នាយករដ្ឋមន្ត្រីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃទី២១ កុម្ភៈ បានពង្រឹងអំណាចរបស់លោក ខណៈសល់ពេល១៥ថ្ងៃទៀតដល់ថ្ងៃបោះឆ្នោតប្រធានាធិបតី ដោយសន្យាដំឡើងប្រាក់បៀវត្សឱ្យដល់ប៉ូលិសក្រុងមូស្គូ ដែលនៅទីនោះពួកប្រឆាំងលោកតែងរៀបចំធ្វើបាតុកម្មថ្មីៗ។ លោកពូទីន ដែលអាចដណ្តើមបានអាណត្តិថ្មីរយៈពេល៦ឆ្នាំនៅវិមានក្រឹមឡាំងក្នុងការបោះឆ្នោតនាថ្ងៃទី៤ មីនា ខាងមុខនេះ បានប្រឈមមុខនឹងបាតុកម្មនានាចាប់តាំងពីខែធ្នូមក អាស្រ័យហេតុនេះហើយបានជាលោកស្វែងរកការជួយទ្រទ្រង់ពីកម្លាំងសំខាន់ៗ ជាពិសេសក្បាលម៉ាស៊ីនសន្តិសុខរុស្ស៊ី។
ពេលលោកទៅទស្សនាសាលាប៉ូលិសមួយនៃតំបន់អាល់តៃនាដំណាក់កាលចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកនៅស៊ីបេរី លោកពូទីន អាយុ៥៩ឆ្នាំ មានប្រសាសន៍ថា ប៉ូលិសក្រុងមូស្គូខុសប្លែកពីប៉ូលិសតំបន់ ដទៃៗទៀត ដោយលោកសន្យាបន្ថែមប្រាក់បៀវត្សឱ្យប៉ូលិសក្រុងមូស្គូ។ នៅសាលាប៉ូលិស BARNAUL មុនបណ្តាសិស្សប៉ូលិស បណ្តាបុគ្គលិក ព្រមទាំងបណ្តាអ្នកទទួលខុសត្រូវនៃក្រសួងមហាផ្ទៃលោកពូទីន ថ្លែងថា មានបញ្ហានៃការបង្កើនប្រាក់បៀវត្សក្នុងជួរប៉ូលិសនៃតំបន់មួយចំនួនជាពិសេសនៅក្រុងមូស្គូ និងនៅភាគខាងជើងរុស្ស៊ី ។
អតីតភ្នាក់ងារ KGB រូបនេះដែលអាចវិលមកធ្វើប្រមុខរដ្ឋជាថ្មីរយៈពេល៦ឆ្នាំទៀត បានសន្យាថា នឹងធានាដល់ស្ថេរភាព និងសាមគ្គីភាពរបស់រដ្ឋាភិបាល។ ប្រឈមមុខនឹងការតវ៉ាកាន់តែធំនានា ក្រោយការបោះឆ្នោតសភារុស្ស៊ីកាលពីថ្ងៃទី៤ ធ្នូ លោកវ៉្លាឌីមៀរ ពូទីន បានចោទប្រកាន់ពួកមហាអំណាចបរទេសថា ជួយពួកប្រឆាំងក្នុងការរៀបចំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ៕
ចែករំលែកព័តមាននេះ