ខេត្តកំពង់ចាម ៖ អតីតមន្ត្រីរាជការចូលនិវត្តន៍ម្នាក់ឈ្មោះ «ថ.ល.ស» អាយុ៦៤ឆ្នាំ បាននាំអតីតសង្សារវ័យ៥៥ឆ្នាំ ឡើងឋានសួគ៌នៅក្នុងបន្ទប់ផ្ទះសំណាក់អង្ករស្រែ ស្ថិតនៅភូមិ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។ ក្រោយពីប្រតិបត្តិការហើយម្តងក៏គាំបេះដូងថប់ដង្ហើមត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែសម្ពាធឈាមឡើងខ្លាំងពេកមិនអាចសង្គ្រោះបានក៏ស្លាប់គួរឱ្យសោកស្តាយកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ មីនា ២០១២ ហើយត្រូវបានក្រុមសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីទាំងយប់ ។
តាមការឱ្យដឹងពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម ប្រាប់ថា បុរសចំណាស់ខាងលើបានជិះម៉ូតូចេញពីផ្ទះមួយកន្លែងនៅក្នុងក្រុងកំពង់ចាម ទៅជួបនឹងស្ត្រីអតីតសង្សារចាស់ម្នាក់អាយុ៥៥ឆ្នាំ នៅម្តុំវត្តដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយក៏ឌុបគ្នាទៅកាន់ផ្ទះសំណាក់អង្ករស្រែ ។ ក្រោយពីបានក្រេបទឹកឃ្មុំដែលសេះសល់សម្រាប់ឆាកជីវិតចុងក្រោយហើយ បុរសឈ្មោះ «ថ.ល.ស» ក៏ស្រាប់តែមិនស្រួលខ្លួនចង់គាំងបេះដូង (ថប់ដង្ហើម) ហើយភ្លាមៗនោះស្ត្រីជាសង្សារចាស់ប្រញាប់ប្រញាល់ហៅគេឯងឱ្យជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ តែដោយសារសម្ពាធឈាមឡើងខ្ពស់ពេក គ្រូពេទ្យមិនអាចជួយសង្គ្រោះបានជាហេតុបណ្តាលឱ្យបុរសចំណាស់នោះស្លាប់ទាំងមិនអស់ចិត្ត ។
ស្ត្រីដែលជាអតីតសង្សារចាស់របស់បុរសវ័យចំណាស់ខាងលើបានឆ្លើយប្រាប់សមត្ថកិច្ចថា ពេលចូលមកដល់បន្ទប់ផ្ទះសំណាក់បុរសនោះបានចាប់ផ្តើមប្រតិបត្តិការឡើងឋានសួគ៌រហូតបានសម្រេចម្តង ក៏ចូលបន្ទប់ទឹកសម្អាតខ្លួនប្រាណ ហើយដេកលើគ្រែធម្មតា បន្តិចក្រោយមកស្រាប់តែមិនស្រួលខ្លួនធ្វើទុកក្នុងបេះដូង និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តតែម្តង៕
ចែករំលែកព័តមាននេះ