ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​ចែក​អំណោយ​ប្រជា​ពល​រដ្ឋ​១,០៣៧គ្រួសារ

15 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ លោក​ជំទាវ​ប៊ុន រ៉ា​នី​ ហ៊ុន​ សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​បាន​នាំ​យក​អំណោយ​​ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋខ្មែរ​​អ៊ិ​ស្លាម​ជា​ជនចាស់​ជរា គ្មាន​ទី​ពឹង​ អ្នក​ផ្ទុក​មេរោគ​​អេដស៍​ កុមារ​កំព្រា​និង​ជន​ពិការ​ចំនួន​១.០៣៧​គ្រួសារ​មក​ពីខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ឫស្សី​កែវ ​។​ ពិធី​ចែក​អំណោយ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា​នៅ​ក្នុង​បរិ​វេណ​អនុវិទ្យា​ល័យ​ហ៊ុន សែន ព្រែក​ប្រា ។ អំណោយ​ទាំង​នោះ​ក្នុង​មួយ​គ្រួសារៗ ​ទទួល​បាន​អង្ករ​៣០​គីឡូ​ក្រាម​ ត្រី​ខ​៥កំប៉ុង​ សារុង​១ ក្រមា១​ មុង​១​ ភួយ​១​ និង​ទឹក​បរិ​សុទ្ធ​ឱរ៉ាល់​១​កេស​ ។ លើស​ពី​នេះ​ជន​ពិការ​ចំនួន​៧​នាក់​ទៀត​ម្នាក់ៗ​ ទទួល​បាន​រទេះ​ជន​ពិការ​មួយ​គ្រឿង​ ។ ​កាក​បាទ​ក្រហម​កម្ពុជា​​ទទួល​បាន​ថវិកា​ពី​សប្បុរស​ជន​នានា​ដើម្បី​ទិញ​ជា​ស្បៀង​ និង​សំភារ​ទាំង​នោះ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ ​។ ចំពោះ​ទឹក​បរិ​សុទ្ធ​ឱរ៉ាល់​ជា​អំណោយ​របស់​កាក​បាទ​ក្រហម​កម្ពុជា​សាខា​រាជ​ធានី​ភ្នំពេញ​ឯរទេះ​ជន​ពិការ​ជា​អំណោយ​របស់​ក្រុម​ហ៊ុន​ ABC TISSUE PRODUC TION PTY.Ltd មក​ពី​ប្រទេស​អូស្ត្រា​លី ​។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន បាន​អំពាវ​នាវ​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ឱ្យខិត​ខំ​អប់​រំ​ណែ​នាំ​កូនៗ​ឱ្យ​រស់​នៅ​មាន​សីល​ធម៌ ​ចេះ​គោរព​ស្រលាញ់​ចាស់​ទុំ​ គ្រូ​បង្រៀន​ មិត្តភក្តិ​ បើ​រស់​នៅ​អត់​សីល​ធម៌​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ជន​ពាល​ ប្រើ​ប្រាស់​គ្រឿង​ញៀន​ ប្រើ​ប្រាស់​អំពើ​ហិង្សា​ដើម្បី​ដោះ​ស្រាយ​ទំនាស់​​ ។ លោក​ជំទាវ​បាន​អំពាវ​នាវ​ដល់បុរសៗ​ទាំង​អស់​​កុំ​ឱ្យ​ចូល​ចិត្ត​ប្រឡែង​លេង​នឹង​ល្បែង​ស្នេហា​ក្រៅ​ផ្ទះ​ ដែល​នាំ​ឱ្យ​ចំលង​មេរោគ​អេដស៍​ចូល​ផ្ទះ​សំលាប់​ប្រពន្ធ​កូន​ និង​ខ្លួន​ឯង ​ធ្វើ​ឱ្យ​គ្រួសារ​វិនាស​សូន្យ និង​សូម​បុរសកុំ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ធ្វើ​ឱ្យ​ប្រពន្ធ​កូន​ខ្មាសញាតិ​មិត្ត​ជិត​ខាង ។​ អំពើ​ហិង្សា​មិន​មែន​ជា​មធ្យោ​បាយ​ដោះ​ស្រាយ​បញ្ហា​ទេ​ ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​បន្ថែម​បញ្ហា​មួយ​ជាន់​ទៀត​ធ្វើ​ឱ្យ​បញ្ហា​ជាន់​លើ​បញ្ហា​កាន់​តែ​មិន​អាច​ដោះ​ស្រាយ​បាន ។

លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន ​បន្តថា រចនា​​​សម្ព័ន្ធ​កាក​បាទ​ក្រហម​មាន​រហូត​ទៅ​ដល់​ថ្នាក់​ស្រុក​ ថ្នាក់​ខណ្ឌ​ទៅ​ហើយ​ ដូច្នេះ​អាជ្ញា​ធរ​ដែន​ដី​មិន​ត្រូវ​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ទេ​ ។ កាល​ដើម​ឡើយ​ប្រជា​ពល​រដ្ឋ​ជន​បទ​តែង​តែ​​បន់​ស្រន់​ដល់​ទេវតា​សុំ​ទឹក​ភ្លៀង​ដើម្បី​ធ្វើ​ស្រែ​ចំការ​បង្ក​បង្កើន​ផល​ តែ​បច្ចុប្បន្ន​គេ​ឃើញ​មាន​ទេវតា​រស់​កំពុង​រស់​នៅ​ជាមួយ​ប្រជា​ពល​រដ្ឋ​ ជួយ​ប្រជា​ពល​រដ្ឋ​ធ្វើ​ឱ្យ​មាន​ទឹក​គ្រប់​រដូវ​ទៅ​ដល់​វាល​ស្រែ​​នៅ​តាម​ប្រឡាយ​នានា​នៅ​ជនប​ទ​ ។ ​ទេវតា​ទាំង​នោះ​គឺ​គ្មាន​នរណា​ក្រៅ​ពី​សម្តេច​ទាំង​បី​របស់​គណ​បក្ស​ប្រជា​ជនទេ​ដែល​បាន​ជួយ​ធ្វើ​ឱ្យ​មាន​ទឹក​នៅ​តាម​ប្រឡាយ​សំរាប់​ឱ្យ​ប្រជា​ជន​បង្ក​បង្កើន​ផល ៕