ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាលស្រុកថ្មពួក បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ពីបទលួចយកទ្រព្យសម្បត្តិគេកាលពីព្រឹកថ្ងៃទី២៥ មីនា នៅភូមិអ្នកតា ឃុំថ្មពួក ។
លោកវរសេនីយ៍ត្រីយ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក ឱ្យដឹងថា ឈ្មោះយុត ប៊ុនឆាត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគំរូ ឃុំថ្មពួក ប្តឹងថា នៅចន្លោះម៉ោង៥ទៅម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៣ មីនា ២០១២ ជនមិនស្គាល់មុខប្រមាណ៥នាក់បានគាស់ទ្វារក្រោយចូលទៅក្នុងផ្ទះ ពេលគាត់រវល់តែលក់ដូរនៅមុខផ្ទះ លួចយកអស់លុយចំនួន៣លាន៥ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន២គ្រឿង ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ទៅស្រាវជ្រាវរហូតចាប់ជនសង្ស័យម្នាក់ឈ្មោះឈៀប សេ្នហា ហៅប៉ោច ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិអ្នកតា ឃុំថ្មពួក ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យ សារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានចូលក្នុងផ្ទះឈ្មោះយុត ប៊ុនឆាត មែន តែរូបគេលួចយកតែទូរស័ព្ទដៃប៉ុណ្ណោះ ចំណែកលុយមិនបានយកទេ ។
លោកវរសនីយ៍ទោជូ ផារិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជាក់ថា ដោយផ្អែកលើចម្លើយរបស់ជនសង្ស័យថា បានលួចយកទូរស័ព្ទដៃរបស់គេមែននោះ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនគេទៅសាលាដំបូងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ