រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនដៃដល់កាប់ចំនួន៦កាំបិត បងប្អូននាំទៅមន្ទីរពេទ្យដេរបានជាង១០ថ្នេរសុំគ្រូពេទ្យត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ មីនា ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះកល សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជាជាងសំណង់ ស្នាក់នៅផ្ទះលេខ៦០៤ វិថីកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវសាច់ញាតិប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅធ្វើការសំណង់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ លុះវេលាម៉ោងជាង៨យប់ ត្រឡប់ពីធ្វើការវិញ ស្រាប់តែឃើញឈាមហូរស្រោចពេញខ្លួនប្រាណ ហើយប្រាប់ថា ផឹកស៊ីជាមួយមិត្ដភក្ដិ៤ទៅ៥នាក់ ត្រូវគេកាប់រងរបួសតែម្ដង ។ ប្រភពដដែលបន្ដទៀតថា ពេលជនរងគ្រោះមានរបួសពេញខ្លួនបែបនេះបងប្អូនបាននាំទៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានដេរមុខរបួសឱ្យ ប៉ុន្ដែពេលកំពុងតែដេរបានជាង១០ថ្នេរ ស្រាប់តែជនរងគ្រោះស្ទុះងើបមិនព្រមឱ្យគ្រូពេទ្យដេររបួសទៀតទេ ដោយប្រាប់ថា សុំត្រឡប់ទៅផ្ទះវិញហើយ។
ទោះបីជាយ៉ាងណា ទាក់ទិននឹងការកាប់ប៉ុនប៉ងសម្លាប់នេះ មិនដឹងបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដទេ ដោយសារជនរងគ្រោះមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ គ្រាន់តែបង្ហើបថា ផឹកស៊ីស្រវឹងត្រូវជនដៃដល់កាប់តែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ