ខេត្តមណ្ឌលគិរី ៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី២៦ មីនា មានរៀបចំពិធីផ្ទេរភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ អញ្ជើញចូលរួមក្នុងពិធីនោះមានលោកអភិបាល-អភិបាលរងខេត្ត លោកស្នងការ-ស្នងការរងនគរបាលខេត្ត ប្រធានមន្ទីរជុំវិញខេត្ត នាយ-នាយរង និងពលអាវុធហត្ថជាច្រើនរូប ។
លោកឧត្តមសេនីយ៍ សួស គីមស៊្រាង នាយការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអានសេចក្តីសម្រេចផ្ទេរភារកិច្ចលោកដួង ចោម ទៅទទួលភារកិច្ចថ្មីជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនលើផ្ទៃប្រទេស ហើយលោកវរសេនីយ៍ឯក សាក់ សារ៉ាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវទទួលភារកិច្ចថ្មីជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកដួង ចោម ។លោកសាក់ សារ៉ាង បានឡើងប្តេជ្ញាចិត្តដឹកនាំអង្គភាព ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយសហការជាមួយអាជ្ញាធរមន្ទីរ ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាងអភិវឌ្ឍប្រទេសឱ្យបានល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្វាយ សំអាង អភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើ និងកោតសរសើរលោកដួង ចោម ដែលកន្លងមកមានការសហការគ្នាល្អជាមួយស្ថាប័ន មន្ទីរក្នុងខេត្ត ជាពិសេសក្នុងការទប់ស្កាត់បទល្មើស និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ហើយក៏មានស្នាដៃក្នុងការកសាងទីបញ្ជាការសម្រាប់ការស្នាក់នៅ និងធ្វើការរបស់កងកម្លាំងក្នុងអង្គភាពរបស់ខ្លួន បើទោះបីជាមិនទាន់បានរួចរាល់ជាស្ថាពរក៏ដោយ ។ លោកបានស្នើដល់មេបញ្ជាការដែលទើបទទួលភារកិច្ចថ្មី សូមឱ្យខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញផ្សេងៗ ក្នុងខេត្ត ដើម្បីទប់ស្កាត់រាល់បទល្មើស និងរួមចំណែកកសាងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានធម្មជាតិដ៏សម្បូរបែបនៅខេត្តមណ្ឌលគិរីនេះ ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់អនុសាសន៍ដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលទើបឡើងកាន់តំណែងថ្មីពីចំណេះដឹង និងលក្ខណសម្បត្តិជាមេដឹកនាំក្នុងអង្គភាព ព្រោះបើយើងមិនចាត់ទុកកងកម្លាំងរបស់យើងប្រៀបដូចជាក្រុមគ្រួសារតែមួយទេ នោះក្នុងអង្គភាពរបស់យើងពិតជាជួបការលំបាក និងមានបញ្ហាផ្សេងៗជាច្រើន ហើយការកសាងអង្គភាពរបស់ខ្លួនក៏មិនរីកចម្រើនដែរ ។ ជាពិសេស ត្រូវចេះសាមគ្គីភាពល្អទៅវិញទៅមក និងតាមមន្ទីរជំនាញផ្សេងៗ មិនត្រូវមើលបំណាំគ្នា ។ ត្រូវយកចិត្តទុកដាក់លើជីវភាពកងទ័ពកសាងបន្ទាយស្នាក់នៅ និងធ្វើការឱ្យបានសមរម្យ ។ កងកម្លាំងត្រូវស្លៀកពាក់ឱ្យបានត្រឹមត្រូវ គោរពវិន័យ មានទំនាក់ទំនងគ្នាល្អ សាមគ្គីភាពល្អ ទើបសមជាកម្លាំងកងទ័ពដែលមានភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដី ៕



ចែករំលែកព័តមាននេះ