រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានស្រឡាញ់ស្ត្រីជាអ្នកលក់នុំបញ្ចុកអស់រយៈពេល១ឆ្នាំមកហើយ ប៉ុន្តែស្រីស្នេហ៍នោះមានប្រុសថ្មីបន្តទៀត និងថែមទាំងនាំគ្នាជិះម៉ូតូដើរលេងធ្វើឱ្យរូបគាត់ផ្ទុះកំហឹងដោយសារតែប្រចណ្ឌបានបើកម៉ូតូតាមធាក់ម៉ូតូផ្តួលច្រងាប់ច្រងិល និងវាយទៅលើស្រ្តីរូបនោះ១ដៃ ហើយត្រូវប៉ូលិសឃាត់ខ្លួន ។ ការប្រើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៩ កុម្ភៈ នៅតាមផ្លូវលេខ៥៩៨ ផ្លូវទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បុរសដែលប្រើហិង្សាត្រូវចាប់ខ្លួនឈ្មោះអេង សាវុធ អាយុ៤១ឆ្នាំ ជាអ្នករត់ម៉ូតូឌុបមានលំនៅភូមិត្រពាំងវែង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត និងស្នាក់នៅផ្ទះជួល សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកស្ត្រីដែលមានស្នេហាត្រីកោណឈ្មោះពេជ្រ ម៉ាលី អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំរង្វង់មូលកាំកូស៊ីធី ភូមិទួលគោក សង្កាត់ទួលសង្កែ និងមានស្រុកកំណើតស្រុកអង្គរជ័យ ខេត្តកំពត ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីពេជ្រ ម៉ាលី ត្រូវបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូឌុបដូចគ្នាឈ្មោះសំ ដែលនាងស្រឡាញ់នោះបានជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ក្រហម ដើរលេងល្អូកល្អើនជាមួយគ្នា ហើយត្រូវឈ្មោះអេង សាវុធ ដែលស្រឡាញ់នាងតាមទាន់ និងប្រទះឃើញនៅតាមផ្លូវលេខ៥៩៨ ក្នុងភូមិទួលគោក ក៏ កើតទៅជាកំហឹងក្រេវក្រោធតែម្តង ។ ដោយសារភ្លើងប្រចណ្ឌឈ្មោះអេង សាវុធ ក៏បានបើកម៉ូតូដេញតាម ហើយធាក់ម៉ូតូផ្តួល បណ្តាលឱ្យដួលច្រងាប់ច្រងិល…ភ្លាមនោះកើតទំនាស់គ្នាយ៉ាងខ្លាំង ហើយខ្លួនបានវាយទៅលើស្ត្រីដែលខ្លួនស្រឡាញ់មួយដៃ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងប្រជាពលរដ្ឋនាំគ្នាជួយរឹត ព្រោះអ្នកទាំងពីរបានរលាត់ដៃជើង ពេលដែលម៉ូតូដួល។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានចុះទៅកន្លែងកើតហេតុនាំខ្លួនជនបង្ក និងស្ត្រីរូបនោះ ទៅប៉ុស្តិ៍ ដើម្បីសាកសួរ ។ ចំណែកបុរសម្នាក់ទៀតដែលបានឌុបស្ត្រីរូបនោះគេចបាត់ ។
តាមសម្តីឈ្មោះអេង សាវុធ បានឱ្យដឹងថា ខ្លួនមានគ្រួសារ និងមានកូនប្រុសស្រីចំនួន៣នាក់ ហើយបានស្រឡាញ់ឈ្មោះពេជ្រ ម៉ាលី ជាអ្នកលក់នំបញ្ចុករយៈពេល១ឆ្នាំមកហើយ ស្រាប់តែស្ត្រីដែលខ្លួនស្រឡាញ់ទៅមានប្រុសផ្សេងទៀតឈ្មោះសំ ជាអ្នករត់ម៉ូតូឌុបដូចគ្នា ទើបធ្វើឱ្យខ្លួនខឹងក្រេវក្រោច និងប្រើហិង្សាតែម្តង៕
ចែករំលែកព័តមាននេះ