ជើងឯកហ្វមមូឡាវ័នពិភពលោកឆ្នាំ២០០៧គីមី រ៉េកកូណិនគឺជាអ្នកបើកបរលឿនជាងគេបំផុតនៅក្នុងការប្រណាំងកំដៅសាច់ដុំមុនរដូវកាលនាទីក្រុង Jerez de la Fronteraប្រទេសអេស្ប៉ាញបន្ទាប់ពីចូលដល់ទីព្រ័ត្រមុនគេ។ ការប្រណាំងនៅទីលានហ្វមមូឡាវ័ន Circuito de Jerezកាលពីថ្ងៃទី៧ កុម្ភៈ ។ នៅក្នុងការប្រណាំងដែលមាន៧២ជុំ រ៉េកកូណិនបានប្រើអស់ថិរវេលា ១នាទីនិង១៩.៦៧០វិនាទីដណ្តើមបានការនាំមុខគេក្នុងថ្ងៃដំបូងនៃការប្រណាំងដែលមានរយៈពេល៤ថ្ងៃ។
កីឡាករវ័យ៣២ឆ្នាំរូបនេះបានថ្លែងថា៖«វាជាថ្ងៃវិជ្ជមានមួយ ។ ពេលវេលាក្នុងជុំនីមួយៗមិនមានបញ្ហាចោទទេ។ ខ្ញុំសប្បាយចិត្តជាមួយនឹងលំនឹងរថយន្ត។ វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អហើយការពិតទៅយើងពុំបានជួបបញ្ហាធំដុំណាមួយឡើយ»។ សម្រាប់រ៉េកកូណិន នេះគឺជាលើកទី១ហើយគិតពីឆ្នាំ២០០៩មកដែលគេបើកបររថយន្តហ្វមមូឡាវ័ន។ កីឡាករអង់គ្លេស Paul di Resta បានក្លាយជាអ្នកបើកបរលឿនលំដាប់ទី២បន្ទាប់ពីគេបានបញ្ជារថយន្តក្រុមខ្លួន Force Indiaចូលដល់ទីព្រ័ត្រក្នុងថិរវេលា ១នាទីនិង១៩.៧៧២វិនាទី។ អ្នកបើកលឿនលំដាប់ទី៣បានទៅលើកីឡាករអាល្លឺម៉ង់ នីកូ រ៉ូសបឺក។ ជាមួយនឹងរថយន្ត Mercedesរបស់ខ្លួន រ៉ូសបឺកបានប្រើអស់ថិរវេលា១នាទីនិង២០.២១៩វិនាទី ។
កីឡាករជើងខ្លាំងលំដាប់ពិភពលោករបស់អាល្លឺម៉ង់ម្នាក់ទៀត Michael Schumacherបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៦តាមពីក្រោយកីឡាករអូស្ត្រាលី ម៉ាក វេបប៊័រនិងដានៀល រីស៊ីយ៉ាដូ ។ ចំណែកម្ចាស់ជើងឯកពិភពលោក២ឆ្នាំជាប់ៗគ្នាសេបាស្ទៀន វេតទែលគ្រោងនឹងមកចូលរួមនៅអេស្ប៉ាញនៅថ្ងៃសុក្រ។ កីឡាករអាល្លឺម៉ង់រូបនេះនឹងសាកល្បងរថយន្ត RB8ថ្មីសន្លាងរបស់ខ្លួនជាមួយមិត្តរួមក្រុមម៉ាក វេប៊័រ ។
ការប្រណាំងសាកល្បងនេះនឹងបន្តរហូតដល់ថ្ងៃសុក្រ ហើយការប្រណាំងបែបនេះនឹងធ្វើជាថ្មីម្តងទៀតនៅទីក្រុងបាសេឡូណាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ចុងខែនេះ និងពីថ្ងៃទី១ដល់ថ្ងៃទី៤ខែមីនា ពោលគឺមុនការចាប់ផ្តើមរដូវកាលថ្មីនាថ្ងៃទី១៨មីនានៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ៕




ចែករំលែកព័តមាននេះ