ខេត្តពោធិ៍សាត់ ៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខបានឡើងបាញ់ប្រហារម្ចាស់ផ្ទះចំនួន៤គ្រាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរដែលគេសង្ស័យថា ជារឿងគំនុំ ។ អំពើឃាតកម្មដោយចេតនាតែមិនបានសម្រេចនេះកើត ឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ មីនា ២០១២ នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ។
លោកវរសេនីយ៍ត្រី ភួង សូឡី អធិការនគរបាលស្រុកវាលវែង ឱ្យដឹងថា ជនរងគ្រោះឈ្មោះគ្រុយ ហ៊ីម ហៅម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន៤គ្រាប់ គឺបាតជើងឆ្វេង ជង្គង់ស្តាំ និងចំគូទ២កន្លែងបៀមគ្រាប់ ។ នៅកន្លែងកើតហេតុរកឃើញសំបកគ្រាប់ធុន AK ចំនួន៤ ប៉ុន្តែអាវុធជនមិនស្គាល់មុខនោះយកទៅតាមគេចខ្លួនបាត់។
ស្ត្រីឈ្មោះហង្ស សុខលី អាយុ២០ឆ្នាំ មានកូន៣នាក់ជាភរិយារបស់ជនរងគ្រោះបានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា នៅយប់កើតហេតុបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចក្រុមគ្រួសាររបស់នាងបាននាំគ្នាអង្គុយមើលទូរទស្សន៍ដូចសព្វមួយដង ។ លុះវេលាម៉ោង៩និង៣០នាទីយប់ក៏បិទភ្លើងអំពូលម៉ែត្រប្រើពន្លឺព្រះអាទិត្យ នាំគ្នាដេកតែមិនបានបិទទ្វារទេ ស្របពេលនោះ ស្រាប់តែឮសំឡេងមនុស្សប្រុសស្រែកហៅប្តីរបស់នាងថា «អាម៉ៅៗ» ចម្ងាយពីមាត់ទ្វារប្រហែល៤ម៉ែត្រ ហើយបាញ់ស្រោចមកលើប្តីរបស់នាងចំនួន៤គ្រាប់ រួចគេចខ្លួនបាត់ដោយស្តាប់មាត់មិនដឹងថា ជននោះជានរណាទេ ។
ប្រភពបន្តឱ្យដឹងទៀតថា ភ្លាមៗនោះនាងបើកភ្លើងក៏ឃើញប្តីរបស់នាងដេកននៀលក្នុងថ្លុកឈាមស្នាមរបួសដោយគ្រាប់កាំភ្លើង ក៏ហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៕
ចែករំលែកព័តមាននេះ