រថភ្លើងជាយក្រុងមួយដែលដឹកមនុស្សពេញណែនកាលពីព្រឹកថ្ងៃទី២២ កុម្ភៈ បានបុកចិញ្ចើមផ្លូវក្នុងស្ថានីយរថភ្លើងមួយកន្លែងនាកណ្តាលមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងប៊ូណូស៊ែរ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៤៩នាក់ និងរបួសយ៉ាងតិច៦០០នាក់ ក្នុងនោះមួយចំនួនត្រូវជាប់ក្នុងទូរថភ្លើងទាល់តែពួកអ្នកជួយសង្គ្រោះប្រើឧបករណ៍គោះយកចេញ។
គ្រោះថ្នាក់នេះជាគ្រោះថ្នាក់រថភ្លើងធ្ងន់ធ្ងរបំផុតលើកទី៣ នៅអាហ្សង់ទីន បន្ទាប់ពីគ្រោះថ្នាក់នៅបេណាវីដេស ជាយក្រុងភាគខាងជើងរដ្ឋធានីប៊ូណូស៊ែរ ដែលបណ្តាលឱ្យមនុស្សស្លាប់២៣៦នាក់ កាលពីឆ្នាំ១៩៧០ និងគ្រោះថ្នាក់កាលពីឆ្នាំ១៩៧៨ ក្នុងខេត្តសាន់តាហ្វេ បណ្តាលឱ្យមនុស្សស្លាប់៥០នាក់។ អ្នកនាំពាក្យម្នាក់របស់ប៉ូលិសអាហ្សង់ទីន លោកណឺស្ទ័រ រ៉ូឌ្រីហ្គេស រាយការណ៍ក្នុងសន្និសីទសារព័ត៌មានមួយនៅឯស្ថានីយរថភ្លើង ONCE ដែលកើតមានគ្រោះថ្នាក់នេះថា មានមនុស្សស្លាប់ដល់៤៩នាក់ ក្នុងនោះមនុស្សពេញវ័យចំនួន៤៨នាក់ និងមិនទាន់ពេញវ័យម្នាក់ ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា គ្រោះថ្នាក់នេះកើតមាននាវេលាម៉ោង៨និង៣៦នាទី ម៉ោងក្នុងស្រុកពេលមានមនុស្សធ្វើដំណើរច្រើនកុះករ ។ រថភ្លើងដែលរត់រវាងជាយក្រុងភាគខាងលិចនៃទីក្រុងប៊ូណូស៊ែរ និងភាគកណ្តាលក្រុងដឹកអ្នកដំណើរប្រមាណជា២.០០០នាក់ ។ ធ្វើអាជីវកម្មដោយក្រុមហ៊ុនឯកជន TBA រថភ្លើងនេះបានចូលមកក្នុងស្ថានីយ ONCE ដោយពុំចាប់ហ្វ្រាំងមុនពេលបុកចិញ្ចើមនាខាងចុងផ្លូវ ។
យោងតាមអាជ្ញាធរថា ក្នុងចំណោមអ្នករបួស៦០០នាក់ ដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ អ្នករបួស២០០នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ពួកអ្នកជួយសង្គ្រោះប្រើពេលដល់៤ម៉ោង ដើម្បីគោះទាញយកជនរងគ្រោះ ដែលកៀបជាប់ក្នុងទូរថភ្លើង២ខាងមុខគេ ដោយទូទីមួយបុកទម្លុះចូលក្នុងទូទី២ ដល់ទៅជម្រោះ៦ម៉ែត្រ ៕


ចែករំលែកព័តមាននេះ