អគ្គនាយករបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ លោកយូគីយ៉ាអាម៉ាណូ ថ្លែងកាលពីថ្ងៃទី២២ កុម្ភៈ ថា ពុំមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ស្តីពីសំណុំរឿងនុយក្លេអ៊ែររបស់ប្រទេសនេះឡើយ ក្នុងឱកាសនៃទស្សនកិច្ចនាពេលថ្មីៗនេះ របស់មនុស្សមួយក្រុមរបស់ទីភ្នាក់ងារនោះនៅទីក្រុងតេហេរ៉ង់។ លោកអាម៉ាណូ អះអាងបែបនេះ ពេលអ្នកជំនាញការមួយក្រុមរបស់ទីភ្នាក់ងារបរមាណូអន្តរជាតិវិលត្រឡប់ពីអ៊ីរ៉ង់វិញ ក្រោយជួបចរចាលើកទី២រយៈពេល២ថ្ងៃជាមួយបណ្តាអ្នកទទួលខុសត្រូវអ៊ីរ៉ង់ ។
ការចរចានេះធ្វើឡើងក្រោយការចរចាលើកមុនកាលពីដំណាច់ខែមករា កន្លងមកនេះ។ ក្នុងសេចក្តីប្រកាសមួយលោកអាម៉ាណូ ថ្លែងថា ការខិតខំប្រឹងប្រែងនានាត្រូវបានធ្វើ ដើម្បីប៉ុនប៉ងឱ្យសម្រេចបានកិច្ចព្រមព្រៀងមួយលើឯកសារអំពីការបំភ្លឺបញ្ហានានាដែលពុំទាន់បានបំភ្លឺក្នុងក្របខណ្ឌនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពិសេសបញ្ហាទាំងឡាយដែលទាក់ទិនដល់ទំហំយោធាជាយថាហេតុ។ លោកមានប្រសាសន៍ថា គួរឱ្យសោកស្តាយដែលកិច្ចព្រមព្រៀងមួយពុំត្រូវបានចុះហត្ថលេខាលើឯកសារនេះ៕
ចែករំលែកព័តមាននេះ