ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ម៉ូតូ​​មិន​បាន​សម្រេច​រត់​គេច​ចូល​ព្រៃ​បាត់ស្រមោល​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​រយះ​បាតដៃ​ជិត​ដាច់​មេដៃ​ខាងឆ្វេង ខណៈ​​ចោរ​ម្នាក់​ហៅ​ជិះ​ឌុបយក​ទៅ​ធ្វើ​សកម្ម​ភាព​ប្រុង​ប្លន់​យក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ប៉ុន្ដែ​​ប្រវាយ​ប្រតប់​គ្នា​មិន​ឈ្នះ​ជន​រង​គ្រោះ ​រត់គេច​ចូល​ព្រៃ​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ថ្ងៃ​ទី​២៧ មីនា នៅ​តាម​ផ្លូវ​ណរ​ប្រ៊ី​ត ​ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ​តុង ស៊ី​ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាជាង​កាត់​ខោអាវ ស្នាក់​នៅផ្ទះ​ជួល​​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ស្រុក​កំណើត​ភូមិ​បូ​ពល ឃុំ​ព្រៃ​រំដេង ស្រុក​គិរី​វង្ស ខេត្ដតាកែវ ​ឱ្យ​ដឹង​ថា ពេល​ទំនេរ​ពី​ការងារ​​ខ្លួន​តែ​ង​​ឆ្លៀតពេល​រត់​ម៉ូតូឌុប ។ ប្រភព​ដដែល​បន្ដ​ថា នៅ​យប់​កើត​ហេតុ​​ខ្លួន​បាន​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ឆ្ពោះទៅ​ផ្សារ​ហេង លី តាម​ផ្លូវ​លេខ​​២៧១ ខណៈ​​ជិះ​ទៅ​ដល់​មុខ​ផ្ទះសំណាក់​អង្គរ​បុរី ស្រាប់​តែ​មាន​មនុស្ស​ប្រុស​ម្នាក់​មាន​អាយុ​ប្រហាក់​ប្រហែល​នឹង​​ខ្លួន​ដែរ បាន​ហៅ​ឱ្យ​ឌុ​ប​ទៅ​កន្លែង​វាយកូនគោល​នៅ​តាម​ផ្លូវ​ណរ​ប្រ៊ីត ។

ប្រភពបាន​បន្ដ​ទៀត​ថា ​លុះ​មក​ដល់ចំណុច​កើតហេតុ​ស្រាប់តែ​​ចោរ​ម្នាក់​នោះ​យក​កាំបិត​ចុង​ស្រួច​ដក​ចេញ​​ទៅ​ចាក់​​លើ​ខ្លួន ប៉ុន្ដែ​​ចាប់​ជាប់​ទើប​​បណ្ដាល​ឱ្យ​មុត​​រយះ​បាតដៃ​ជិត​ដាច់​មេដៃ ហើយ​​បានប្រវាយប្រតប់​ទៅ​វិញ​ទៅ​មក ។ ភ្លាម​ៗ​នោះ​ចោរ​ទំនង​ជា​តដៃ​មិន​ឈ្នះ​ក៏​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​ទៅ៕