តាមទីភ្នាក់ងារព័ត៌មានរបស់ថៃ កាលពីថ្ងៃទី១៥ មីនា កន្លងមកផ្សាយឱ្យដឹងថា នៅឯគេហដ្ឋានមួយរបស់លោកយាយ ឡាអេវូត ឆាលើយម៉ាក អាយុ៨៤ឆ្នាំ ក្នុងភូមិណងមុន ស្រុកដនភុត ខេត្តស្រះបុរី បានប្រទះឃើញតុកកែមួយក្បាលតោងពិតានផ្ទះ និងសំយុងក្បាលចុះយកជើងខាងមុខសំពះ ។ គួរបញ្ជាក់ថា នៅជាន់ខាងលើនៃគេហដ្ឋាន នេះជាទីតាំងអាសនៈសម្រាប់គោរពបូជា ហើយខណៈពេលគ្រប់គ្នាកំពុងអង្គុយលេងនៅលើគ្រែក្រោមផ្ទះ ស្រាប់តែអ្នកស្រី កូស៊ុម ឆាលើយម៉ាក អាយុ៥៥ឆ្នាំ ជាកូនស្រីក្រឡេកឃើញតុកកែមួយក្បាលសំយុងក្បាលដោយយកជើងខាងមុខសំពះតោងជាប់រនូតឈើ ។
អ្នកស្រី កូស៊ុម និយាយថា ដំបូងគាត់គិតថា ជាតុកកែដែលងាប់ ក៏មិនចាប់អារម្មណ៍ ប៉ុន្តែនៅពេលពិនិត្យមើលយ៉ាងយូរ ក៏ឃើញវាកម្រើកខ្លួន ។ នៅពេលដំណឹងនេះ លេចឮដល់អ្នកស្រុក ពួកគេក៏នាំគ្នាមកមើលយ៉ាងច្រើនកុះករ និងមានជំនឿថា ជាប្រផ្នូលផ្តល់សំណាងដ៏ល្អ ហើយ បានកំណត់យកលេខផ្ទះ៧១ របស់លោកយាយ ឡាអៀត ធ្វើជាលេខពិសេស ដើម្បីទិញឆ្នោតផ្សងសំណាង ដែលចេញនៅថ្ងៃទី១៦ មីនា ៕
ចែករំលែកព័តមាននេះ