ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ រក្សា​​ មាន​គម្រោង​​បើក​ក្លឹប​តន្ត្រី​​សម្រាប់​ជន​ក្រី​ក្រ​

12 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​​​​​ ៖ បន្ទាប់​ពី​ចាក​​ចេញ​ពី​ផលិត​កម្ម​រស្មី​ហង្សមាស​ លោក សុខ​ រក្សា បាន​ខំ​ប្រឹង​​ងើប​ឡើង​​វិញ​ ដើម្បី​សាង​កេរ្តិ៍​​ឈ្មោះ​​សា​​ជាថ្មី​​ម្តង​ទៀត​​ ។ ទោះ​បី​ជា​​មាន​ការ​លំបាក​យ៉ាង​ណា​ក្តី​​​​ ក៏​លោក​​នៅ​តែ​ប្រកាន់​​ជំហរ​​​យ៉ាង​រឹង​មាំ​​​ខំប្រឹង​​​ដើម្បី​អាជីព​​​​​សិល្បៈ​​របស់​លោក ។ ​ពេល នេះ​​​លោក​​កំពុង​​តែ​ទទួល​បាន​​ភាព​ជោគ​​ជ័យ​​​គួរ​សម​​ ចំពោះ​បទ​

រាជ​ធានី​​ភ្នំពេញ​​​​​ ៖ បន្ទាប់​ពី​ចាក​​ចេញ​ពី​ផលិត​កម្ម​រស្មី​ហង្សមាស​ លោក សុខ​ រក្សា បាន​ខំ​ប្រឹង​​ងើប​ឡើង​​វិញ​ ដើម្បី​សាង​កេរ្តិ៍​​ឈ្មោះ​​សា​​ជាថ្មី​​ម្តង​ទៀត​​ ។ ទោះ​បី​ជា​​មាន​ការ​លំបាក​យ៉ាង​ណា​ក្តី​​​​ ក៏​លោក​​នៅ​តែ​ប្រកាន់​​ជំហរ​​​យ៉ាង​រឹង​មាំ​​​ខំប្រឹង​​​ដើម្បី​អាជីព​​​​​សិល្បៈ​​របស់​លោក ។ ​ពេល នេះ​​​លោក​​កំពុង​​តែ​ទទួល​បាន​​ភាព​ជោគ​​ជ័យ​​​គួរ​សម​​ ចំពោះ​បទ​ចម្រៀង​​​​​​​របស់​ខ្លួន​​នៅ​ក្នុង​​​ផលិត​កម្ម​​សាន់​ដេ ។ លោក​សុខ​ រក្សា​ ​មិន​ត្រឹម​តែ​​មាន​ទឹក​ដម​សំឡេង​​​​​ពី​​រោះ​​ ដែល​ភាគ​ច្រើន​​បទ​ចម្រៀង​​របស់​​លោក​​​សុទ្ធ​តែ​​​​​​​បង្កប់​​​​​​​​មនោសញ្ចេតនា​​​​​​នោះ​​ទេ​ លោក​​​​ក៏​​មាន​​ទេព កោសល្យ​​​​​​នៅក្នុង​​​ការនិពន្ធ​​​ទំនុក​ច្រៀង​​​​​ និង​បទ​​​​​​ភ្លេង​​ផង​ដែ​រ​ ។

លោក​សុខ​ រក្សា ​​​បាន​រំលឹក​​ពី​អតី​ត​​កាល​​របស់​លោក​​ ប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​​​​​ថា មុន​ពេលចាប់​អាជីព​​​សិល្បៈ​​ លោក​ធ្លាប់​​ឆ្លង​កាត់​​កា​រ​​លំបាក​​​ជាច្រើន​​រាប់​មិន​អស់​ ។ ​លោក​​បាន​​ឈប់​​​សិក្សា​​នៅ​​​​ឆ្នាំ​​១៩៩៨​​ត្រឹម​ថ្នាក់​​ទី​​​​៩​​​​​​​​​​ដោយ​​សារ​តែ​ជីវភាព​​គ្រួ​សារក្រី​​ក្រ​​។ ដោយ​មាន​​​​​​​ចិត្ត​ស្រឡាញ់​​​​​សិល្បៈ​​​​​​ លោក​ក៏​​សម្រេច​​ចិត្ត​​ទៅ​​រៀន​លេង​​ហ្គីតា​​​​​​ ។ ក្រៅ​ពី​​​នេះ​លោក​​​​ឆ្លៀត​​ពេល​​ទៅ​​​​​​​​​លក់​ស្ករ​គ្រាប់​​ អំពៅ​សាង​ និ​ង​លក់​​ដូរ​ជា​ច្រើន​​​មុខ​ទៀត​​ ​​​ឱ្យ​តែ​​មុខ​​របរ​ត្រឹម​ត្រូវ​​​​ ដើម្បី​​​​ជួយ​ផ្គត់​ផ្គង់​​គ្រួសារ​​របស់​លោក ។ ​នៅ​ក្នុ​ង​វ័យ​​​​១៩​ឆ្នាំ​លោក​បាន​​ទៅ​លេង​​ភ្លេង​​នៅ​ក្លឹប​បុប្ផាទិព្វ​​​ ក្នុង​ខេត្ត​បាត់​ដំបង​ ។ ប្រកប​អាជីព​​ជា​អ្នក​លេ​ង​ភ្លេង​​នៅ​ទី​នោះ​​ មិន​បាន​​​ប៉ុន្មាន​​​ឆ្នាំ​ផង​​​ លោក​​​​ត្រូវ​​​​​​​ម្ចាស់​​ផលិត​កម្ម​​ខេម​ប្រូ​​​ទាក់ទង​​ឱ្យ​​​​​​ចូល​ច្រៀង​​​ ។ ក្នុង​ផលិតកម្ម​​​នេះ​ រក្សា​​​​​​ច្រៀង​​​​​​បាន​១០បទ​​ ក្នុង​នោះ​​បទ​​ដែល​​ល្បីជាង​គេនោះ គឺ​បទ​​​យូរ​ប៉ុនណា​​​​ក៏​ចាំ​​ ​សែន​​ឆ្ង​​ល់​​ចិត្ត​ស្រី​ ​និង​បទ​​​អ្នក​ម្តាយ​​​ ។ ក្រោយ​​មក​លោក​​​​ចាក​ចេញ​​ពីផលិត​កម្ម​​ខេមប្រូ​​​ ដោយសារ​​តែ​ម្ចាស់​ផលិត​កម្ម​​​ដូរ​មក​ថត​ខ្សែ​​ភាព​យន្ត​វិញ​ ។ ពេល​នោះ​លោក​​​ត្រូវ​​​​​ម្ចាស់​​ផលិតកម្ម​​​រស្មី​ហង្ស​មាស​​ ទាក់​ទង​​ឱ្យ​​​​ចូល​ច្រៀង​​ ដោយ​ឆ្លង​​កាត់​​ការ​​ពិសោធ​​​​សំឡេង​​​​​ ។​ ​​​បទ​ចម្រៀង​​នៅ​ក្នុង​ផលិត​កម្ម​​​រស្មី​ហង្ស​មាស​របស់​លោក​​ ដែល​ទទួល​​បាន​ការ​គាំ​ទ្រ​​ច្រើន​ជាង​គេ​នោះ គឺ​បទ​​​ក្រោយ​ពេល​បាន​យំ ​សិស្ស​ក្រៅ​សាលា​ សំបុត្រ​​ស្នេហ៍​​ក្នុង​កន្ត្រក​​កង់​ និងបទ​​​ទឹក​លើ​ស្លឹក​ឈូក​​​ ។

បន្ទាប់​​ពី​​​​​ច្រៀង​នៅ​​​​​ផលិតកម្ម​​រស្មី​ហង្ស​មាស​​​​​​​ជា​​ច្រើន​ឆ្នាំ​​ លោក​​​​ សុខ រក្សា ​​​​បាន​ចាកចេញ​​ពី ផលិត​កម្ម​នេះ​ ដោយ​មិនដឹង​​​មូលហេតុ​​អ្វី​​​​ទេ ព្រោះ​​លោក​​​​​មិន​ដែល​​​​បក​ស្រាយ​​​ឱ្យ​បាន​ច្បាស់​​​​​​​ឡើយ ។ ​កន្លង​មក​​​ធ្លាប់​មាន​​​ប្រភព​​ព័ត៌​​មាន​​មួយ​ចំនួន​​និយាយ​ថា លោក​មាន​​ទំនាស់​​នៅ​ក្នុង​ក្រុម​ហ៊ុន​​ ប៉ុន្តែ​​​​​​លោក​​​​ច្រាន​ចោល​ទាំង​អស់​​ ។​ បន្ទាប់​​​ពី​​​​ចាក​ចេញ​​ពី​ផលិតកម្ម​​រស្មី​ហង្ស​មាស​​មួយ​រយៈ​ លោក​សុខ​ រក្សា​​ត្រូវ​​​​ម្ចាស់​ផលិត​កម្ម​សាន់​ដេ​​ទាក់​ទ​ង​​ឱ្យ​ចូលច្រៀង​​​គិត​​មក​ដល់​​ពេលនេះ​​បាន​​ប្រ ហែល​​ជិត​​៣​ឆ្នាំ​មក​​ហើយ ។​

លោក​ សុខ រក្សា​ ​​​ឱ្យ​ដឹង​​ថា​ សព្វ​ថ្ងៃ​នេះ លោក​​​​​មានគម្រោង​​ចង់​​បង្កើត​​ក្លឹប​តន្ត្រី​​​សម្រាប់​​​​ជន​ពិការ​ កុមារ​​កំព្រា​​​​ និង​​ជន​ក្រីក្រ​​​​​ ដោយ​មិន​​​​គិត​ប្រាក់​​​​​​ឡើយ​ ប៉ុន្តែ​​ពេល​នេះ​លោក​​មិន​ហ៊ាន​​សន្យា​​​ថានឹ​​ង​បើក​​នៅ​ពេល​ណា​​​​​​ទេ ព្រោះ​​លោក​មិន​​មាន​ពេល​​វេលា​​គ្រប់​គ្រាន់​​​ រួម​ទាំង​​ខ្វះ​ខាត​​ថវិកា​​​ផង​ដែរ​ ​។ ​​ទោះ​បី​ជា​​យ៉ាង​​ណា​ក្តី​​លោក នឹង​ខំ​ពុះ​ពារ​​គ្រប់​ឧបសគ្គ​​ ដើម្បី​​​បើក​កន្លែង​​​នេះ​ គឺ​គ្រាន់​តែ​ចង់​​​ឱ្យ​​កូន​ខ្មែរ​​បាន​រៀន​សូត្រ​និង​យល់​ដឹង​​​​អំពី​​វិស័យ​សិល្បៈ​​ឱ្យ​បាន​ច្រើន​​ ។

លោក​​​បន្ថែម​ទៀត​ថា សម្រាប់​ការងារ​​សិល្បៈ​​​​​​​របស់​លោក​​​សព្វ​ថ្ងៃ​នេះ​ គឺ​លោក​​មាន​ភាព​​មមា​ញឹក​​ច្រើនណាស់​​​ ជាពិសេស​​គឺ​ការ​និពន្ធ​​​ទំនុក​ច្រៀង​​​​ និង​បទ​ភ្លេង​​​​ ​ទាំង​នៅ​​ក្នុង​ផលិត​​កម្ម​​សាន់​ដេ ​និង​សម្រាប់​ស្ថានីយ​ទូរទស្សន៍​​​​បាយ័ន​​​ ។ លើស​​ពីនេះ​លោក​​​​មាន​បទ​ចម្រៀង​​​​ចំនួន​​៣​បទ​​​​​​ សម្រាប់​​មិត្ត​​អ្នក​ស្តាប់​​ដូច​ជា​បទ​ ចូក​​គ្រឹម​ឆ្នាំ​ថ្មី សប្បាយ​​ឆ្នាំថ្មី​ ស្រវឹងចោទ​ទៅ​លើ​​​ស្រា​ជាដើម​ ។ ​ចំពោះ​រឿង​ស្នេហា​វិញ​​ លោក​ សុខ​ រក្សា​​​​​​ប្រាប់​​​ថា លោក​​សុំ​​​​លាក់​ទុក​សិន ព្រោះ​ខ្លាច​​​​​ប៉ះ​ពាល់​​ដល់​ឈ្មោះ​​មនុស្ស​ស្រី​​ដែល​លោក​ស្រឡាញ់​​​ ។

លោក​ សុខ​ រក្សា​ ​​​​មាន​អាយុ​​២៩​ឆ្នាំ​​ កើត​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​​១៩៨២ នៅ​​​ខេត្ត​បាត់​ដំបង​ ។ លោក​​មាន​បង​ប្អូន​​​៦​នាក់ ក្នុង​នោះ​​ប្រុស​៥នាក់ ស្រីម្នាក់ គឺ​​រូប​លោក​​ជាកូន​ទី​​៤​នៅ​ក្នុង​គ្រួសារ​ ៕​