ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាប់​ចោទ​ប្រើ​ហិង្សា​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ត្រូវនគរបាល​ចាប់​ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ជាប់​សង្ស័យ​ពីបទ​បង្ក​​ហិង្សា​​បណ្តាល​ឱ្យ​​​​មនុស្ស​ម្នាក់​ ស្លាប់ ត្រូវ​​នគរ​បាល​ស្រុក​មង្គល​បុរី​ចំនួន​១៧​នាក់​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ត្រី​ យ៉ត​ សុផល អធិការ​​​ស្រុកហ៊ុម​ព័ទ្ធ​ចាប់​ខ្លួនកាលពី​វេលា​​​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៦ មីនា​ ​​នៅ​ភូមិចម្ការ​ចេក​ ឃុំ​រហាត់​ទឹក​ ស្រុក​មង្គល​បុរី​  ។

លោក​វរសេនីយ៍​ត្រី​ យ៉ត​ សុផល​ ​​ឱ្យ​ដឹងថា ជនជាប់​ចោទ​ឈ្មោះ ឈាន​ វង់​ អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​ចំការ​ចេក​ បាន​ចាប់​ឈ្មោះ នុត ភិន​ ភេទ​ប្រុស​ អាយុ​៤៨ឆ្នាំ​ ​​នៅ​ភូមិ​ជាមួយ​គ្នា​ និង​​​​​​ជាមាជីដូនមួយ​ អុក​នឹង​ជង្គង់​ត្រង់​ដើម​ទ្រូង​ចំនួន​២​ជង្គង់​បណ្តាលឱ្យ​ស្លាប់​ ។ ឈ្មោះ ឈាន​ វង់​ ធ្វើ​បែប​នោះ​ ព្រោះ​ខឹង​ដាស់​ នុត​ ភិន​ មិន​ព្រម​ក្រោក​ ពេល​ស្រវឹង​ដេក​តាម​ផ្លូវ​ ។

លោក​អធិការ​នគរបាល​ស្រុក​​​បន្ត​ថា ​​សាក្សី​​ប្រាប់​សមត្ថ​កិច្ច​​ថា ​​ឈ្មោះ នុត​ ភិន​ តាមទម្លាប់​របស់គាត់​ឱ្យ​តែស្រវឹង​ គឺ​ដេក​តាម​ផ្លូវ​ ឬ​ក៏​តាម​ផ្ទះ​សាច​់ញាតិ​ក្នុង​ភូមិ​ ។ ដោយ​ឡែក​កាលពី​វេលា​​​​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៥ មីនា ​មិន​ដឹង​គាត់មកពី​ផឹក​ឯណា​ទេ​ ​​ដើរ​ទ្រេត​ទ្រោត ​​ហើយ​ដេក​តាម​ផ្លូវ​។ ឃើញ​បែប​នោះ​​​ឈ្មោះ ឈាន​ វង់​ បាន​ដើរ​ទៅ​ដាស់​ តែគាត់​​នៅ​ក្រាញ​ននាល​មិន​ព្រម​ងើបទេ​។ ដោយ​​​​ឈាន​ វង់​ អត់​ទ្រាំ​មិន​បាន​ក៏ចាប់​អុក​នឹង​ជង្គង់​ចំនួន​២​ជង្គង់​ រួច​អៀវ​យក​ទៅ ដាក់​ឱ្យ​ដេក​លើ​គ្រែ​​​​ក្រោម​ផ្ទះ​ឈ្មោះ ងួន​ សំរិទ្ធ​ ហៅ​ ម៉ៅ​ ។ បន្ទាប់​មក​នៅព្រឹក​ម៉ោង​៩​ថ្ងៃទី​២៦ មីនា​ ​​ឈ្មោះ សយ​ លឹម​ ឃើញ​បុរស​ នុត ភិន ​ស្លាប់បាត់​ទៅ​ហើយ​ ។

លោក​អធិការ​បញ្ជាក់ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ភ្លាម​ លោក​ដឹក​នាំ​សមត្ថ​កិច្ច​ចំនួន​១៧​នាក់​ ទៅហ៊ុម​ព័ទ្ធ​ផ្ទះ​ ឈ្មោះ​ នុត​ វង់​ ដែល​បម្រុង​​​​​រត់​គេច​ខ្លួន​ក្រោយ​ពី​ដឹង​ថា មា​ជីដូន​​​​​មួយ​​​​​​របស់​ខ្លួន​​​ស្លាប់​ ។ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ជនជាប់​ចោទ​​​​​​ទាន​់ពេល​ បញ្ជូន​​នៅអធិការដ្ឋាន​នគរ​បាល​ស្រុក​ ដើម្បី​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ចាត់​ការ​បន្ត​​ ៕