ខេត្តបន្ទាយមានជ័យ ៖ កាលពីពេលថ្មីៗនេះសមត្ថកិច្ចប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានរឹបអូសយករថយន្តនីស្សាន់ចង្កូតស្តាំមួយបាំងកន្លះមួយគ្រឿងដែលឈ្មួញនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀង ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ រថយន្តនោះឈ្មួញបានយកទៅជួសជុល និងបាញ់ថ្នាំនៅយានដ្ឋានក្នុងភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ ។
លោកវរសេនីយ៍ត្រី ចាប សុផារិទ្ធ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានយើងថា រថយន្តនីស្សាន់មួយបាំងកន្លះនោះពណ៌ស្លាបក្អែក ស៊េរី១៩៩៦ លេខតួ ATCD២១E៦៩៥៧៥ លេខម៉ាស៊ីន BD ២៥T២១៨៧៤៩ ត្រូវឈ្មួញបំពាក់ស្លាកលេខក្លែងក្លាយបន្ទាយមានជ័យ២A ៣៤៨៧ ដើម្បីបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវ ។ ក្រោយពីបានទទួលព័ត៌មានច្បាស់ការណ៍រឿងឈ្មួញលួចនាំចូលខុសច្បាប់មកសមត្ថកិច្ចជំនាញបានទៅរឹបអូសរថយន្តនោះនៅយានដ្ឋាន ខណៈជាងកំពុងបាញ់ថ្នាំនៅភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១ កញ្ញា ឆ្នាំ២០១០ ។ ចំពោះឈ្មួញនាំចូលរថយន្តនោះតាមការឱ្យដឹងថា ឈ្មោះហៅក្រៅ៤០០ជាឈ្មួញនាំចូលរថយន្តចង្កូតស្តាំពីប្រទេសថៃយ៉ាងសកម្មនាពេលកន្លងមក ។ ពេលសមត្ថកិច្ចទៅដល់កន្លែងជួសជុលរថយន្តនោះពុំឃើញឈ្មួញទេ គឺប្រហែលជាដឹងខ្លួនមុនគេចខ្លួនបាត់ទៅ ។ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធឃុបឃិតគ្នានាំចូលរថយន្តនោះឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកក្នុងប្រទេសខ្មែរ ។
លោកឧត្តមសេនីយ៍ត្រីហ៊ុន ហ៊ាន ស្នងការនគរបាលខេត្តបញ្ជាក់ឱ្យដឹងថា កន្លងមកលោកបានទទួលបញ្ជាពីថ្នាក់លើឱ្យបិទច្រករបៀងខុសច្បាប់ក្នុងទឹកដីខេត្តបន្ទាយមានជ័យដែលឈ្មួញខិលខូចឃុបឃិតជាមួយសមត្ថកិច្ចមួយចំនួននាំទំនិញគ្រប់ប្រភេទខុសច្បាប់ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា ។ ច្រករបៀងទាំងនោះបានបិទជាស្ថាពរហើយដើម្បីសមត្ថកិច្ចមានភាពងាយស្រួលក្នុងការគ្រប់គ្រងក្តាប់ឱ្យបានរាល់សភាពការណ៍បទល្មើសឆ្លងដែនខុសច្បាប់ ។ តាំងពីនោះមកបទល្មើសឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានការថយចុះជាបណ្តើរៗ និងសមត្ថកិច្ចបានទប់ស្កាត់ទាន់ពេលវេលាទៀតផង ។ សំរាប់រថយន្តដែលឈ្មួញនាំចូលលើកក្រោយនេះសមត្ថកិច្ចប៉ូលិសជំនាញតាមដានស្រាវជ្រាវទើបឈានដល់ការរឹបអូសតែម្តង ។ រថយន្តនោះត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ហើយសមត្ថកិច្ចនឹងស្រាវជ្រារកឈ្មួញខិលខូច និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ