នាងអេនណា គូនីកូវ៉ា អតីតកីឡាការិនីតឺន្នីសរបស់រុស្ស៊ី បានប្រកាសលក់ភូមិគ្រឹះដ៏ស្រស់ស្អាតក្នុងតំបន់ម៉ៃអាមី សហរដ្ឋអាមេរិក ក្នុងតម្លៃ៧,៤លានដុល្លារ ក្រោយពីធ្លាប់ប្រកាសលក់ភូមិគ្រឹះខាងលើកាលពីឆ្នាំមុនក្នុងតម្លៃខ្ពស់ ប៉ុន្តែគ្មានអតិថិជនចាប់អារម្មណ៍ ។ អតីតទេពអប្សរក្នុងមជ្ឈដ្ឋានតឺន្នីសរូបនេះដែលបច្ចុប្បន្នកំពុងមានទំនាក់ទំនងជាមួយលោកអេនរីកេ ស៊ីហ្គេលសៀស កំពូលតារាសម្តែងជនជាតិអេស្ប៉ាញ បានទិញភូមិគ្រឹះខាងលើក្នុងតម្លៃ៥លានដុល្លារ កាលពីឆ្នាំ២០០០ ខណៈពេលដែលរូបនាងស្ថិតនៅក្នុងលំដាប់កំពូលនៃមជ្ឈដ្ឋានតឺន្នីស ។
ភូមិគ្រឹះមួយនេះកសាងនៅលើផ្ទៃដី៦.៦៣០ហ៊្វូតការ៉េ (ប្រហែល២.០០០ម៉ែត្រការ៉េ) ដោយមានបន្ទប់ដេកចំនួន៧ និងបន្ទប់ទឹក៨ រួមមានទាំងកំពង់ផែនាវា និងរោងចតនាវានៅក្នុងភូមិគ្រឹះផងដែរ ។ នៅបរិវេណជុំវិញភូមិគ្រឹះសំបូរដោយអាងទឹក និងមានផ្ទះសំណាក់ចំនួន២សម្រាប់អ្នកដែលមកទស្សនកិច្ច រួមទាំងមានជំនឿចិត្តថា ជាកម្មសិទ្ធិផ្ទាល់ខ្លួនដ៏ខ្ពង់ខ្ពស់អាចរៀបចំពិធីផ្សេងៗបានដោយមានទំនុកចិត្ត ។
កាលពីឆ្នាំ២០១១ អតីតកីឡាការិនីតឺន្នីសលំដាប់ទី៨ នៅលើពិភពលោករូបនេះ បានប្រកាសលក់ភូមិគ្រឹះខាងលើក្នុងតម្លៃ៩,៤លានដុល្លារ ប៉ុន្តែមិនទាន់មានអតិថិជនចាប់អារម្មណ៍ និងជាចុងក្រោយនេះបានបញ្ចុះមកនៅត្រឹម៧,៤លានដុល្លារ ៕




ចែករំលែកព័តមាននេះ