រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល១បានឆ្មក់ចូលបន្ទប់លេខ១០១ក្នុងផ្ទះសំណាក់ យីហោឥណ្ឌូចិន ដែលមានទីតាំងលើ កំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ បានឃាត់ខ្លួនបុរសជនជាតិញូវហ្សេឡែនម្នាក់ដែលកំពុងប្រព្រឹត្តជាក់ស្តែងរួមភេទជាមួយកុមារខ្មែរ ។
លោកវរសេនីយ៍ទោកែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ កម្លាំងនគរបាលជំនាញនិងមានការឯកភាពពីលោកសុខរឿនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១ បានឆ្មក់ចូលបន្ទប់លេខ១០១ ក្នុងផ្ទះសំណាក់ឥណ្ឌូចិន បានជួបប្រទះបុរសជនជាតិញូវហ្សេឡែនម្នាក់និងកុមារខ្មែរម្នាក់កំពុងតែប្រព្រឹត្តអនាចារ ទាំងកាយអាក្រាត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សដើម្បីសាកសួរ ។
ជនសង្ស័យប្រព្រឹត្តិអនាចារលើកុមារកម្ពុជាហើយត្រូវបានឃាត់ខ្លួននេះឈ្មោះLEUTHOLD H.STEPHAN ជនជាតិញូវហ្សេឡែន ភេទប្រុសអាយុ៨១ឆ្នាំ កាន់លិខិតឆ្លងដែនលេខF3333606 ចូលកម្ពុជាជាអ្នកទេសចរ។
លោកវរសេនីយ៍ត្រីកែវ ធា បានរំលឹកថា បុរសជនជាតិញូវហ្សេឡែនខាងលើត្រូវបាននគរបាលប្រទេសថៃចាប់ឃាត់ខ្លួនកាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១០ ពីបទប្រើប្រាស់គ្រឿងញៀននិងប្រព្រឹត្តអនាចារលើកុមារថៃហើយត្រូវបានតុលាការឲ្យនៅក្រៅឃុំ ។ ក្រោយមកជននេះមានវត្តមាននៅខេត្តព្រះសីហនុ រួចគេនៅតែមិនចោលក្បួនដោយបានលួចប្រព្រឹត្តអនាចារលើកុមារកម្ពុជានិងត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១០ បញ្ជូនទៅតុលាការ ខេត្ត។ តុលាការបានកាត់ឲ្យជាប់ទោស២៤ខែ អនុវត្តនៅក្នុងគុក១០ខែនិងព្យួរទោស១៤ខែ ។
ក្រោយពីចេញពីគុកមកក៏ត្រូវបណ្តេញចេញនៅក្នុងកំឡុងខែតុលា ឆ្នាំ២០១១ មិនអនុញ្ញាតឲ្យចូលកម្ពុជាទៀតឡើយ ។ ស្រាប់តែនៅក្នុងខែមីនា ឆ្នាំ២០១២ ជនសង្ស័យឈ្មោះLEUTHOLD H. STEPHAN បានលេចមុខនៅរាជធានីភ្នំពេញជាថ្មីនិងព្យាយាមទាក់ទងកុមារកម្ពុជាយកទៅរួមភេទ តាមសណ្ឋាគារ និងផ្ទះសំណាក់ តែមិនត្រូវបានគេជួលឲ្យស្នាក់នៅឡើយ ។ ជននេះបានប្រើរូបភាពនាំកុមារកម្ពុជាម្នាក់ជិះកាណូតទេសចរណ៍តាមដងទន្លេហើយលួចប្រព្រឹត្តអនាចារនៅលើកាណូតតែម្តង បើទោះជាបែបណាក៏ដោយមិនអាចគេចពីកែវភ្នែកនគរបាលជំនាញបានឡើយ។ ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ជនសង្ស័យបាននាំកុមារកម្ពុជាម្នាក់ចូលស្នាក់នៅក្នុងផ្ទះសំណាក់ឥណ្ឌូចិនលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ហើយត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដាក់ការយាមកាមនិងឃ្លាំមើលព្រោះមិនអាចចូលឆែកឆេរផ្ទះសំណាក់នោះបាន ដោយសារពេលយប់។ លុះព្រឹកឡើងវេលាម៉ោង៦និង១០នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ និងយោងតាមការអនុញ្ញាតពីលោកសុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នគរបាលជំនាញឆ្មក់ចូលបន្ទប់លេខ១០១ ក្នុងផ្ទះសំណាក់ឥណ្ឌូចិនស្រាប់តែឃើញបុសជនជាតិញូវហ្សេឡែននិងកុមារកម្ពុជាម្នាក់កំពុងប្រព្រឹត្តអនាចារនិងកាយអាក្រាតដូចគ្នាតែម្តង ។
លោកប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបាននិយាយថា បើតាមការពិនិត្យលិខិតឆ្លងដែនរបស់ជនសង្ស័យខាងលើពុំមានបោះត្រាសមត្ថកិច្ចតាមច្រកព្រំដែនទេ ទំនងជាលួចចូលតាមច្រករបៀងណាមួយហើយ។ ពេលនេះដែរលោកកំពុងតែធ្វើការស្រាវជ្រាវរកមើលតើមានប្រទេសណាខ្លះដែលបានហាមឃាត់មិនឲ្យជនសង្ស័យរូបនោះចូលទៅប្រទេសរបស់គេ ។ ទាក់ទិននឹងការចុះបង្ក្រាបជនបរទេសនាំកុមារខ្មែរចូលផ្ទះសំណាក់ឥណ្ឌូចិនប្រព្រឹត្តអនាចារដែលខុសគោលការណ៍របស់សាលារាជធានីភ្នំពេញក៏ដូចជាសាលាខណ្ឌដូនពេញនេះ ត្រូវបានមន្ត្រីខណ្ឌដូនពេញលើកឡើងថា ផ្ទះសំណាក់នោះនឹងប្រឈមមុខបិទអាជីវកម្មបណ្តោះអាសន្នដើម្បីស្រាវជ្រាវ ។
បច្ចុប្បន្នជនសង្ស័យជនជាតិញូវហ្សេឡែនដែលប្រព្រឺត្តអនាចារលើកុមារនោះ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ