីថ្ងៃទី២៥ មីនា និង​បន្តរហូត​ដល់​​ថ្ងៃទី២៩ មីនា ​២០១២ ។

លោកឃុន ចាន់ថុល បានបញ្ជាក់ថា នៅ​ព្រឹក​​ថ្ងៃទី២៨ មីនា មានការប្រកួតបាល់ទាត់ជា​លក្ខណៈមិត្តភាពរវាងសិស្សនៅអនុវិទ្យាល័យ​ស្មោង ស្រុកកំចាយមារ ​ខេត្តព្រៃវែង​ជាមួយ​​នឹង​ក្រុមនិស្សិតជប៉ុនជាការបង្ហាញនូវបទពិសោធន៍​ទៅវិញទៅមកដើម្បីឲ្យមានការរីក​ចម្រើន​ ។លោកហ៊ុន ស៊ាងហុង ប្រធានអង្គការ​T.D.Oជាអតីតក្មេងកំព្រា​ឪពុក​ម្តាយដែលធ្លាប់រៀន​សូត្រ​នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម មានការតស៊ូពុះពាររាល់ការលំបាកទទួលបាន​ជោគជ័យនិងរៀនបានពូកែ ត្រូវបានមិត្តភក្តិរួម​ថ្នាក់​ស្រឡាញ់​​រាប់អាន ។ មានការ​​​កត់​សម្គាល់ថា  គ្រាន់តែទឹកប្រាក់សប្បុរសជន​មកពីប្រទេស​ជប៉ុនសម្រាប់់កសាងហេដ្ឋា​​រចនា​សម្ព័ន្ធនានា​ក្នុង​ប្រទេសកម្ពុជា តាមរយៈ​លោក​ប្រធាន​​អង្គការ​នេះមានមិនតិចជាង១លានដុល្លារនោះ​ទេ ៕