ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ត្រូវបាននគរបាលយុតិ្តធម៌នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាប់បញ្ជូនមកកាន់តុលាការ និងបន្តបញ្ជូន ទៅឃុំខ្លួនក្នុងពន្ធនាគារ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់គេ កាលពីថ្ងៃទី២៤ មីនា វេលាទៀបភ្លឺ នៅស្រុកសំបូរ ខេត្តក្រចេះ ។
ហេតុការណ៍នេះត្រូវបានមន្ត្រីនគរបាលយុតិ្តធម៌បញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីម្ចាស់ម៉ូតូ មន្ត្រីនគរបាលយុតិ្តធម៌នៃស្នងការដ្ឋានខេត្តសហការជាមួយកម្លាំងអធិការដ្ឋានក្រុងស្ទឹងត្រែង និងកម្លាំងការិយាល័យស្នាក់ការ(ក២)ប្រចាំខេត្ត បានចេញប្រតិបត្តិការតាមឃាត់ខ្លួនជនសង្ស័យលួចមូ៉តូរបស់ប្រជាពលរដ្ឋក្នុងស្រុកសំបូរ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៤ មីនា យកមកលាក់ទុកក្នុងខេត្តស្ទឹងត្រែង ។ ជនសង្ស័យ ត្រូវសមត្ថកិច្ចតាមទាន់ពេលយកម៉ូតូទៅប្លុងចោលនៅក្នុងចម្ការស្វាយចន្ទី ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ស្ទឹងត្រែង រួចគេចខ្លួនចូលព្រៃបាត់ ។
ទោះបីជាបែបណា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល បន្ទាប់ពីកម្លាំងនគរបាលយុតិ្តធម៌ខេត្តស្ទឹងត្រែង ជូនដំណឹងទៅនគរបាលឃុំអូរគ្រៀង ខេត្តក្រចេះឱ្យដឹងពីករណីខាងលើ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ពេលជននេះចុះពីលើរថយន្តដឹកដំឡូងមីចេញពីស្ទឹងត្រែងដើរចូលផ្ទះរបស់ខ្លួន ។ ជនសង្ស័យឈ្មោះ សឿន ពិសិដ្ឋ អាយុ១៨ឆ្នាំ រស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ៕
ចែករំលែកព័តមាននេះ